backup og meta

វិធីពន្យារកំណើត មាន​អី​ខ្លះ ហើយ​មួយណា​ពេញ​និយម​ជាង​គេ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 06, 2019

    វិធីពន្យារកំណើត មាន​អី​ខ្លះ ហើយ​មួយណា​ពេញ​និយម​ជាង​គេ?

    វិធី​ពន្យារ​កំណើត គឺ​ជា​ការ​ការ​ពារ​កុំ​មាន​កូន​ ដោយ​មិន​ទាន់​ចង់​បាន។ វិធី​ពន្យារ​កំណើត​មាន​ជា​ច្រើ​នរបៀប អ្នក​អាច​លេប​ថ្នាំ​គ្រាប់ ឬ​ប្រើ​ឧបករណ៍​ដាក់​ចូល​ក្នុង​ខ្លួន ដោយ​ប្រើ​វិធី​វះ​កាត់​តូច។ ការ​ជ្រើស​រើស​វិធី​ពន្យារ​កំណើត គឺ​អាស្រ័យ​លើ​អាយុ ទម្ងន់ រយៈពេល​ដែល​​ចង់​បាន​កូន​វិញ បញ្ហា​សុខ​ភាព និង​មើល​លើ​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” នឹង​លើក​យក​វិធី​ពន្យារ​កំណើត​សាមញ្ញ​ទាំង ៥ ដែល​គេ​ច្រើន​ប្រើ យក​​មក​ប្រាប់​អ្នក​ទាំង​អស់​គ្នា។

    ថ្នាំគ្រាប់ពន្យារកំណើត

    ដោយ​មើល​លើ​ស្ថាន​ភាព​សុខភាព​របស់​អ្នក អ្នក​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​លាស់ មុន​ពេល​អ្នក​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ថ្នាំ។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​គឺ​ជា​វិធី​ដ៏​ងាយ​ស្រួល​ នឹង​មាន​គេ​ប្រើ​ប្រាស់​ជា​ច្រើន នៅ​ជុំ​វិញ​ពិភព​លោក ដោយ​សារ​តែ​វា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​មាន​តម្លៃ​សមរម្យ។ គុណ​វិបិត្ត​របស់​វា​គឺ​មាន​តែ​មួយ​ប៉ុន្នោះ គឺ​វា​មាន​ប្រសិទ្ធ​ភាព​តែ​លើមនុស្ស​អាយុ​ក្រោម ៣៥​ឆ្នាំ និង​មិន​ជក់​បារី​តែ​ប៉ុន្នោះ។ ដើម្បី​ឲ្យ​ថ្នាំ​នេះ​មាន​ប្រសិទ្ធ​ភាព​បាន​ត្រឹម​ត្រូវ អ្នក​ត្រូវ​តែ​លេប​វា​ឲ្យ​បាន​ទៀង​ទាត់​ចំនួន ២១​ថ្ងៃ រួច​ហើយ​អ្នក​ត្រូវ​បញ្ឈប់​ចំនួន ៧​ថ្ងៃ បន្ទាប់​មក​អ្នក​ត្រូវ​ធ្វើ​តាម​វិធី​នេះ​​ដដែល​ឲ្យ​បាន​ទៀង​ទាត់។

    ស្រោមអនាម័យ

    ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ខាង​លើ អាច​ការ​ពារ​អ្នក​បាន​ត្រឹម​តែ​មិន​ឲ្យ​អ្នក​មាន​កូន​បាន​តែ​ប៉ុន្នោះ ចំណែក​ឯ​ស្រោម​អនាម័យ​វិញ វា​មិន​ត្រឹម​តែ​ជា​អ្នក​ការពារ​មិន​ឲ្យ​អ្នក​មាន​កូន​តែ​មួយ​មុខ​នោះ​ទេ វា​ថែម​ទាំង​ការពារ​រាល់​ជម្ងឺ​កាម​រោគ​ផ្សេង​ៗ​បាន​ថែម​ទៀត​ផង។ ស្រោម​អនាម័យ​គឺ​គេ​ធ្វើ​​ឡើង​សម្រាប់​មនុស្ស​ប្រុស ប៉ុន្តែ​មក​ដល់​ពេល​នេះ​ស្រោម​អនាម័យ​របស់​មនុស្ស​ស្រី ក៏​គេ​ផលិត​ឡើង​ដែរ។ ស្រោម​អនាម័យ​របស់​មនុស្ស​ប្រុស គឺ​ធ្វើ​ឡើង​ពី​សារធាតុ​ឡាតិច ហើយ​គេ​យក​វា​មក​ពាក់​ពី​លើ​លិង្គ​របស់​មនុស្ស​ប្រុស។ ស្រោម​អនាម័យ​គឺ​ជា​អ្នក​ការពារ​មិន​ឲ្យ​មេជីវិត​ឈ្មោល និង​មេជីវិត​ញី​ជួប​គ្នា​បាន ដូច​នេះ​វា​មិន​អាច​បង្ក​កំណើត​បាន​ទេ។ អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទិញ​ស្រោម​អនាម័យ, ការ​រក្សា​ទុក​ និង​ប្រើ​ប្រាស់​វា​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​ត្រូវ​ប្រើ​ស្រោម​ដែល​ផុត​កំណត់ ឬ​ស្រោម​ដែល​អ្នក​ធ្លាប់​ប្រើ​ម្ដង​រួច​ហើយ​ទេ។

    កងដាក់ក្នុងទ្វារមាស

    អ្នក​​អាច​ចាត់​ទុក​វា​បាន​ជា​ថ្នាំ​ពន្យារ​កំណើត​ប្រ​ភេទ​ខ្លាំង​មួយ​បាន។ កង​ដាក់​ក្នុងទ្វារ​មាស គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ជ័រ​ប្លាស្ទិច​ទន់ ហើយ​គេ​ដាក់​វា​ចូល​ក្នុង​ទ្វារ​មាស​រយៈ​ពេល ២១​ថ្ងៃ។ បន្ទាប់​មក​អ្នក​អាច​ដក​វា​ចេញ​រយៈ​ពេល ៧​ថ្ងៃ និង​ចាប់​ផ្ដើម​មាន​រដូវ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ដដែល។ កង​នេះ​អាច​ផលិត​អ័រម៉ូន​បាន​ពីរ​ប្រភេទ គឺ​អឺស្ត្រូហ្សែន និង​ប្រូចេស្តេរ៉ូន ដែល​អ័រម៉ូន​ទាំង​ពីរ​នេះ គឺជា​អ្នក​ការ​ពារ​មិន​ឲ្យ​មាន​ការ​បញ្ចេញ​មេជីវិត​ញី និង​មិន​អាច​បង្ក​កំណើត​បាន។ គេ​​មិន​ធ្លាប់​ឃើញ​មាន​ប្រតិកម្ម​ធ្ងន់​ធ្ងរ​ណា​មួយ​ កើត​ឡើង​បន្ទាប់​ពី​ការ​ប្រើ​កង​ដាក់​ក្នុង​ទ្វារ​មាស​នេះ​ទេ។ អ្វី​ដែល​កង​ដាក់​ក្នុង​ទ្វារ​មាស​​នេះ​មិន​អាច​ធ្វើ​បាន​នោះ​គឺ វា​មិន​អាច​ការពារ​ជម្ងឺ​កាម​រោគ​បានទេ។

    ដាក់កងក្រោមស្បែក

    វិធី​ពន្យារ​កំណើត​ប្រភេទ​មួយ​នេះ តម្រូវ​ឲ្យ​មាន​គ្រូពេទ្យ​ជំនាញ​ជា​អ្នក​ដាក់។ គ្រូពេទ្យ​នឹង​ដាក់​បំពង់​ជ័រ​តូច​មួយ​ចូល​ក្រោម​ដើម​ដៃ​របស់​អ្នក។ ឧបករណ៍​មួយ​នេះ នឹង​បញ្ចេញ​អ័រម៉ូន​ប្រចេស្តេរ៉ូន​បន្តិច​ម្ដង​ៗ​ចូល​ក្នុង​ចរន្ដ​ឈាម ហើយ​វា​នឹង​ការ​ពារ​មិន​ឲ្យ​មាន​ការ​បញ្ចេញ​មេជីវិត​ញី​មក​បាន។ វិធី​ពន្យារ​កំណើត​ប្រភេទ​នេះ អាច​មាន​ប្រសិទ្ធ​ភាព​រហូត​ដល់ ៣ឆ្នាំ ដូច​នេះ​វា​គឺ​ជា​ជម្រើស​ល្អ​សម្រាប់​ដៃ​គូរ​ដែល​ទើប​រៀប​ការ​រួច ហើយ​មិន​ទាន់​ចង់​បាន​កូន។ លើស​ពី​នេះ​ថែម​ទៀត វីធី​មួយ​នេះ​មិន​បង្ក​ឲ្យ​មាន​ផល​រំខាន ឬ​ប៉ះ​ពាល់​ដល់​វដ្ដ​រដូវ​របស់​មនុស្ស​ស្រី​ឡើយ។

    ក្រៅ​ពី​ការ​ដាក់​កង​ចូល​ក្រោម​ស្បែក គេ​ក៏​អាច​ប្រើ​ជា​ថ្នាំ​ចាក់ ឬ​ប្រើ​ជា​បន្ទះ​បិទ​លើ​ស្បែក​បាន​ដូច​គ្នា។ ជា​ទូទៅ​ថ្នាំ​ចាក់​អាច​មាន​ប្រសិទ្ធ​ភាព​ប្រហែល ៨ ទៅ ១៣​សប្ដាហ៍ ចំណែក​ឯ​បន្ទះ​បិទ​វិញ អាច​មាន​ប្រសិទ្ធ​ភាព​ប្រហែល​តែ ៣សប្ដាហ៍​តែ​ប៉ុន្នោះ។

    កងដាក់ក្នុងស្បូន (IUS និង IUD)

    IUS មាន​រៀង​ដូច​អក្សរ T ដែល​វា​ជា​អ្នក​បញ្ចេញ​អ័រម៉ូន​ប្រូចេស្តេរ៉ូន បន្ទាប់​ពី​គ្រូពេទ្យ​ដាក់​វា​ចូល​ក្នុង​ស្បូន​រួច។ IUS អាច​មាន​ប្រសិទ្ធ​ភាព​រហូត​ដល់ ៣ ទៅ ៥ឆ្នាំ។ ចំណែក​ឯ IUD ​ក៏​ស្រដៀង​គ្នា​ជាមួយ​នឹង IUS ដែរ តែ​ភាព​ខុស​គ្នា​ពី IUS ដោយ​សារ​តែ​វា​បញ្ចេញ​ជាតិ​ទង់​ដែង និង​មិន​បញ្ចេញ​អ័រម៉ូន​ប្រចេស្តេរ៉ូន​ទេ។ IUD អាច​នៅ​ក្នុង​ខ្លួន​របស់​អ្នក​បាន​រហូត​ទៅ​ដល់ ៥ ទៅ ១០​ឆ្នាំ​ឯ​ណោះ។ ប្រសិន​បើ​អ្នក​មាន​អាយុ​លើស​ពី ៤៥ឆ្នាំ ហើយ​អ្នក​ចង់​ប្រើ​វិធី​មួយ​នេះ អ្នក​អាច​ឲ្យ​គ្រូពេទ្យ​ជំនាញ​ដាក់​កង​ចូល​ក្នុង​ស្បូន​ហើយ​ទុក​ចោល​នៅ​ក្នុង​នោះ រហូត​ដល់​ពេល​អ្នក​អស់​រដូវ​តែ​ម្ដង

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម