គ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អ៊ូង មុនីរស្មី បញ្ជាក់ថា ក្រោយសម្រាលកូនរួច ១ខែកន្លះ ម៉ាក់ៗអាចពន្យារកំណើតបានហើយ ព្រោះសុខភាព និងស្បូនជាសះស្បើយ ត្រលប់មកសភាពដើមវិញ។ “១ខែកន្លះបន្ទាប់ពីកើតអាអូនរួច គ្រូពេទ្យតម្រូវឲ្យម៉ាក់ៗមកពិនិត្យសុខភាពក្រោយសម្រាល តើត្រលប់មកដូចដើមទេ ពេលហ្នឹងដែរ គ្រូពេទ្យនឹងណែនាំឲ្យការពារកំណើតហើយ ដើម្បីបង្ការការមានកូនញឹកពេក ឬការមានកូនមិនតាមប្រាថ្នា”។
លោកស្រីវេជ្ជបណ្ឌិតថា ស្រីៗមួយចំនួនគិតថា បើមិនទាន់មានឈាមរដូវទេ មិនបាច់ពន្យារកំណើតក៏បានដែរ ការគិតដូច្នេះមិនត្រឹមត្រូវទេ ព្រោះក្រោយសម្រាលកូនរួច ស្រីៗមានរដូវវិញលឿន ឬឆាប់ អាស្រ័យទៅលើការបំបៅដោះកូនដែរ ការបំបៅកូនកាន់តែយូរ និងញឹកញាប់ ធ្វើឲ្យពន្យារការមករដូវ។ ទោះមានឈាមរដូវ ឬអត់ ការរួមភេទក្រោយសម្រាលកូនរួច អាចមានកូនគ្រប់ពេលវេលា ដូច្នេះហើយស្រីៗយើងចាំបាច់ត្រូវមានវិធីការពារ។
អត្ថបទពាក់ព័ន្ធ៖

ចំពោះម៉ាក់ៗដែលបំបៅដោះកូន ហើយចង់ពន្យារកំណើតដោយប្រើថ្នាំគ្រាប់នោះ គ្រូពេទ្យនឹងណែនាំឲ្យប្រើថ្នាំពន្យារកំណើតណាដែលមិនបង្កផលប៉ះពាល់ដល់សុខភាពកូន។ មិនថា ថ្នាំគ្រាប់ពន្យារកំណើត ឬមធ្យោបាយពន្យារកំណើតផ្សេងៗទៀតនោះទេ មុនប្រើចាំបាច់ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យផ្នែកសម្ភព ឬរោគស្ត្រី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕