ចងដៃស្បូន ជាវិធីពន្យារកំណើតបែបអចិន្ត្រៃយ៍មួយក្នុងចំណោមវិធីសាស្រ្តផ្សេងៗទៀត។ ការចងដៃស្បូនជួយការពារកុំឲ្យស៊ុតញីធ្វើដំណើរពីអូវែទៅកាន់បំពង់ដៃស្បូន និងរារាំងមេជីវិតឈ្មោលធ្វើដំណើរទៅកាន់បំពង់ដៃស្បូនជួបមេជីវិតញី។ ការពន្យារកំណើតដោយចងដៃស្បូនមិនធ្វើឲ្យប៉ះពាល់វដ្ដរដូវរបស់ស្រីៗនោះទេ។ ប៉ុន្តែក៏មានដែរ ករណីខ្លះក្រោយចងដៃស្បូនហើយ នៅតែអាចមានផ្ទៃពោះបាន តែករណីនេះ ត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះអាចមានករណីកូនក្រៅស្បូន។
១. ហេតុអ្វីពន្យារកំណើតដោយចងដៃស្បូន
ចងដៃស្បូនជាវិធីពន្យារកំណើតទូទៅមួយស្រីៗបានអនុវត្ត។ ការពន្យារកំណើតដោយចងដៃស្បូន ជួយការពារការមានផ្ទៃពោះជាអចិន្ត្រៃយ៍ ដូចនេះហើយ បានជាស្រីៗមិនបាច់ចាំប្រើថ្នាំពន្យារកំណើត ឬវិធីពន្យារកំណើតផ្សេងទៀតនោះទេ។ យ៉ាងណា វិធីសាស្រ្តពន្យារកំណើតប្រភេទនេះមិនអាចការពារយើងពីជំងឺកាមរោគនោះទេ។
ការចងដៃស្បូនអាចបង្កើនហានិភ័យកើតជំងឺមហារីកក្រពេញអូវែ ជាពិសេសបើបំពង់ដៃស្បូនត្រូវកាត់ចេញ។ ដូចគ្នាដែរ វិធីពន្យារកំណើតដោយចងដៃស្បូនមិនមែនស័ក្ដិសមចំពោះស្រ្តីគ្រប់រូបនោះទេ។ មុនសម្រេចចិត្តជ្រើសរើសវិធីពន្យារកំណើតណាមួយ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីឲ្យយល់ច្បាស់ថាវិធីណាមួយល្អចំពោះយើង។
គ្រូពេទ្យអាចណែនាំឲ្យយើងប្រើជម្រើសផ្សេងដូចជាដាក់កងក្នុងស្បូន ឬដាក់កងនៅដៃ បើសិនជាយើងមិនអាចចងដៃស្បូនបាន។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
![](https://cdn.hellokrupet.com/wp-content/uploads/2021/07/79e5cdb8-.jpg)
២. កត្តាប្រឈម
វិធីពន្យារកំណើតបែបចងដៃស្បូន តម្រូវឲ្យមានការប្រើថ្នាំសណ្ដំ ក្នុងដំណើរការវះកាត់។ កត្តាប្រឈមទាក់ទងនឹងការចងដៃស្បូនមានដូចជា៖
- អាចប៉ះពាល់ពោះវៀន ផ្លោកនោម ឬសរសៃឈាមធំ
- មានប្រតិកម្មទៅនឹងថ្នាំសណ្ដំ
- របួសជាសះស្បើយមិនបានល្អ ឬឆ្លងរោគ
- បន្តឈឺពោះ ឬអាងត្រគាក
- ចងដៃស្បូនមិនបានល្អ នាំឲ្យអាចមានកូនដោយចៃដន្យនាពេលអនាគត។
កត្តាមួយចំនួន ទំនងជាអាចធ្វើឲ្យអ្នកចងដៃស្បូនជួបផលវិបាក៖
- ធ្លាប់វះកាត់អាងត្រគាក ឬពោះ
- ធាត់លើសទម្ងន់
- ជំងឺទឹកនោមផ្អែម។
៣. លទ្ធផលក្រោយចងដៃស្បូន
ការចងដៃស្បូនជាវិធីពន្យារកំណើតមានសុវត្ថិភាព និងជាអចិន្ត្រៃ៍យ៍។ ប៉ុន្តែវិធីមួយនេះមិនមែនគ្រប់គ្នាអាចប្រើបាននោះដែរ។ ស្រ្តីចងដៃស្បូនតិចជាង១% នឹងមានផ្ទៃពោះបានក្រោយចងដៃស្បូនបានមួយឆ្នាំ។ ការចងដៃស្បូននៅវ័យកាន់តែក្មេង អត្រាបរាជ័យក៏មានច្រើនដែរ។
បើសិនជាស្រីៗយើងមានផ្ទៃពោះក្រោយចងដៃស្បូន អាចមានហានិភ័យខ្ពស់មានកូនក្រៅស្បូន។ ការមានកូនក្រៅស្បូនតម្រូវឲ្យមានការការវះកាត់ព្យាបាលបន្ទាន់។ កូនក្រៅស្បូនមិនអាចរក្សាទុករហូតដល់ពេលសម្រាលនោះទេ។ បើសិនជាស្រីៗយើងមានផ្ទៃពោះក្រោយពីចងដៃស្បូនរួច គួរស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្លាមៗដែរ។