backup og meta

បញ្ហា​ផ្លូវចិត្ត​មួយប្រភេទ​ ធ្វើឲ្យ​អ្នក​ខ្លះ​ថា​ខ្លួន​ឈឺនេះឈឺនោះ​រហូត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 03, 2020

    បញ្ហា​ផ្លូវចិត្ត​មួយប្រភេទ​ ធ្វើឲ្យ​អ្នក​ខ្លះ​ថា​ខ្លួន​ឈឺនេះឈឺនោះ​រហូត

    គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ ​មនុស្ស​មួយ​ចំនួន​ចេះ​តែ​បារម្ភពី​បញ្ហា​សុខ​ភាព ខំ​តាម​ដាន​ព័ត៌មាន​ផង ស្វែង​រក​ព័ត៌មាន​ផង និង​ទៅ​ពិនិត្យ​សុខ​ភាព​ផង ហើយ​លទ្ធ​ផល​ចេញ​មក​មិន​មាន​ជំងឺ​អ្វីទេ ឬ​គ្រាន់តែ​ឈឺ​បន្តិច​បន្តួច តែ​អ្នក​នោះ​​នៅ​តែ​បារម្ភ​ដដែល។ ចំណែក​អ្នក​ខ្លះ​នៅ​តែ​គិត​ថា​ខ្លួន​មាន​ជំងឺ​នេះ ជំងឺ​នោះ ឬ​​ជំងឺ​កាច​សាហាវ​ដូច​​ជា​មហារីក​ ទោះ​បី​ជា​គ្រូពេទ្យ​ថា​មិន​អី​ក៏​ដោយ។ បើ​សិន​យើង​នៅ​តែ​មិន​អស់​ចិត្ត​បែប​នេះ​ ​វា​អាច​ជា​​​សញ្ញាណ​នៃ​​ជំងឺ​ថប់បារម្ភ​​ខាង​សុខភាព។​​​​​

    អ្នក​ដែល​មាន​ជំងឺ​នេះ​ គឺ​ច្រើន​តែ​ភ័យ​ខ្លាច​ថា​ ខ្លួន​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ព្យាបាល​បាន​ ទើប​ចំណាយ​ពេល​​វេលា​ និង​លុយ​កាក់​​លើ​ការ​ពិនិត្យ​សុខភាព​​ញឹក​ញាប់​ជ្រុល​​ទៅ​តាម​អារម្មណ៍​របស់​ខ្លួន​។

    .​ធ្វើ​ម៉េច​ដឹង​ថា​យើង​មាន​ជំងឺ​ថប់បារម្ភ​​ខាង​សុខភាព?

    ការ​ព្រួយ​បារម្ភ​អំពី​សុខភាព​​ គឺ​មិន​ដូច​គ្នា​ទៅ​នឹង​ជំងឺ​ថប់​បារម្ភ​ខាង​សុខភាព​នោះ​ទេ។ ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​គិតគូរ​ដល់​​​សុខភាព​​ម្ដងម្កាល​។ ប៉ុន្តែ​ សម្រាប់​អ្នក​មាន​ជំងឺ​ថប់បារម្ភ​ខាង​សុខភាព​​វិញ​ ​ងាយ​នឹង​យល់​ឃើញ​ខុស​អំពី​រោគ​សញ្ញា​ធម្មតា​ ឬ​ស្រាល ថា​ជា​រឿង​ធ្ងន់ធ្ងរ​។ ​អ្នក​ជំងឺ​នេះ​ ជា​ទូទៅ​ មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖

    • ភ័យខ្លាច​ថា​ខ្លួន​ឯង​ឈឺ​ ទោះ​គ្មាន​​រោគសញ្ញា
    • ទោះ​ជា​គ្រូពេទ្យ​បញ្ជាក់​ថា​ ​មិន​មាន​ជំងឺ​អ្វី​ក៏​ដោយ​​ ក៏​​​​នៅ​តែ​មាន​អារម្មណ៍​អន្ទះអន្ទែង​នៅ​មិន​សុខ​
    • ចេះ​តែ​​ស្វែងរក​ព័ត៌មាន​សុខភាព​លើ​ប្រព័ន្ធ​អន​ឡាញ​
    • អាន​អត្ថបទ​ទាក់ទង​នឹង​ជំងឺ​ណាមួយ​ ​ហើយ​​ចាប់​ផ្ដើម​ព្រួយបារម្ភ​ថា​​ខ្លួន​កើត​ជំងឺ​នោះ​
    • ការ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព​កំពុងតែ​ជ្រៀតជ្រែក​ក្នុង​ជីវិត​ គ្រួសារ​ ការងារ​ ឬ​ចំណង់ចំណូលចិត្ត ក៏​ដូចជា​សកម្មភាព​ប្រចាំ​ថ្ងៃ​​។​​​​

    ផ្លវចិត្ត

    .ការ​​ព្យាបាល​ជំងឺ​ថប់បារម្ភ​​ខាង​សុខភាព​

    ជាទូទៅ​ អ្នក​មាន​ជំងឺ​នេះ​ តែង​ជួប​ប្រទះ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដូចជា​ការ​ធ្លាក់​ទឹកចិត្ត​ រសាប់រសល់ និង​ស្រ្តេស​ជាដើម​។ ​ដូចនេះ​ហើយ​ ​មាន​តែ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ និង​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ​​ប៉ុណ្ណោះ​ ដែល​អាច​ជួយ​យើង​ក្នុង​ការ​គ្រប់​គ្រង​ និង​បំភ្លេច​​ចោល​នូវ​ទុក្ខ​កង្វល់​ទាំងនោះ​​បាន​។

    ​​​​​​​​​​​.​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ

    ការ​ព្យាបាល​ប្រភេទ​នេះ​ ពិត​ជា​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ថប់​បារម្ភ​ខាង​សុខភាព​ ដោយ​សារ​តែ​វា​ផ្ដល់​នូវ​គន្លឹះ​ផ្សេង​ៗ​​ក្នុង​ការ​​គ្រប់​គ្រង​ជំងឺ​ថប់​បារម្ភ​បាន​ល្អ​។​ ​អត្ថប្រយោជន៍​នៃ​ការ​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ​មាន​ដូចជា៖

    • កំណត់​នូវ​ការ​ព្រួយបារម្ភ​ និង​ជំនឿ​ផ្សេងៗ​ទាក់​ទង​នឹង​ផ្នែក​សុខភាព​
    • ធ្វើ​ឲ្យ​យើង​​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ព្រួយ​បារម្ភ​
    • រៀន​ចេះ​ពី​របៀប​គ្រប់​គ្រង​បញ្ហា​ថប់បារម្ភ​ និង​ស្រ្តេស​
    • ជំរុញ​ការ​បំពេញ​មុខងារ​ទាំង​នៅ​ផ្ទះ​ កន្លែង​ធ្វើការ​ សាលារៀន​​ ​ឬ​សង្គម​ខាងក្រៅ​ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។
    • ត្រួតពិនិត្យ​ថា​តើ​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដូចជា​ការ​ធ្លាក់​ទឹកចិត្ត​ដែរ​ឬ​ទេ។​​​​​​​​​​​

    .​​ការ​ប្រើ​ប្រាស់​ថ្នាំ

    ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិនបើ​ការ​ព្យាបាល​ផ្នែក​ចិត្ត​សាស្ត្រ​តែមួយ​មុខ ​មិន​អាច​​ធ្វើ​ឲ្យ​ជំងឺ​នេះ​​បាន​ធូរ ស្បើយ​ទេ​នោះ​ ​អ្នកជំងឺ​​អាច​នឹង​ឈាន​ដល់​ការ​ប្រើប្រាស់​ថ្នាំ​​​បន្ថែម​។​ ប៉ុន្តែ​ ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ថប់​បារម្ភ​ខាង​សុខភាព​នេះ​ ក៏​អាច​​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ និង​មាន​ផល​ប៉ះពាល់​ជាច្រើន​ផង​ដែរ។​ ដូច្នេះ​ហើយ យើង​គួរតែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ឲ្យ​បាន​ម៉ត់ចត់​ជា​មុន​សិន​មុន​នឹង​ធ្វើ​ការ​ព្យាបាល​ប្រភេទ​នេះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម