ស្រីដែលអាចប្រឈមមុខខ្ពស់នឹងជំងឺមហារីកមាត់ស្បូនរួមមាន ស្ត្រីដែលក្រុមគ្រួសារមានជំងឺមហារីក រួមភេទនៅវ័យក្មេងពេក មានប្រព័ន្ធការពារចុះខ្សោយ ដូចជាមានជំងឺអេដស៍ ជំងឺថ្លើម ជំងឺទឹកនោមផ្អែម និងស្ត្រីមានដៃគូរួមភេទច្រើន តម្រូវឲ្យធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន ១ឆ្នាំ/ម្តង។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិករ៉ាក់។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ត្រីដែលមានការប្រឈមមុខខ្ពស់បែបនេះ តម្រូវឲ្យកៀរកោសិកាមាត់ស្បូនមកធ្វើតេស្ត ១ ឆ្នាំ/ម្តង ទោះជាលទ្ធផលឃើញថា មិនមានបញ្ហាក៏ដោយ។
ចំពោះស្រីៗដែលធ្លាប់រួមភេទវិញ មានន័យថាស្ត្រីទាំងនោះធ្លាប់ប្រឈមហើយ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា ថា ដើម្បីឲ្យដឹងច្បាស់ថា យើងមានការប្រឈមឬអត់ គប្បីធ្វើតេស្តមុនសិន គឺតេស្តស្រាវជ្រាវរកមេរោគមហារីកមាត់ស្បូន។
អត្ថបទពាក់ព័ន្ធ៖
ចំពោះការធ្វើតេស្តនេះទៀតសោត វេជ្ជបណ្ឌិតដដែលរូបនេះបញ្ជាក់ថា មាន២ប្រភេទ ទី១ តេស្តស្រាវជ្រាវរកមើលមេរោគតែម្តង និងទី២ តេស្តរកមើលការប្រែប្រួលកោសិកាមហារីក។ “ប្រសិនបើយើងធ្វើតេស្តហ្នឹងទៅ រកឃើញថា មិនមានមេរោគទេ ឬមិនមានការប្រែប្រួលកោសិកា ដែលនាំឲ្យទៅមហារីកទេ ស្ត្រីអាចចាក់វ៉ាក់សាំងបាន’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕