អ្នកជំនាញបានលើកឡើងថានៅពេលឆ្លងវីរុសផ្ដាសាយ យើងនៅតែអាចឆ្លងវីរុសផ្ដាសាយបន្ថែមមួយប្រភេទទៀតក្នុងពេលតែមួយបាន ទោះបីជានេះជាករណីកម្រក៏ដោយ ។
ក្នុងការសិក្សាជាច្រើនបានរកឃើញថាអ្នកដែលឆ្លងវីរុស rhinovirus (ដែលជាវីរុសបង្កជំងឺផ្ដាសាយតែងជួបប្រទះ) ឬវីរុសបង្កជំងឺផ្លូវដង្ហើមផ្សេងៗអាចនឹងឆ្លងវីរុសទី២ក្នុងពេលតែមួយ។ ការឆ្លងវីរុស២ក្នុងពេលតែមួយអាចធ្វើឲ្យយើងមានការលំបាកកាន់តែខ្លាំងជាងពេលឆ្លងតែវីរុសមួយប្រភេទ ប៉ុន្តែពេលខ្លះយើងមិនមានអាការៈខុសប្លែកពីពេលយើងឆ្លងវីរុសផ្ដាសាយតែមួយប្រភេទដែរ។
អ្នកជំនាញផ្នែកវីរុស លោក Lance Stewart បានលើកឡើងថាអាការៈដែលយើងជួបប្រទះអាចមកពីវីរុសដែលយើងឆ្លងបញ្ចូលគ្នា។ បើយើងឆ្លងវីរុស Rhinovirus ពីរក្នុងពេលតែមួយ យើងអាចនឹងមិនមានអាការៈខុសប្លែកទេព្រោះវីរុសទាំងពីរនេះបង្ករោគសញ្ញាស្រដៀងគ្នា។ ដោយឡែក បើយើងឆ្លងវីរុសផ្ដាសាយធម្មតា ហើយឆ្លងវីរុសផ្ដាសាយធំទៀតនោះ យើងអាចនឹងមានអាការៈកាន់តែធ្ងន់ធ្ងរ។ លោកស្រីវេជ្ជបណ្ឌិត Amanda Porro ប្រធានផ្នែកជំងឺកុមារនៅមន្ទីរកុមារ Nicklaus ក្នុងទីក្រុង Miami ក៏បាននិយាយថាការឆ្លងមេរោគមួយអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់មនុស្សចុះខ្សោយ និងងាយឆ្លងមេរោគមួយទៀត។ ដូចនេះខណៈប្រព័ន្ធភាពស៊ាំកំពុងប្រឆាំងនឹងមេរោគមួយទៀត មេរោគមួយទៀតអាចនឹងជ្រៀតចូល។
យ៉ាងណាមិញ នេះអាស្រ័យលើប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗដែរ។ ក្នុងករណីខ្លះ យើងអាចនឹងមិនមានឆ្លងមេរោគទី២នៅពេលយើងមានវីរុសមួយប្រភេទក្នុងខ្លួន នេះមកពីនៅពេលឆ្លងមេរោគអ្វីមួយ ប្រព័ន្ធភាពស៊ាំរបស់យើងគឺមានភាពសកម្មខ្លាំងដើម្បីប្រឆាំងនឹងមេរោគនោះ និងត្រៀមជាស្រេចក្នុងការកម្ចាត់មេរោគទី២ដែលជ្រៀតចូល។ មួយវិញទៀត អាការៈមិនស្រួលខ្លួនខ្លាំងមិនមែនមកពីចំនួនវីរុសដែលយើងមានក្នុងខ្លួនទេ ប៉ុន្តែអាចមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ គ្នាយើងដែលមានប្រព័ន្ធភាពស៊ាំខ្លាំងអាចនឹងបង្កឲ្យមានអាការៈមិនស្រួលខ្លួនខ្លាំង ព្រោះរាងកាយប្រឹងបញ្ចេញអង់ទីករកម្ចាត់វីរុសទាំងនោះ។ ចំណែកឯគ្នាយើងមានប្រព័ន្ធភាពស៊ាំខ្សោយវិញអាចនឹងមានអារម្មណ៍មិនស្រួលខ្លួន ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយរាងកាយរបស់ពួកគេនៅតែបន្តប្រឆាំងនឹងវីរុសដែលអាចចំណាយរយៈពេលច្រើនសប្ដាហ៍។
វេជ្ជបណ្ឌិត Porro បានបន្តទៀតថាយើងអាចនឹងមានអារម្មណ៍មិនស្រួលខ្លួនខ្លាំងនៅពេលប្រឆាំងនឹងវីរុសពីរ ដែលនេះមកពីការបាត់បង់ថាមពលច្រើន។ មួយវិញទៀតបើរាងកាយយើងកំពុងប្រឆាំងនឹងវីរុសហើយ ស្រាប់តែមានការឆ្លងបាក់តេរី នោះប្រព័ន្ធភាពស៊ាំនឹងត្រូវផលិតអង់ទីករដើម្បីប្រឆាំងទាំងវីរុស និងបាក់តេរីក្នុងពេលតែមួយ ហើយយើងអាចនឹងមិនស្រួលខ្លួនកាន់តែខ្លាំងថែមទៀត។ សម្រាប់អ្នកមានជំងឺហឺត ឬបញ្ហាផ្លូវដង្ហើមផ្សេងទៀតក៏អាចមានអាការៈមិនស្រួលខ្លួនខ្លាំងដែរ។
ទោះជាយ៉ាងណាការដឹងថាយើងឆ្លងជំងឺផ្ដាសាយពីរក្នុងពេលតែមួយគឺមានការពិបាក ជាពិសេសសម្រាប់វីរុសដែលបង្កអាការៈស្រដៀងគ្នា។ បើយើងជាសះស្បើយពីជំងឺផ្ដាសាយហើយស្រាប់តែចាប់ផ្ដើមមានអាការៈថ្មី នេះអាចបង្ហាញឲ្យដឹងថាមានការឆ្លងវីរុសទី២ហើយ។ ប៉ុន្តែជាធម្មតារាងកាយរបស់យើងអាចទប់ទល់នឹងការឆ្លងមេរោគបានយ៉ាងល្អ។
[embed-health-tool-vaccination-tool]