និយមន័យ
១- អ្វីជាជំងឺសួតឡើងរឹង?
ជំងឺសួតឡើងរឹង កើតឡើងនៅពេលដែលខ្យល់បំពេញសួត ត្រូវជំនួសដោយសារធាតុផ្សេង។ អាស្រ័យលើមូលហេតុជំងឺ ខ្យល់ចូលសួតអាចជំនួសដោយ៖
– សារធាតុរាវ៖ អាចជាខ្ទុះ ឈាម និងទឹក។
– វត្ថុរឹង៖ អាចជាសំណល់អាហារពីក្រពះ ឬកោសិកាជាដើម។
រូបភាពឃើញលើកាំរស្មីអ៊ិច បូករួមទាំងរោគសញ្ញា អាចស្រដៀងទៅនឹងវត្ថុទាំងនេះ ដូចនេះអ្នកជំងឺ ត្រូវការធ្វើតេស្តជាច្រើនទៀត ដើម្បីឲ្យដឹងថាសួតឡើងរឹងមែន ឬក៏អត់? ហើយបើព្យាបាលបានត្រឹមត្រូវ សួតអាចវិលមករកភាពធម្មតាវិញ ខ្យល់នឹងត្រឡប់មកចូលសួតដូចដើម។
២- ជំងឺសួតឡើងរឹងកើតឡើងញឹកញាប់ដែរទេ?
សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺសួតឡើងរឹងមានអ្វីខ្លះ?
សញ្ញាឧស្សាហ៍ជួបប្រទះក្នុងជំងឺនេះ មានដូចជា៖
– ពិបាកដកដង្ហើមកាន់តែខ្លាំងឡើង អាស្រ័យលើភាពធ្ងន់ធ្ងររបស់ជំងឺ
– កណ្ដាស់ និងចង់ផុតដង្ហើមម្ដងៗ
– ធ្ងន់ទ្រូង ហើយមានការឈឺចាប់
– ដង្ហើមញាប់ (កើតឡើងពេលចង្វាក់ដង្ហើមកើនឡើង បែកញើសច្រើន និងពិបាកក្នុងការនិយាយ)
– ឮសំឡេងពេលដកដង្ហើម
– មុខស្លេកស្លាំង ឬស្វាយមុខ
– ក្អកខ្លាំង និងចេញស្លេស្មច្រើន
– ក្ដៅខ្លួន
– បែកញើសពេលយប់
– អស់កម្លាំងល្ហិតល្ហៃ
វាអាចនៅមានសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ។ បើមានចម្ងល់ពាក់ព័ន្ធរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅពេទ្យ?
ក្នុងករណីមានចម្ងល់ មានរោគសញ្ញាមិនប្រក្រតី ឬសង្ស័យថាមានជំងឺ សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាការឆ្លើយតបទៅនឹងជំងឺរបស់មនុស្សគ្រប់រូប មានលក្ខណៈផ្សេងៗគ្នា។
មូលហេតុបង្ក
៥- មូលហេតុអ្វីខ្លះបង្កឲ្យមានជំងឺសួតឡើងរឹង?
មូលហេតុបង្កឲ្យមានជំងឺសួតឡើងរឹង មានដូចជា៖
– ជំងឺរលាកសួត៖ ជាជំងឺដែលច្រើនបង្កទៅជាសួតឡើងរឹងនេះជាងគេ។ នៅពេលដែលមានការបង្ករោគក្នុងសូតរាងកាយរបស់យើងនឹងបញ្ជូនកោសិកាឈាមសទៅសម្លាប់ពួកមេរោគ។ កោសិកាដែលស្លាប់ទាំងនោះនឹងបង្កើតបានជាខ្ទុះដែលអាចកកស្ទះក្នុងសួត។ជំងឺរលាកសួតអាចបង្កឡើងពីវីរុសនិងបាក់តេរីហើយក៏អាចបង្កមកពីផ្សិតនិងមីក្រូសរីរាង្គផ្សេងទៀតដែរ។
– ជំងឺហើមសួត៖ ជំងឺខ្សោយបេះដូង (Congestive heart failure) គឺជាមូលហេតុបង្កឲ្យមានអាការៈហើមសួតច្រើនជាងគេ។ នៅពេលបេះដូងមិនអាចច្របាច់ឈាមចេញអស់ទេ ឈាមនឹងចាល់ត្រឡប់ទៅសរសៃឈាមក្នុងសួត ជាហេតុនាំឲ្យមានសម្ពាធកាន់តែធំទៅៗទៅកាន់បំពង់ខ្យល់។ ពេលយើងឈ្លក់ទឹក តែងតែអាចមានការហើមសួត ដោយសារតែទឹកចូលក្នុងសួត។
– ហូរឈាមក្នុងសួត៖ កើតមានពេលសួតមានការហូរឈាម ដែលភាសាបច្ចេកទេសហៅថា Pulmonary Hemorrhage ហើយយោងតាមឯកសារស្ដីពីជំងឺរបេង និងជំងឺផ្លូវដង្ហើម ការហូរឈាមនេះ ភាគច្រើនបង្កឡើងពីការរលាកសរសៃឈាម អាចធ្វើឲ្យសរសៃឈាមអ្នកជំងឺងាយជ្រាប អាចឲ្យឈាមឆ្លងកាត់ចូលទៅបាន។
– ឈ្លក់សួត៖ កើតឡើងពេលយើងដកដង្ហើមចូលកម្ទេចកំទីអាហារទៅក្នុងសួត។ ពេលច្រាលចូលទៅ អាចបង្កជាជំងឺរលាកសួត ប៉ុន្តែរលាកសួតដោយសារការបង្ករោគ នៅតែពិបាកព្យាបាលជាងជំងឺឈ្លក់សួត។ បើមិនអាចលេបអាហារបានធម្មតាទេ យើងអាចនឹងមានការច្រាលបែបនេះចូលទៅក្នុងសួត បើមិនព្យាបាល យើងនឹងច្រាលបែបនេះមិនជាឡើយ។
ជាតិអាស៊ីដក្នុងក្រពះ ជាសារធាតុគីមីអាចធ្វើឲ្យរលាកភ្នាស និងរបួសទៅលើសួត ហៅថារលាកសាច់សួត។ យើងអាចប្រឈមបញ្ហានេះ បើសម្រាកនៅមន្ទីរពេទ្យដោយសារបាត់ស្មារតី។ ប៉ុន្តែនៅពេលដឹងខ្លួនឡើងវិញ យើងក៏លែងប្រឈមបញ្ហាច្រាលនេះទៀតដែរ។
– មហារីកសួត៖ ជំងឺកាចសាហាវនេះ ឧស្សាហ៍ជួបប្រទះណាស់ ហើយបើតាមសមាគមមហារីកអាមេរិក ជំងឺមហារីកសួត ឆក់យកជីវិតមនុស្សច្រើនជាង ជំងឺមហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ និងមហារីកសុដន់ បូកចូលគ្នាទៅទៀត។ យើងអាចប្រឈមមហារីកសួត បើយើងជាអ្នកជក់បារី។
កត្តាប្រឈម
៦- មានកត្តាប្រឈមអ្វីខ្លះបណ្តាលឲ្យមានជំងឺសួតឡើងរឹង?
កត្តាប្រឈមឲ្យកើតមានជំងឺសួតឡើងរឹង អាចមានច្រើន សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះបាន យើងត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យ ប្រាប់ពេទ្យពីប្រវត្តិជំងឺទូទៅ។ បន្ទាប់មកត្រូវពិនិត្យកាយសម្បទា ពេទ្យអាចត្រូវការស្ដាប់សំឡេងសួត និងថតសួតមើល មានការរាលដាលនោះដល់កម្រិតណា។នៅពេលកំណត់រោគវិនិច្ឆ័យបានហើយ ការព្យាបាលត្រូវធ្វើឡើងក្នុងពេលបន្ទាប់។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល គឺធ្វើឡើងអាស្រ័យទៅតាមមូលហេតុបង្កឲ្យសួតឡើងរឹង ដូចជា៖
– ជំងឺរលាកសួត៖ ពេទ្យព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងមូលហេតុបង្ក ដូចជាប្រើថ្នាំផ្សះ ថ្នាំប្រឆាំងវីរុស និងថ្នាំផ្សិតជាដើម។ យើងអាចទទួលការព្យាបាលដោយថ្នាំក្អក ថ្នាំចុកទ្រូង និងក្ដៅខ្លួនដូចគ្នា។
– ជំងឺហើមសួត៖ ការព្យាបាល អាស្រ័យលើមូលហេតុ អាចមាន បូមទឹកចេញពីសួត បន្ថយសម្ពាធក្នុងសរសៃឈាមឬបន្ថែមកម្លាំងឲ្យបេះដូងច្របាច់ឈាមបានល្អ។
– ហូរឈាមក្នុងសួត៖ បើមានជំងឺរលាកសរសៃឈាម ត្រូវព្យាបាលដោយថ្នាំស្តេរ៉ូអ៊ីត និងថ្នាំបន្ថយភាពស៊ាំ ហើយត្រូវប្រើជាប្រចាំ និងទៀងទាត់ ដើម្បីការពារអាការៈហូរឈាម។
– ច្រាលអាហារពីក្រពះចូលសួត៖ បើមានជំងឺនេះ យើងត្រូវព្យាបាលដោយថ្នាំផ្សះខ្លាំង ត្រូវធ្វើការវាស់ស្ទង់ពីសមត្ថភាពលេបអាហារ ដើម្បីការពារការច្រាលទៅថ្ងៃក្រោយ។
– រលាកសួតមិនបង្កដោយមេរោគ៖ មិនត្រូវការប្រើថ្នាំផ្សះទេ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ យើងអាចត្រូវប្រើថ្នាំស្តេរ៉ូអ៊ីត ដើម្បីកាត់បន្ថយការរលាក ហើយត្រូវទទួលការព្យាបាលបន្ទាប់បន្សំផ្សេងទៀត ដើម្បីឲ្យរាងកាយជួសជុល និងឆាប់ជាសះលឿន។
– មហារីកសួត៖ ជំងឺនេះ ពិបាកព្យាបាលណាស់ ហើយការកាត់ដុំមហារីកចោលតាមរយៈវះកាត់ ជាវិធីដ៏ល្អ ធានាថាជា១០០% ប៉ុន្តែមិនមែនដុំមហារីទាំងអស់ សុទ្ធតែអាចយកចេញបាននោះទេ។ នៅពេលមហារីកចាប់ផ្ដើមរាលដាល គឺយឺតពេលទៅហើយ មិនអាចព្យាបាលបានទេ ជម្រើសចុងក្រោយ មានតែព្យាបាលអាការៈ និងផលវិបាករបស់ជំងឺប៉ុណ្ណោះ។ ហេតុនេះ ទើបពេទ្យតែងលើកឡើងថារកឲ្យឃើញនូវជំងឺឲ្យបានទាន់ពេល គឺអាចព្យាបាល និងចៀសផុតរឿងអកុសលផ្សេងៗ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]