និយមន័យ
១- អ្វីទៅជាជំងឺ រលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic rhinitis)?
រលាកច្រមុះ គឺជាការរលាកនៅក្នុងស្រទាប់ស្ដើងរបស់ច្រមុះ ហើយជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic Rhinitis) គឺជាប្រភេទជំងឺមួយនៃប្រភេទជំងឺជាច្រើនរបស់ជំងឺរលាកច្រមុះ កើតឡើងនៅពេលយើងដកដង្ហើមចូលទៅដោយ សារធាតុនាំឲ្យអាលែកហ្ស៊ី (Allergens)។
ជំងឺអាលែកហ្ស៊ីដោយសារអាល្លែកហ្ស៊ីនេះ គឺមានពីរប្រភេទគឺ អាលែកហ្ស៊ីតាមរដូវ (Seasonal – គឺកើតឡើងក្នុងពេលណាមួយនៅក្នុងឆ្នាំ) និង អាលែកហ្ស៊ីពេញមួយឆ្នាំ (Perennial)។
២- តើជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ីកើតឡើងញឹកញាប់ឬទេ?
ជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic rhinitis) គឺកើតឡើងញឹកញាប់ណាស់ ហើយវាអាចប៉ះពាល់ចំពោះអ្នកជំងឺគ្រប់វ័យ។ យោងតាមស្ថិតិ ពីវិទ្យាស្ថានអាលែកហ្ស៊ី ជំងឺហឺតនិងប្រព័ន្ធភាពស៊ាំ នៅសហរដ្ឋអាមេរិក បានបង្ហាញថា ភាគរយអ្នកដែលមានជំងឺនេះ គឺនៅចន្លោះ ពី ១០ ទៅ៣០ ភាគរយនៃប្រជាជនពិភពលោកទាំងមូល ហើយភាគច្រើនកើតឡើងដោយសារតែលម្អងផ្កា (Pollen)។
រោគសញ្ញា
៣- តើរោគសញ្ញាជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic rhinitis) មានអ្វីខ្លះ?
រោគសញ្ញាទូទៅនៃជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic rhinitis) រួមមាន៖
– កណ្ដាស់
– ហៀរសំបោរ
– រមាស់ច្រមុះ ភ្នែក បំពងក ស្បែក ឬផ្នែកផ្សេងៗទៀត
– ក្អក
– ឈឺ ឬរមាស់ បំពង់ក
– ហៀរទឹកភ្នែក
– មានរង្វង់ខ្មៅនៅខាងក្រោមភ្នែក
– ឈឺក្បាលញឹកញាប់
– មានរោគសញ្ញាស្រដៀងជំងឺត្រអក ដូចជា ស្បែកស្ងួតខ្លាំង រមាស់ ដែលជាញឹកញាប់មានពងបែក
– អស់កម្លាំងខ្លាំង
– ឈឺក្បាល
អាចនៅមានរោគសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ដូចនេះប្រសិនបើមានការព្រួយបារម្ភពីរោគសញ្ញា សូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤- តើពេលណាត្រូវទៅជួបពេទ្យ?
យើងគួរតែជួបពេទ្យប្រសិនបើ៖
– មានរោគសញ្ញាធ្ងន់ធ្ងរ
– ការព្យាបាលដែលធ្លាប់មានប្រសិទ្ធភាពពីមុន ប្រែជាមិនមានប្រសិទ្ធភាពវិញ
– រោគសញ្ញាមិនធូរស្បើយ បន្ទាប់ពីព្យាបាលរួច
អត្ថបទពាក់ព័ន្ធ៖ ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?
មូលហេតុ
៥- តើជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic rhinitis) បង្កដោយមូលហេតុអ្វី?
ពេលយើងដកដង្ហើម ចូលពពួកអាលែកហ្ស៊ែន (Allergen – សារធាតុបង្កអាលែកហ្ស៊ី) ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងបញ្ចេញ សារធាតុហ៊ីស្តាមីន (Histamines) ដែលជាសារធាតុ គីមីមាននាទី ការពាររាងកាយពីកត្តាគ្រោះថ្នាក់ខាងក្រៅ។ សារធាតុគីមីនេះ គឺជាមូលហេតុដែលនាំអោយយើងមានរោគសញ្ញាលេចចេញឡើង បង្កឲ្យមានជំងឺ រលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic rhinitis) កើតឡើង។
សារធាតុអាលែកហ្ស៊ែនទូទៅ រួមមាន៖
– លម្អងផ្កា
– ស្មៅ
– ផ្សិត
– រោមសត្វ
– ទឹកអប់
អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
កត្តាប្រឈម
៦- កត្តាប្រឈមអ្វីខ្លះនាំឲ្យកើតជំងឺ រលាកច្រមុះដោយសារអាលែកហ្ស៊ី (Allergic rhinitis) កាន់តែធ្ងន់?
មានកត្តាជាច្រើនដែលនាំឲ្យជំងឺនេះកាន់តែធ្ងន់ ដូចជា៖
– សារធាតុគីមី
– សីតុណ្ហភាពត្រជាក់
– សំណើម
– ខ្យល់
– ថ្នាំបាញ់សក់ (Hairspray)
– ទឹកអប់
– ផ្សែងចេញពីដុតកំណាត់ឱស
– ផ្សែងភ្លើង
រោគវិនិច្ឆ័យនិងការព្យាបាល
ព័ត៌មានដែលផ្ដល់ឲ្យនេះមិនមែនជាការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដំបូងបំផុត គ្រូពេទ្យនឹងសួរពីរោគសញ្ញា ដើម្បីប្រាកដពីស្ថានភាពជំងឺរបស់យើងថាតើជាប្រភេទរលាកច្រមុះដោយសារអាលែកហ្ស៊ី តាមរដូវកាល (Seasonal) ឬពេញមួយឆ្នាំ (perennial)។ បន្ទាប់មក ការពិសោធន៍លើស្បែក នឹងត្រូវធ្វើ ដោយដាក់សារធាតុមួយចំនួនលើស្បែករបស់អ្នកជំងឺ។ គ្រូពេទ្យអាចដឹងពីមូលហេតុបង្កជំងឺ បើសិនជានៅលើស្បែកអ្នកជំងឺមានលេចចេញដុំពកក្រហមតូចមួយឡើង។
ក្នុងករណីអ្នកជំងឺមិនអាចធ្វើតេស្តនៅលើស្បែកបាន គ្រូពេទ្យនឹងតម្រូវឲ្យធ្វើតេស្តឈាមវិញ ដែលគេស្គាល់ថាជាតេស្ត radioallergosorbent test (RAST)។ តេស្តនេះអាចធ្វើឲ្យដឹងពីចំនួនអង់ទីករ អ៊ីមុយណូគ្លូប៊ុយលីន E (Immunoglobulin E Antibodies) ដែលប្រឆាំងនឹង សារធាតុអាលែកហ្ស៊ែន នៅក្នុងឈាមរបស់អ្នកជំងឺ ហើយតេស្តនេះក៏អាចវាស់ដឹងពីកម្រិតសារធាតុដែលទាក់ទងនឹងបញ្ហាអាលែកហ្ស៊ីផងដែរ។
៨- ព្យាបាលដោយវិធីណា?
ថ្នាំពេទ្យ
គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំដើម្បីកាត់បន្ថយរោគសញ្ញារបស់ជំងឺ ហើយថ្នាំដែលគ្រូពេទ្យច្រើនចេញវេជ្ជបញ្ជារួមមាន៖
– ថ្នាំប្រឆាំងហ៊ីស្តាមីន (Antihistamines)៖ ពពួកថ្នាំនេះ គឺជាដំណោះស្រាយល្អបំផុតក្នុងការព្យាបាលជំងឺនេះ ព្រោះវាមានសកម្មភាពបញ្ឈប់ការផលិតសារធាតុហ៊ីស្តាមីន (histamines) ។ ថ្នាំពពួកនេះ អាចប្រើដោយលេប ឬបាញ់ច្រមុះ (Nasal spray) ប៉ុន្តែភាគច្រើននៃថ្នាំប្រភេទនេះ គឺអាចបង្កឲ្យអ្នកជំងឺងងុយគេងបាន។
– ពពួកថ្នាំ Decongestants ៖ នៅពេលដែលតឹងច្រមុះ ពពួកថ្នាំនេះគឺពិតជាអាចជួយសម្រួលបញ្ហានេះបាន ប៉ុន្តែត្រូវចាំថាអ្នកមិនគួរប្រើពពួកថ្នាំនេះ យូរជាងបីថ្ងៃនោះទេ។
– ថ្នាំបាញ់ច្រមុះពពួក កកទីកូអ៊ីត (Nasal Corticosteroids)៖ ថ្នាំទាំងនេះ គឺមានប្រសិទ្ធភាពល្អណាស់ក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសារអាលែកហ្ស៊ីនេះ។
បើសិនអ្នកប្រើថ្នាំប្រភេទផ្សេងទៀតពីថ្នាំខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើវាដើម្បីព្យាបាលជំងឺ។
ថ្នាំចាក់ប្រឆាំងអាលែកហ្ស៊ី (Allergy shots)
បើសិនស្ថានភាពជំងឺធ្ងន់ធ្ងរ គ្រូពេទ្យនឹងណែនាំអ្នកឲ្យយើងចាក់ថ្នាំ immunontherapy – ការព្យាបាលដោយប្រព័ន្ធភាពសាំ។ ការព្យាបាលនេះ រួមមាន ការចាក់បញ្ចូលពពួកអាលែកហ្ស៊ែន ដែលបង្កឲ្យអ្នកមានអាលែកហ្ស៊ី ជា ទៀងទាត់ រហូតដល់រោគសញ្ញាអ្នកអាចគ្រប់គ្រងបាន ហើយថ្នាំនឹងចាក់ចូលក្នុងរាងកាយរបស់យើង។
ការព្យាបាលដោយប្រព័ន្ធភាពស៊ាំដោយដាក់ក្រោមអណ្ដាត (Sublingual immunotherapy – SLIT)
ការព្យាបាលនេះ គឺដូចនឹងការព្យាបាលតាមការចាក់ខាងលើដែរ ប៉ុន្តែថ្នាំដែលប្រើគឺត្រូវដាក់នៅក្រោមអណ្ដាត។ ផលរំខានដែលអាចកើតឡើងរួមមានរមាស់នៅក្នុងមាត់ ឬត្រចៀក និងក្រហាយបំពង់ក។
អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តប្រឡែងលេង ឬនៅក្បែរសត្វឆ្មាធ្វើឲ្យកើតហឺត?
ការផ្លាស់ប្ដូររបៀបរស់នៅ និងព្យាបាលនៅផ្ទះ
៩- តើការផ្លាស់ប្ដូររបៀបរស់នៅ ឬការព្យាបាលនៅផ្ទះអ្វីខ្លះ ដែលអាចជួយគ្រប់គ្រងជំងឺ?
ដើម្បីការពារកុំឲ្យកើតមានជំងឺនេះសារជាថ្មី អ្នកគួរតែចៀសឆ្ងាយពីពពួកអាលែកហ្ស៊ែនដែលបង្កឲ្យអ្នកមានជំងឺនេះ។ ឧទាហរណ៍ជំនួសឲ្យការបើកបង្អួច ដែលនាំឲ្យខ្យល់និងពពួកលំអងផ្សេងៗចូល អ្នកគួរតែសាកល្បងប្រើម៉ាស៊ីនត្រជាក់ជំនួសវិញ។ បើសិនអ្នកមានសំនួរអ្វី សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីអាចដឹងកាន់តែច្បាស់ពីដំណោះស្រាយល្អបំផុតសម្រាប់អ្នក។
[embed-health-tool-vaccination-tool]