ចេះតែ​ព្រួយបារម្ភ​ពីនេះពីនោះមិនឈប់ អាចមានជំងឺ​មួយនេះ

    ចេះតែ​ព្រួយបារម្ភ​ពីនេះពីនោះមិនឈប់ អាចមានជំងឺ​មួយនេះ

    ពិត​ណាស់​ ​គ្នា​យើង​តែង​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ព្រួយបារម្ភ​នៅ​ពេល​ខ្លះ​ ប៉ុន្តែ​បើ​អារម្មណ៍​ទាំង​នោះ​ចាប់​ផ្ដើម​គ្រប់​គ្រង​​លើ​ជីវិត​យើង​វិញ​​នោះ​ វា​​អាច​ជា​សញ្ញាណ​នៃ​ជំងឺ​ថប់បារម្ភ​ទូទៅ (GAD)។ អ្នក​ជំងឺ​នេះ​ ច្រើន​តែ​​ព្រួយ​បារម្ភ​ច្រើន​ និង​មិន​អាច​គ្រប់​គ្រងខ្លួន​ឯង​បាន​ ទាក់​ទង​នឹង​សកម្មភាព​ ឬ​ហេតុការណ៍​ប្រចាំថ្ងៃ​។

    ពួក​គាត់​ច្រើន​តែ​មាន​អាការៈ​ធុញ​ថប់​ តប់​ប្រមល់​ ​មិន​ស្រួល​ចិត្ត​ រួម​ទាំង​ហត់​​អស់​កម្លាំង​ និង​ឈឺ​សាច់ដុំ​ផង​ដែរ។​ លើស​ពី​នេះ​ វា​ក៏​មាន​ផល​ប៉ះពាល់​ដល់​ដំណេក​ និង​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក​ជំងឺ​ថែម​ទៀត​ផង​។

    យ៉ាងណាមិញ​ គ្នា​យើង​ខ្លះ​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​​ស្គាល់​ថា​ ​ខ្លួន​មាន​ជំងឺ​ថប់បារម្ភ​ទូទៅ​នេះ​​ណាស់​ ដោយ​សារ​តែ​យើង​គិត​ថា​ ការ​ព្រួយ​បារម្ភ​អំពី​ជីវិត​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ព្រម​ទាំង​ជឿ​ថា​ ការ​ព្រួយ​បារម្ភ​នេះ​អាច​បញ្ចៀស​នូវ​​រឿងរ៉ាវ​អាក្រក់​ៗ​ដែល​បម្រុង​នឹង​កើត​ឡើង​បាន​ថែម​ទៀត​​ផង​​។​

    ផ្ទុយ​ទៅ​វិញ​ ជំងឺ​ថប់បារម្ភ​ទូទៅ​នេះ​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​សំពាធឈាម​ខ្ពស់​ ការ​បាក់​ទឹក​ចិត្ត ឬ​​ការ​ញ៉ាំ​ស្រា​លើស​កម្រិត​ជាដើម​។

    ដូចនេះ​ គ្នា​យើង​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​រឿង​ទាំងនេះ​ ដើម្បី​កុំ​ឲ្យ​ជំងឺ​ថប់បារម្ភ​ទូទៅ​ បំផ្លាញ​ដល់​ក្ដី​សុខ​របស់​យើង​បាន​តទៅ​ទៀត​បាន​។

    សុខភាពផ្លូវចិត្ត

    . ទទួល​ស្គាល់​ថា​ខ្លួន​មាន​ជំងឺ​

    ​​​​​ជំហាន​ដំបូង​ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា​​យើង​កើត​នូវ​ជំងឺ​នេះ​។ ​សូម​​កុំ​គិត​ថា​ វា​ជា​រឿង​ធម្មតា​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​អន្ទះអន្ទែង ស្ត្រេស​ និង​ព្រួយ​បារម្ភ​ជ្រុល​ស្ទើរតែ​រាល់​ថ្ងៃ​ អស់​រយៈពេល​យ៉ាង​តិច​ណាស់​៦ខែ​​។

    . និយាយ​ចេញ​មក​ក្រៅ

    ការ​លាក់​ទុក​នូវ​អាការៈ​ព្រួយ​បារម្ភ​ជ្រុល​នេះ​តែ​ម្នាក់​ឯង​ វា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​។ ដូចនេះ​ ចូរ​ពិភាក្សា​ជាមួយ​​មិត្តភ័ក្ដិ​ ក្រុម​គ្រួសារ​​ ឬ​ដៃគូ​របស់​យើង​​​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ​ក៏​ដូចជា​​​ព្យាយាម​លំហែ​អារម្មណ៍​ឲ្យ​បាន​​ច្រើន​ ​​និង​​​ចំណាយ​ពេល​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ​​​ជា​ដើម​។

    .​បន្ថែម​រសជាតិ​ជីវិត

    បែប​បទ​នៃ​ជីវិត​ ដែល​អាច​​កាត់​បន្ថយ​នូវ​ជំងឺ​ថប់បារម្ភ​ទូទៅ​ ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​នោះ មាន​ដូច​ជា​ការ​ហាត់​ប្រាណ​ ការ​ធ្វើ​សមាធិ​ ការ​ព្យាបាល​បែប​សិល្បៈ​ ឬ​ការ​បញ្ចេញ​អារម្មណ៍​ដោយ​ការ​សរសេរ (ដោយ​​សរសេរ​នូវ​អ្វី​ដែល​អ្នក​ភ័យ​ខ្លាច​ និង​ព្រួយ​បារម្ភ​)។​

    . ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចិត្ត​សាស្ត្រ

    ការ​ព្យាបាល​ផ្នែក​ខាង​សតិ​បញ្ញា​ (CBT) និង​ការ​ប្រើ​ថ្នាំ​ គឺ​ជា​វិធី​ស្តង់ដារ​ ក្នុង​ការ​ព្យាបាល​ និង​គ្រប់​គ្រង​ជំងឺ​ថប់បារម្ភ​ទូទៅ។ គ្រូពេទ្យ​​នឹង​សហការ​ជាមួយ​យើង​ក្នុង​ការ​គាស់​កកាយ​នូវ​បទពិសោធន៍​ពី​មុន​ៗ​ ដែល​ជា​ប្រភព​នៃ​ការ​ថប់​បារម្ភ​របស់​​យើង​។​ បន្ទាប់​មក គាត់​នឹង​ឲ្យ​យើង​ស្វែង​រក​​ការ​គិត​អវិជ្ជមាន​ ដែល​នាំ​ឲ្យ​យើង​ព្រួយបារម្ភ​ឥតស្រាក​ស្រាន្ត​ រួច​នឹង​ជួយ​​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ដោះ​ស្រាយ​។ រីឯ​ថ្នាំ​ប្រឆាំង​នឹង​ការ​ថប់​បារម្ភ​ នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​ស្រួលខ្លួន​ និង​ស្ងប់​ល្អ​ផង​ដែរ​។

    ជំងឺ​ថប់បារម្ភ​ទូទៅ​ មិន​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង​នោះ​ទេ​ នៅ​ពេល​ដែល​យើង​ដាក់​សម្ពាធ​ដល់​ខ្លួន​ឯង​កាន់តែ​​ខ្លាំង​ ដើម្បី​កម្ចាត់​ចោល​នូវ​ជំងឺ​នេះ​ ឬ​មិន​អើ​ពើ​​​ក្នុង​ការ​រក​វិធី​ព្យាបាល​នោះ ​វា​នឹង​កាន់​តែ​អាក្រក់​លើស​ដើម​ ព្រម​ទាំង​បន្ថែម​នូវ​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ថែម​ទៀត​ផង​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 02/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត