ឫសដូងបាត សំដៅទៅលើស្ថានភាពជំងឺមួយ កើតឡើងនៅពេលសរសៃឈាមនៅជុំវិញរន្ធគូទ និងក្រោមរន្ធគូទហើម និងរីកធំ។ ជំងឺឫសដូងបាត អាចបណ្ដាលឲ្យរមាស់ ឈឺ និងមានហូរឈាមនៅពេលបន្ទោបង់លាមក។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ឫសដូងបាត សំដៅទៅលើស្ថានភាពជំងឺមួយ កើតឡើងនៅពេលសរសៃឈាមនៅជុំវិញរន្ធគូទ និងក្រោមរន្ធគូទហើម និងរីកធំ។ ជំងឺឫសដូងបាត អាចបណ្ដាលឲ្យរមាស់ ឈឺ និងមានហូរឈាមនៅពេលបន្ទោបង់លាមក។
ក្នុងកិច្ចពិភាក្សាអប់រំ ដែលរៀបចំដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សិង្ហបុរី កាលពីពេលកន្លងទៅ នៅទីក្រុងភ្នំពេញ លោកវេជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំ មកពីប្រទេស សិង្ហបុរី បានពន្យល់លម្អិតអំពីរោគសញ្ញា មូលហេតុ និងដំណាក់កាលទាំង៤ នៃជំងឺឫសដូងបាត។
១- រោគសញ្ញាជំងឺឫសដូងបាត
– ពិបាកបន្ទោរបង់លាមក (រាក ទល់លាមក និងធ្លាក់ឈាម)
– លាមកមានរាងសំប៉ែតស្តើង
– រមាស់នៅជំុវិញរន្ធគូថ
– ហើមពោះ ឆ្អល់ពោះ
– ឈឺចាប់ រមាស់ ក្រហាយនៅទ្វារលាមក
– ឈឺចង្កេះខ្នង ចុករួយដៃជើង រសេះរសោះអស់កម្លាំង។
២- មូលហេតុនាំឲ្យកើតឫសដូងបាត
ជំងឺឫសដូងបាត កើតឡើងដោយសារសម្ពាធឈាមឡើងខ្ពស់ ត្រង់ផ្នែកខាងចុងនៃពោះវៀនធំ ដោយមានមូលហេតុជាច្រើនដូចជា៖
– រាក និងទល់លាមកញឹកញាប់
– អង្គុយយូរ
– មានផ្ទៃពោះ (ការប្រឹងនៅពេលសម្រាលកូន)
– ញ៉ាំអាហារហឹរ
– ផឹកគ្រឿងស្រវឹងច្រើន។
បើតាមលោកវេជ្ជបណ្ឌិត Jonathan Foo ឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំ មកពីប្រទេស សិង្ហបុរី គេបែងចែកជំងឺឫសដូងបាត ជា ៤ ដំណាក់កាល។
ដំណាក់កាលទី១៖ ជាដំណាក់កាលដំបូង ដែលសរសៃឈាមនៅជុំវិញរន្ធគូទ និងក្រោមរន្ធគូទមានការហើម និងរីកធំ ស្ថិតនៅផ្នែកខាងក្នុង មិនធ្លាក់ ឬលយចេញមកក្រៅ។
ដំណាក់កាលទី២៖ សាច់ដុំក្រសាល់គូទ (ដុំសាច់ឫសដូងបាត) ចាប់ផ្តើមលយចេញមកក្រៅតិចៗ និងអាចបាត់ទៅវិញដោយខ្លួនឯង។
ដំណាក់កាលទី៣៖ ជាដំណាក់កាលដែលសាច់ដុំក្រសាល់គូទលយចេញមកខាងក្រៅ ប៉ុន្តែអាចរុញចូលទៅក្នុងរន្ធគូទវិញបាន។
ដំណាក់កាលទី៤៖ ជាដំណាក់កាលធ្ងន់ធ្ងរ ដែលសាច់ដុំរន្ធគូទលយចេញមកក្រៅកាន់តែខ្លាំង ហើយមិនអាចរុញចូលទៅក្នុងវិញបានទេ។
អត្ថបទពាក់ព័ន្ធ៖
៣- វិធីបង្ការជំងឺឫសដូងបាត
– ញ៉ាំអាហារដែលមានជាតិកាកសរសៃច្រើន ពិសេសបន្លែផ្លែឈើ
– ផឹកទឹកឲ្យបានច្រើន
– កុំឈរ ឬអង្គុយយូរពេល។
៤- ការព្យាបាលជំងឺឫសដូងបាត
ការព្យាបាលជំងឺឫសដូងបាតធ្វើឡើងទៅតាមដំណាក់កាលនីមួយៗ បើអ្នកជំងឺកើតឫសដូងបាតនៅដំណាក់កាលដំបូងៗ ត្រឹមតែលាប ឬលេបថ្នាំប៉ុណ្ណោះ ឯដំណាក់កាលទី៣ និងទី៤ តម្រូវឲ្យចាក់ថ្នាំ ចងសរសៃ ឬវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕