backup og meta

ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

    គ្នាយើងជាអ្នកធ្វើការ​គ្រប់គ្នា​ប្រាដកណាស់ពិតជា​ធ្លាប់មានអារម្មណ៍តានតឹង ឬស្ត្រេស​ជាមិន​ខាន គ្រាន់តែថាមនុស្ស​យើង​ម្នាក់ៗ​​មាន​ប្រតិកម្ម​ខុស​គ្នា​លើ​ភាព​តាន​តឹង ឬ​ស្រ្តេស (stress) ។ គ្នា​យើង​​ខ្លះ​មាន​អារម្មណ៍​ថា​គ្មាន​ផ្លូវ​ចេញ ដូច​ត្រូវ​ជាប់​គុក ខណៈ​អ្នក​ផ្សេង​ទៀត​អាច​រក​វិធី​ដើម្បី​បំបាត់​ភាព​តាន​តឹង​បាន​យ៉ាង​ងាយ​ស្រួល។ តើយើង​ដឹង​ទេ​ថា​ស្ត្រេស​នឹង​ការងារគឺ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​បេះដូង​​បាន? ជា​ការ​ពិត​ណស់ ស្ត្រេស​ខ្លាំង​ពេក​អាច​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ជំងឺ​លើស​ឈាម ហឺត និង​ស្ថាន​ភាព​សុខ​ភាព​ផ្សេង​ទៀត។

    ១- តើយើងមានស្ត្រេសការងារទេ?

    ខាង​ក្រោម​នេះ​ជា​សញ្ញា​នៃ​ស្ត្រេស​ដែល​បណ្តាល​មក​ពី​​ធ្វើ​ការ​ងារ (job stress) ។ ស្ត្រេសកើតចេញពីការងារ ច្រើន​បណ្តាល​ឲ្យ​មាន​សម្ពាធ​ឈាម​កើន​ឡើង ចង្វាក់​បេះដូង​លោត​ញាប់ និង​មាន​ការ​បែប​ញើស​នៅ​បាត​ដៃ​របស់យើង។ យើងក៏​មាន​អារម្មណ៍​ថា​អស់​កម្លាំង និង​ល្ហិត​ល្ហៃស្ទើរ​តែ​គ្រប់​ពេល។ ស្ត្រេស​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​អាកប្ប​កិរិយាដែរដែល​អាច​ធ្វើ​ឲ្យ​យើង​​មាន​កំហឹង​បាន​យ៉ាង​ងាយ។ យើង​អាច​ពិបាក​ក្នុង​ការ​ដេក​លក់ ឬ​ផ្ចង់​អារម្មណ៍ទៀតផង។ ប្រសិន​បើ​ការងារ​បាន​ជះ​ឥទ្ធិពល​ដល់យើង អមមក​ជាមួយ​នឹង​សញ្ញា​ទាំង​នេះ នោះយើងទំនង​ជា​អាចមាន​បញ្ហា​ក្នុង​ការ​គាំង​បេះដូង​បាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២- ស្ត្រេស និងបេះដូង

    ស្រ្តេសពិ​ត​ជា​អាច​ជះ​ឥទ្ធិពល​លើ​កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង មាន​ដូច​ជា​ការ​ជក់​បារី​ ការ​ទទួល​ទាន​ច្រើន​ពេក កម្រិត​កូលេស្តេរ៉ុល សម្ពាធ​ឈាម​ខ្ពស់។ ឧទាហរណ៍​មនុស្ស​ខ្លះ​ញ៉ាំ​ការ៉េម ឬ​ស្រា​ក្រហម​មួយ​កែវ​ដើម្បី​បន្ថយ​ភាព​តាន​តឹង រីឯ​អ្នក​ខ្លះ​ទៀត​ប្រើ​ស្រា ឬ​បារី​ទៅវិញ។ ទោះ​ជា​យ៉ាង​ណា ទម្លាប់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​កើន​ឡើង​បាន ដែល​អាច​ធ្វើ​ឲ្យ​មុខ​ងារ​របស់​ជញ្ជាំង​សរសៃ​ឈាម​ថយ​ចុះ​បន្តិច​ម្តង​ៗ។

    នៅ​ពេល​ដែលយើង​ស្រ្តេស រាង​កាយ​នឹង​ចាប់ផ្តើម​បញ្ចេញ​អ័រ​ម៉ូន adrenaline និង cortisol  អ័រ​ម៉ូន​ទាំង​នេះ​មាន​មុខងារ​ជួយ​យើង​ក្នុង​ការផ្ចង់​អារម្មណ៍​ពេល​ធ្វើ​ការ​ងារ ប៉ុន្តែ​អ៏រម៉ូននេះក៏​អាច​ធ្វើឲ្យ​មាន​សម្ពាធ​ឈាម​កើន​ឡើង និង​មាន​ការ​ដក​ដង្ហើម​ញាប់ និង​ចង្វាក់​បេះដូង​លោត​លឿន​ក្នុង​រយៈពេល​ខ្លី។ មាន​ភស្តុ​តាង​ជាច្រើន​ត្រូវ​បាន​កំណត់​ពី​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ស្ត្រេស និង​ជំងឺ​បេះដូង ឯ​ការ​ទទួល​ទាន​ជាតិ​អាល់កុល​ច្រើន​ពេក​ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង​គឺ​អាច​បន្សល់​ទុក​នូវ​ផល​វិបាក​ធ្ងន់​ធ្ងរ​បាន។

    អត្ថបទ​ពាក់ព័ន្ធ៖

    ៣- គ្រប់គ្រងស្ត្រេស

    បើ​គ្នា​យើង​កើត​ស្រ្តេស​ដោយ​សារតែការងារ​នោះ ដំបូង​យើង​ត្រូវ​ប្រាប់​​ពី​បញ្ហា​នេះ​ទៅ​កាន់​ថ្នាក់លើ​ ​ហើយយើង​ស្នើ​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​។ ក្រៅពីនេះ​យើង​ក៏​អាច​ស្នើ​សុំ​ឲ្យ​ថ្នាក់លើ​​ផ្តល់​នូវ​ពេល​វេលា​បន្ថែម​សំរាប់យើង​ក្នុងការ​បញ្ចប់​កិច្ច​ការ ឬសូម​ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ដើម្បី​ផ្លាស់​ប្តូរ​នូវ​តួនាទី​ផ្សេង​ទៀត។ តាម​រយៈ​នេះ យើង​អាច​កាត់​បន្ថយ​ភាព​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ និង​សម្ពាធ​ឈាម​​បាន។

    មាន​វិធី​ជាច្រើន​ទៀតដែល​យើង​អាច​ព្យាយាម​បន្ធូរ​អារម្មណ៍​បន្ទាប់​ពី​យើងបាន​ធ្វើ​ការ​រវល់ខ្លាំង​អស់​ពេល​​មួយ​រយៈ។ យើង​អាច​ចូលរួម​លេង​កីឡា បង្កើត​ទម្លាប់​​រីក​រាយ​ក្នុង​ការ​អាន​សៀវភៅ ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​ធ្វើ​សមាធិ និយាយ​លេង​ជាមួយ​មិត្ត​ភក្តិ​ ឬ​សាក​ល្បង​អ្វី​ដែល​លើក​ទឹក​ចិត្ត​ និង​បង្កើន​គុណភាពជីវិត​។

    នៅ​ពេល​យើង​សំរាក​ពី​ការ​ងារ យើង​ត្រូវ​ដាក់​​កាយ និង​ចិត្ត​យើង​​ទៅ​ក្នុង​អ្វីដែលជា​ចំណង់​ចំណូល​ចិត្ត​របស់​យើង​វិញ​ម្ដង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើង​ត្រូវ​ចង​ចាំ​ថា យើង​​មិន​ត្រូវ​ព្យាយាម​គិត​ហួត​ទៅ​លើតែរឿង​ការងារនោះ​​​ឡើយ។

    គ្នា​យើង​ត្រូវ​ចាំថា កុំ​ជក់​បារី និង​ផឹក​ស្រា ឬ​កាហ្វេ​រហូត​ដល់លើសកម្រិត​។ យើង​​ត្រូវ​ឲ្យ​ខ្លួនឯង​​នូវ​របប​អាហារ​ឆ្ងាញ់ៗជា​អាហារ​ដែល​មាន​សុខ​ភាព​ល្អ ហើយ​ត្រូវ​រក្សា​ស្មារតី​វិជ្ជ​មាន​ជានិច្ច។

    អត្ថបទពាក់ព័ន្ធ៖ 

  • តិចនិកលើកទឹកចិត្តខ្លួនឯង ដើម្បីសម្រេចគោល​ដៅ​ជីវិត
  • អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន
  • ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម