ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ពេល​ព្រឹក​ ជួយ​ដល់​ការ​សម្រក​ទម្ងន់​​​​​​​​​​​​​

    ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ពេល​ព្រឹក​ ជួយ​ដល់​ការ​សម្រក​ទម្ងន់​​​​​​​​​​​​​

    ​ប្រសិនបើ​​គ្នា​យើង​ចង់​សម្រក​ទម្ងន់​ ​យើង​មិន​គួរ​រំលង​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ព្រលឹម​ឡើយ​។ ពិត​ណាស់​ ទឹក​ដើរ​តួនាទី​យ៉ាង​សំខាន់​​​នៅ​ក្នុង​ការ​ទ្រទ្រង់​សុខុមាលភាព​របស់​យើង​ ដូចជា​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ថែរក្សា​សម្រស់​ និង​​បង្ការ​ការ​ឈឺ​ក្បាល​ប្រកាំង​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​កាន់​តែ​មាន​គុណប្រយោជន៍​ទ្វេ​ដង​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ព្យាយាម​​សម្រក​ទម្ងន់​។

    ​​​​​១. បង្កើន​​ការ​ធ្វើ​មេតា​ប៉ូលីស

    ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បង្កើន​សីតុណ្ហភាព​រាងកាយ​ ដែល​អាច​ជួយ​ឲ្យ​ការ​​ធ្វើ​មេតាប៉ូលីស​​កាន់​តែ​ប្រសើរ​ឡើង​​។ ​​​ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ទឹក​ឃ្មុំ​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​បំបែក​ជាតិ​ខ្លាញ់​ដែល​លើស​​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​ ហើយ​​ថែម​​ទាំង​ជួយ​​​គ្រប់គ្រង​ការ​​ឃ្លាន​អាហារ​បាន​ផង​ដែរ​​។

    ២. ជួយ​ដល់​ការ​រំលាយ​អាហារ​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​អាច​ជួយ​​បង្កើន​មុខងារ​ថ្លើម​ និង​តម្រង​នោម​។ ​លើស​ពី​នេះ វា​​អាច​ជួយ​បំបែក​សារធាតុ​អាហារ​​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​​​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ មួយ​វិញ​ទៀត​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​​ជួយ​ដល់​​សរីរាង្គ​​រំលាយ​អាហារ​​​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ​និង​មាន​សមត្ថភាព​កម្ចាត់​ចោល​កាក​សំណល់​បាន​យ៉ាង​ល្អ​ដូច​គ្នា​។

    ៣. បញ្ចៀស​ការ​ទល់​លាមក​

    ការ​បន្ទោបង់​ជា​ទៀងទាត់​ អាច​ជួយ​បញ្ចៀស​ការ​ហើម​ពោះ​ ​ឈឺ​ពោះ​ និង​អារម្មណ៍​មិន​ស្រួល​ខ្លួន។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ និង​បញ្ចៀស​ការ​ទល់​លាមក​។ ជាក់​ស្ដែង ទឹក​ក្ដៅ​ឧណ្ហ​ៗ​អាច​ជួយ​ឲ្យ​ពោះវៀន​​កន្ត្រាក់​ ដែល​​កត្តា​នេះ​ធ្វើ​ឲ្យ​កាកសំណល់​ចាស់​ៗ​ដែល​ជាប់​នៅ​ក្នុង​ពោះវៀន​ងាយ​​នឹង​បញ្ចេញ​មក​ក្រៅ​។

    ទឹកក្តៅ

    ៤. ជួយ​រក្សា​ជាតិ​ទឹក​

    ការ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​សម្រាប់​មុខងារ​រាងកាយ​ជា​ច្រើន​។​ ទឹក​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ ដោយ​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ព្រម​ទាំង​កាត់បន្ថយ​ចំណង់​អាហារ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។

    ៥. ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង​

    លើស​ពី​នេះ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​កម្ចាត់​កាកសំណល់​ដែល​កកកុញ​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​កត្តា​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង។​ លើស​ពី​នេះ​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បន្ធូរ​សាច់ដុំ​ ព្រម​ទាំង​ជំរុញ​លំហូរ​ឈាម​​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 02/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត