“Hello គ្រូពេទ្យ’ ធ្លាប់ចេញផ្សាយអត្ថបទមួយពាក់ព័ន្ធបញ្ហាញៀនរួមភេទ ឲ្យគ្នាយើងបានដឹងរួចមកហើយ។ សម្រាប់ពេលនេះ យើងនឹងណែនាំពីមូលហេតុ និងវិធីដោះស្រាយបញ្ហាញៀនរួមភេទឲ្យបានដឹងវិញម្តង។
“Hello គ្រូពេទ្យ’ ធ្លាប់ចេញផ្សាយអត្ថបទមួយពាក់ព័ន្ធបញ្ហាញៀនរួមភេទ ឲ្យគ្នាយើងបានដឹងរួចមកហើយ។ សម្រាប់ពេលនេះ យើងនឹងណែនាំពីមូលហេតុ និងវិធីដោះស្រាយបញ្ហាញៀនរួមភេទឲ្យបានដឹងវិញម្តង។

១- និយមន័យញៀនរួមភេទ
ញៀនរួមភេទ ជាវិបត្តិមួយនៅពេលមនុស្សម្នាក់មានអារម្មណ៍រួមភេទខ្លាំង ហើយរួមភេទញឹកញាប់ និងមិនអាចខ្វះបានទាល់តែសោះក្នុងជីវិតប្រចាំថ្ងៃ។ បញ្ហាញៀនរួមភេទ នាំឲ្យមានផលអវិជ្ជមានច្រើន ទៅលើជីវិតប្រចាំថ្ងៃ ទាំងផ្លូវចិត្ត និងផ្លូវកាយ ទាមទារការព្យាបាលត្រឹមត្រូវមួយ ដើម្បីធ្វើឲ្យជីវិតមានផាសុកភាពឡើងវិញ។
២- ញៀនរួមភេទជះឥទ្ធិពលអ្វីខ្លះដល់ជីវិតយើង?
ជាការពិត បញ្ហាញៀនរួមភេទ អាចនាំឲ្យមានផលអាក្រក់ដល់ជីវិតប្រចាំថ្ងៃ ដូចជា៖
– បាត់បង់ទំនាក់ទំនង ទាំងជាមួយខ្លួនយើងផ្ទាល់ មិត្តភក្តិ ក្រុមគ្រួសារ ក៏ដូចជាឃ្លាតឆ្ងាយពីសង្គម។
– ពិបាកផ្ចង់អារម្មណ៍ធ្វើការងារ ឬរៀន ដែលនាំឲ្យទទួលបានលទ្ធផលទាប។
– ងាយឆ្លងជំងឺកាមរោគ ដូចជា ជំងឺអេដស៍ មេរោគ HPV រើម ប្រមេះទឹកថ្លា (Clamydia) ដុះសាច់លើប្រដាប់ភេទ (Genital warts) ជាដើម។
– សុខភាពទ្រុឌទ្រោម
– អាចខូចមុខងារផ្លូវភេទ។
ញៀនរួមភេទ អាចបណ្ដាលមកពីបញ្ហាផ្លូវចិត្ត។ អ្នកមានបញ្ហានេះ អាចមានអារម្មណ៍មិននឹងន ខ្មាសអៀន មានទុក្ខព្រួយ។ ញៀនរួមភេទ ក៏អាចនាំឲ្យកើតជំងឺផ្លូវចិត្ត ដូចជា បាក់ទឹកចិត្ត ថប់បារម្ភ ប្រើថ្នាំញៀន និងស្រា មិនអាចគ្រប់គ្រងអារម្មណ៍បាន និងបញ្ហាផ្លូវចិត្តមិនប្រក្រតី អាចឈានទៅដល់រោគសញ្ញាផ្លូវចិត្តមិនអាចគ្រប់គ្រងបានទៀតផង (Obsessive-compulsive type symptoms) ។
៣- ធ្វើម៉េចទើបដឹងយើងមានបញ្ហាញៀនរួមភេទ?
វិធីល្អបំផុត គួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ យ៉ាងណា មុនទៅពេទ្យដើម្បីវាយតម្លៃយើងពិតជាមានបញ្ហានេះ ឬអត់ យើងអាចពិនិត្យមើលដោយខ្លួនឯងសិនថាតើមានសញ្ញាបញ្ហាញៀនរួមភេទ ឬយ៉ាងណា ខណៈរោគសញ្ញាបញ្ហាមានដូចជា៖
– មានអារម្មណ៍ខ្មាសអៀន សោកស្ដាយ ឬបន្ទោសខ្លួនឯង ចំពោះសកម្មភាពរួមភេទធ្លាប់បានធ្វើ។
– អារម្មណ៍រួមភេទ និងជម្រើសចង់រួមភេទ ធ្វើឲ្យជីវិតអ្នកមិនអាចគ្រប់គ្រង ឬបញ្ឈប់បាន។
– សន្យា និងព្យាយាមផ្លាស់ប្ដូរ តែធ្វើមិនបាន។
– ចូលចិត្តខ្លាំង ឬញៀនខ្លាំងជាមួយការរួមភេទ ប្រៀបស្មើរឿងសំខាន់ មិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។
– រួមភេទជាមួយដៃគូច្រើន និងញឹកញាប់ ច្រើនតែធ្លាក់ចូលក្នុងប្រភេទស្នេហាមួយរាត្រី។
– តែងចង់រកការរួមភេទដោយការទិញដូរ (ពេស្យាចារ)។
– ងាយរួមភេទគ្មានសុវត្ថិភាព។
– ចូលចិត្តមើលរឿងសិចក្នុងអ៊ីនធឺណេត។

អត្ថបទពាក់ព័ន្ធ៖
៤- មូលហេតុនាំឲ្យញៀនរួមភេទ
រហូតមកដល់ពេលនេះ មិនទាន់មានចម្លើយតាមបែបវិទ្យាសាស្ត្រ បញ្ជាក់ពីមូលហេតុនាំឲ្យមានបញ្ហាញៀនរួមភេទនេះទេ។ បើតាមសារព័ត៌មានវេជ្ជសាស្ត្រ MEDICAL NEWS TODAY នៅអាមេរិក បញ្ហាញៀនរួមភេទ អាចបណ្ដាលមកពីផ្លាស់ប្ដូរសារធាតុគីមីនៅក្នុងខួរក្បាល។
៥- វិធីព្យាបាលបញ្ហាញៀនរួមភេទ
ការព្យាបាលបញ្ហានេះ ជាញឹកញាប់ផ្ដោតលើការគ្រប់គ្រងកត្តាដែលជំរុញឲ្យយើងមានអារម្មណ៍ចង់រួមភេទ។ គោលបំណងធំក្នុងការព្យាបាល គឺគ្រប់គ្រងកត្តាធ្លាប់នាំឲ្យយើងគិតតែចង់រួមភេទ ដើម្បីធ្វើឲ្យចំណង់ចង់រួមភេទ មិនដាក់សម្ពាធលើផ្លូវជីវិតយើងតទៅទៀត។
វិធីព្យាបាលដោយថ្នាំពេទ្យ ក៏ជាជម្រើសមួយទៀតដែរដើម្បីដោះស្រាយបញ្ហានេះ ដោយគ្រូពេទ្យអាចនឹងណែនាំមួយចំនួនខាងក្រោម៖
– ពពួកថ្នាំ Serotonergic (SSRI)៖ ថ្នាំនេះ ប្រើសម្រាប់ព្យាបាលជំងឺជាច្រើន ដូចជា ជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងធ្វើឲ្យមានស្ថិរភាពផ្លូវចិត្ត អាចជួយបន្ថយចំណង់ផ្លូវភេទ កុំឲ្យកើនឡើងខ្លាំងបាន។
– ថ្នាំ Naltrexon៖ ជាថ្នាំបន្សាបថ្នាំញៀន ឬថ្នាំមានជាតិអាភៀន អាចប្រើដើម្បីបន្ថយអារម្មណ៍ចង់រួមភេទបានដូចគ្នា។
– ថ្នាំទម្លាក់ចុះអ័រម៉ូនភេទបុរស (Anti-androgenic)៖ អាចប្រើដោះស្រាយបញ្ហាញៀនរួមភេទ ដូចជាថ្នាំ Medroxyprgesterone acetate។
មុនសម្រេចចិត្តដោះស្រាយបញ្ហាដោយប្រើថ្នាំ គប្បីត្រូវពិភាក្សាជាមួយអ្នកឯកទេស ឬគ្រូពេទ្យជំនាញជាមុនសិន ដើម្បីទទួលបានការណែនាំត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូន៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What Causes Sexual Addiction? https://psychcentral.com/lib/what-causes-sexual-addiction/ Accessed February 15, 2017
Sex Addiction Treatment Program Options http://www.psychguides.com/guides/sex-addiction-treatment-program-options/ Accessed February 15, 2017
Sex Addiction Symptoms, Causes and Effects http://www.psychguides.com/guides/sex-addiction-symptoms-causes-and-effects/ Accessed February 15, 2017
https://www.medicinenet.com/sexual_addiction/article.htm#what_is_the_treatment_for_sexual_addiction
កំណែប្រែបច្ចុប្បន្ន
27/06/2019
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ