backup og meta

ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 30, 2020

    ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន

    អាការៈ​ក្រោយ​ស្រវឹង​គឺ​បង្ក​ឡើង​ដោយ​ការ​ផឹក​គ្រឿងស្រវឹង​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​មួយ​ចំនួន​ដូចជា​អស់កម្លាំង ឈឺក្បាល ចង្អោរ រាករូស បាត់បង់​ជាតិ​ទឹក និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជាដើម។ អាការៈ​ទាំង​នេះ​អាច​ធ្វើ​ឲ្យអ្នក​ផឹក​គ្រឿង​ស្រវឹង​​ពិបាក​ក្នុង​ខ្លួន ដែលអ្នក​ខ្លះ​អាច​នឹង​ប្រើ​ថ្នាំពេទ្យ​ពពួក​ថ្នាំ បំបាត់ការ​ឈឺចាប់​ដូច​ជា ថ្នាំ Ibuprofen ឬ ថ្នាំ Naproxen ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​ដែល​យើង​អាច​សាកល្បង​ដើម្បី​បន្ធូរ​អាការៈ​ទាំង​នេះ​បាន។

    . ញ៉ាំ​អាហារ​ពេលព្រឹក

    នៅ​ពេល​រាងកាយ​បំបែក​គ្រឿងស្រវឹង កម្រិត​អាស៊ីត​ឡាក់តិច (lactic acid) កើន​ឡើង​ដែល​នេះ​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ និង​ជា​ចំណែក​មួយ​ដែល​បង្ក​ឲ្យ​មាន​អាការៈ​ក្រោយ​ស្រវឹង។ ការ​ញ៉ាំអាហារ​​ពេល​ព្រឹក​អាច​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​វិល​មក​កម្រិត​ធម្មតា​វិញ និង​បន្ធូរបន្ថយ​អាការៈ​មួយ​ចំនួន​​បង្ក​ដោយ​អាការៈ​ក្រោយ​ស្រវឹង។ រាងកាយ​របស់​យើង​ត្រូវការ​សារធាតុ​ចិញ្ចឹម​ដូចជា​ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិ​ខ្លាញ់​ល្អ និង​​​វីតាមីន​ ដើម្បី​ជួសជុល និង​ធ្វើ​ឲ្យជាសះស្បើយ។

    . ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

    ការ​ផឹក​គ្រឿង​ស្រវឹង​អាច​បង្ក​អាការៈ oxidative stress ដែល​បណ្ដាល​ឲ្យ​រាងកាយ​ផលិត​ពពួក​រ៉ាឌីកាល់​សេរី។ ការ​សិក្សា​បាន​ផ្សារភ្ជាប់​អាការៈ oxidative stress ទៅ​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​រួមមាន​ជំងឺ​បេះដូង និង​ជំងឺ​មហារីក​។ ប៉ុន្តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ជួយ​កម្ចាត់​ពពួក​រ៉ាឌីកាល់​សេរី​បាន។ អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ពពួក​ផ្លែ​បឺរី ផ្លែ​ឈើរី ផ្លែ​ទំពាំងបាយជូរ ផ្លែ​ទទឹម ការ៉ុត ស្ពៃពួយឡេង ខ្ញី សូកូឡា​ពណ៌​ខ្មៅ គ្រាប់ធញ្ញជាតិ តែបៃតង និង​តែ​ខ្មៅ។

    . ផឹកទឹក

    គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិទឹក​ដោយ​បង្កើន​បរិមាណ​ទឹកនោម​ដែល​តម្រង​នោម​ផលិត។ យើង​ក៏​អាច​បាត់បង់​ជាតិទឹក​តាមរយៈ​ការ​បែកញើស ក្អួត ឬ​រាករូស​ដែរ។ ម៉្យាងទៀត ការ​បាត់បង់​ជាតិទឹក​អាច​បង្ក​ឲ្យ​មាន​អាការៈ​ស្ងួត​មាត់ និង​ឈឺក្បាល។ ការ​ផឹក​ទឹក​អាច​ជួយ​សម្រាល​ដល់​អាការៈ​ក្រោយ​ស្រវឹង​បាន។ យើង​អាច​ផឹក​ទឹក​មុន​ចូល​គេង​ក្រោយពី​ផឹក​គ្រឿង​ស្រវឹង និង​ផឹក​ទឹក​ក្រោយ​ពេល​ភ្ញាក់ពីគេង។ យើង​ក៏​អាច​ផឹក​ភេសជ្ជៈ​កីឡា​ដើម្បី​បំពេញ​ជាតិ​សូដ្យូម ប៉ូតាស្យូម និង​អេឡិចត្រូលីត​ដែល​យើង​បាត់បង់​ដោយសារ​ក្អួត ឬ​រាករូស។

    . ផឹក​ទឹក​ផ្លែ​ឈើស្រស់ ឬ​ទឹកខ្ញី

    ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​ល្អ​សម្រាប់​សម្រាល​អាការៈ ក្រោយ​ស្រវឹង​គឺ​ទឹក​ផ្លែឈើស្រស់ ឬ​ទឹកខ្ញី។ ទឹក​ផ្លែឈើ​ស្រស់​មាន​ fructose ដែល​ជា​ស្ករ​ផ្តល់​ថាមពល និង​ជួយ​មុខងារ​របស់​ថ្លើម។ ទឹកប៉េងប៉ោះ ទឹកក្រូចស្រស់ និង​ទឹកដូង​គឺ​ជា​ជម្រើស​ល្អ។ ចំណែក​ឯ​ទឹកខ្ញី​វិញ​អាច​បំបាត់​អាការៈ​ចង្អោរ ឬ​ក្អួត​បង្ក​ដោយ​អាការៈ​ក្រោយ​ស្រវឹង។

    . គេង​​ឲ្យ​បាន​ច្រើន

    ដើម្បី​បន្ធូរ​អាការៈ​ក្រោយ​ស្រវឹង​ ការ​សម្រាក​គឺជា​វិធី​ដ៏​ល្អ។ គ្រឿងស្រវឹង​អាច​រំខាន​ដល់​ដំណេក​ដែល​អាច​ធ្វើ​ឲ្យ​អាការៈ​ក្រោយ​ស្រវឹង​កាន់តែ​អាក្រក់​ជាង​មុន។ ដូចនេះ​ការ​គេង​ឲ្យ​បាន​ច្រើន​អាច​ជួយ​សម្រាល​អាការៈ​ក្រោយ​ស្រវឹង​បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម