home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​រូបមន្ត​ងាយ​ៗ​ សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព

​រូបមន្ត​ងាយ​ៗ​ សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព

អាហារ​កែច្នៃ​ច្រើន​ជ្រុល​ គួប​ផ្សំ​នឹង​បែបបទ​រស់​នៅ​ដ៏​មមាញឹក អាច​ធ្វើ​ឲ្យ​​បំពង់​រំលាយ​អាហារ​​របស់​យើង​មាន​​ភាព​អសកម្ម​ រលាក​ និង​នឿយហត់​។​ ​របប​អាហារ​បំបាត់​ជាតិ​ពុល​ អាច​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ចាប់ផ្ដើម​ញ៉ាំ​របប​អាហារ​សុខភាព​ ខណៈ​ពេល​ដែល​​វា​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ពិត​ណាស់​ រាងកាយ​របស់​យើង​​មាន​ប្រព័ន្ធ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​រួច​ជា​ស្រេច ​ហើយ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ថ្លើម​របស់​យើង​ផ្ទាល់​។​ ដើម្បី​គាំទ្រ​ដល់​ដំណើរ​បន្សាប​ជាតិ​ពុល​នេះ យើង​គប្បី​​កាត់បន្ថយ​អាហារ​កែច្នៃ​ និង​គ្រឿង​ស្រវឹង​​ ដោយ​ងាក​មក​ញ៉ាំ​ពពួក​អាហារ​សុខភាព​ដូចជា​បន្លែ​ និង​ផ្លែឈើ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ និង​ជៀសវាង​ការ​ជក់​បារី​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​​បន្ថែម​ប្រភេទ​អាហារ​ទាំង​នេះ​ ដើម្បី​ជួយ​​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ឡើង​។

១. ទឹក​ផ្លែឈើ​ ឬ​បន្លែ​ស្រស់​

ការ​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​បន្លែ​ស្រស់​ចំនួន​ពីរ​បី​កែវ​​ អាច​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ចាំបាច់​ និង​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​សុខភាព​ពោះវៀន​ ព្រម​ទាំង​​ជួយ​ពង្រឹង​ដល់​បំពង់​រំលាយ​អាហារ​។​ ដូចនេះ​ហើយ​ យើង​គប្បី​​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​​នេះ​ ជាមួយ​នឹង​អាហារ​សុខភាព​ ទើប​ជា​ការ​ប្រសើរ​។ ប៉ុន្តែ​​យើង​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ ឬ​បន្លែ​នៅ​ក្នុង​រយៈពេល​វែង​ឡើយ​ ពីព្រោះ​ការ​លាង​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​​លើស​ពី​៣​ថ្ងៃ អាច​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ទទួល​ផល​ប៉ះពាល់​ ដោយ​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​ប្រូតេអ៊ីន​ និង​ខ្លាញ់​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​សាច់​ដុំ​ កាត់បន្ថយ​មុខងារ​ខួរ​ក្បាល​​និង​​រំខាន​ដល់​អ័រម៉ូន​របស់​យើង​ថែម​ទៀត​ផង​។

២. អាហារ​ជាតិ​សរសៃ​

ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ជាតិ​សរសៃ​គឺ​ជា​សមាសធាតុ​សំខាន់​ក្នុង​ការ​សម្អាត​​ ពីព្រោះ​វា​​ជួយ​ឲ្យ​រាងកាយ​របស់​យើង​កម្ចាត់​ចោល​កាក​សំណល់​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ​ជាតិ​សរសៃ​ស្រូប​យក​ទឹក​ ដើម្បី​ពង្រីក​ និង​ជួយ​ដល់​ពោះវៀន​តូច​​ផ្នែក​ខាង​ក្រោម​ ដើម្បី​បណ្ដេញ​កាក​សំណល់​ចេញ​មក​ក្រៅ​។ រី​ឯ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​មាន​ដូចជា​​ពពួក​បន្លែ​ និង​ផ្លែឈើ​​ មាន​ផ្លែ​ក្រូច​ ​សារី ប៊ឺរី​ ​ត្រសក់​ស្រូវ​ ​ផ្កា​ខាត់​ណា​ខៀវ​ ការ៉ុត​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ​ជា​ដើម​។

រំលាយអាហារ៤

៣. ប្រូបាយអូទិក (ពពួក​បាក់តេរី​ល្អ​)​​​​​​​​

​​​​ប្រូបាយអូទិក​គឺ​ជា​បាក់តេរី​ល្អ​ដែល​ចាំបាច់​សម្រាប់​ការ​រំលាយ​អាហារ​ត្រឹមត្រូវ​។​ ​ពួក​វា​ក៏​អាច​ជួយ​សម្អាត​បំពង់​រំលាយ​អាហារ​​​ផ្នែក​ខាង​​ក្រោម​ និង​ស្ដារ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ល្អ​ឡើង​វិញ​។​ ​​បាក់តេរី​​​ប្រូបាយអូទិក​​​រួម​បញ្ចូល​Acidophilus ​និង​Bifidus ដែល​មាន​​នៅ​ក្នុង​​ទឹក​ដោះ​គោ​ជូរ​ និង​អាហារ​ដែល​ផ្សំ​ពី​សណ្ដែក​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 21/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត