និយមន័យ
តើអ្វីទៅជាជំងឺទ្រីកូម៉ូនីញ៉ាស៊ីស?
ជំងឺទ្រីកូម៉ូនីញ៉ាស៊ីសជាជំងឺកាមរោគដែលឆ្លងដោយសារវត្តមានរបស់ប៉ារ៉ាស៊ីតមានឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណា លីស។ រោគសញ្ញារបស់វាគឺលេចឡើងក្នុងអំឡុងពេល១សប្ដាហ៍ក្រោយពេលឆ្លង ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនមានរោគសញ្ញាដែរ។ ដោយសារតែរោគសញ្ញារបស់ជំងឺនេះវាស្រដៀងទៅនឹងជំងឺកាមរោគប្រភេទដទៃ ការកំណត់រោគវិនិច្ឆ័យគឺមានការលំបាក។
តើជំងឺទ្រីកូម៉ូនីញ៉ាស៊ីសឧស្សាហ៍ជួបប្រទះឬទេ?
វាជួបប្រទះជាញឹកញាប់ហើយភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។
រោគសញ្ញា
តើរោគសញ្ញានៃជំងឺកាមរោគប្រភេទនេះមានអ្វីខ្លះ?
ជំងឺទ្រីកូម៉ូនីញ៉ាស៊ីសជាទូទៅ គឺមិនសញ្ញាសំគាល់ទេ ប៉ុន្តែបើមានសញ្ញាហើយគឺលេចឡើងភាគច្រើននៅចន្លោះពីប្រាំទៅ២៨ថ្ងៃបន្ទាប់ពីមានការឆ្លង។ អ្នកផ្សេងទៀតក៏អាចយូរជាងនេះដែរ។
សញ្ញាដែលស្ត្រីឧស្សាហ៍ជួបប្រទះជាងគេគឺ៖
- មានធ្លាក់រំអិល ឬធ្លាក់សហើយអាចមានពណ៌ប្រផេះ លឿង និងបៃតងដែលស្អិតនិងមានក្លិន
- មានធ្លាក់ឈាម
- រមាស់និងក្រហាយទ្វារមាស
- ឡើងក្រហម ឬហើម
- នោមញឹក
- ក្រហាយនៅពេលនោម និងមានការឈឺចាប់ពេលរួមភេទ
សញ្ញាដែលបុរសឧស្សាហ៍ជួបប្រទះជាងគេគឺ៖
- មានហូរទឹកចេញពីបង្ហួរនោម
- ក្រហាយពេលនោមនិងក្រោយពេលចេញទឹកកាម
- នោមញឹក
- វាអាចនៅមានសញ្ញាផ្សេងទៀត។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
តើត្រូវទៅជួបគ្រូពេទ្យនៅពេលណា?
ក្នុងករណីមានចម្ងល់ មានរោគសញ្ញាមិនប្រក្រតី ឬសង្ស័យថាមានជំងឺសូមពិគ្រោះជាមួយគ្រូពេទ្យព្រោះថាការឆ្លើយតបទៅនឹងជំងឺរបស់មនុស្សគ្រប់រូបគឺផ្សេងៗគ្នា។
មូលហេតុ
តើជំងឺទ្រីកូម៉ូនីញ៉ាស៊ីសបណ្ដាលមកពីមូលហេតុអ្វី?
ជំងឺនេះគឺបណ្ដាលមកពីប៉ារាសុីតឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណាលីសវាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមការរួមភេទ។ នៅលើស្ត្រីវាបង្ករោគនៅតាមទ្វារមាសបង្ហួរ ឬទាំងពីរតែម្ដង។ សម្រាប់បុរសវិញការករោគភាគច្រើននៅលើបង្ហួរនោម។ ពេលការករោគចាប់ផ្ដើមហើយ គឺវាងាយចម្លងទៅអ្នកដទៃណាស់ប្រសិនបើមានការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ។
ជំងឺនេះមិនចម្លងតាមការប៉ះពាល់គ្នាដូចជាអោប ថើប ញ៉ាំបាយជាមួយគ្នា ឬប្រើបង្គន់រួមគ្នានោះទេ។ លើសពីនេះទៅទៀតវាក៏អាចឆ្លងតាមការរួមភេទដែលមិនទាក់ទងនឹងប្រដាប់ភេទដែរ។
អត្ថបទពាក់ព័ន្ធ៖ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!
ហានិភ័យ
កត្តាអ្វីខ្លះដែលប្រឈមនឹងការកើតជំងឺនេះ?
ជំងឺកាមរោគប្រភេទនេះច្រើនកើតលើស្ត្រីច្រើនជាងបុរសហើយលើស្ត្រីវ័យចំណាស់ជាងនារីវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថាស្ត្រីដែលមានអាយុលើសពី៤០ឆ្នាំ គឺអាចមានអត្រាកើតច្រើនជាងពីរដងប្រសិនបើប្រៀបធៀបទៅ។ កត្តាប្រឈមគឺមានដូចជា៖
- មានដៃគូស្នេហាច្រើន
- ធ្លាប់មានជំងឺកាមរោគញឹកញាប់
- ធ្លាប់កើតជំងឺទ្រីកូម៉ូនីញ៉ាស៊ីសនេះពីមុនមក
- មិនប្រើប្រាស់ស្រោមអនាម័យពេលរួមភេទ។
រោគវិនិច្ឆ័យនិងការព្យាបាល
រោគវិនិច្ឆ័យ
រោគសញ្ញានៃជំងឺនេះគឺស្រដៀងនឹងរោគសញ្ញានៃជំងឺកាមរោគដទៃទៀតដែរ។ វាមិនអាចកំណត់បានដោយគ្រាន់តែមានរោគសញ្ញានោះទេ គ្រូពេទ្យត្រូវធ្វើតេស្តដោយពឹងផ្អែកលើមន្ទីរពិសោធន៍ និងការពិនិត្យកាយសម្បទាទៀតទើបអាចកំណត់បានថាអ្នកជំងឺមានមេរោគនេះពិតប្រាកដមែន។ ការកំណត់បានត្រូវប្រើវិធីដូចខាងក្រោម៖
- ការបណ្ដុះកោសិកា
- ការធ្វើតេស្តវាស់កម្រិតអង់ទីករ
- ការធ្វើតេស្តរកមើលវត្តមានសែនរបស់មេរោគ
- ការធ្វើតេស្តលើវត្ថុវិភាគដែលបានមកពីរំអិលស្ត្រីនិងទឹកដែលហូរចេញពីបង្ហួរនោម(បុរស)តាមការមើលមីក្រូស្កុប។
ការព្យាបាល
វាអាចព្យាបាលដោយប្រើថ្នាំផ្សះ។ គ្រូពេទ្យអាចណែនាំឲ្យប្រើ metronidazole(flagyl) ឬ tinidazole (Tindamax)។ មិនត្រូវផឹកគ្រឿងស្រវឹងក្នុងអំឡុងពេល២៤ម៉ោងក្រោយពេលផឹកថ្នាំmetronidazole និង៧២ម៉ោងក្រោយប្រើ Tinidazole ទេ ព្រោះវាអាចធ្វើឲ្យវិលមុខនិងក្អួត។
កុំភ្លេចហៅដៃគូមកធ្វើការពិនិត្យ និងព្យាបាលផងព្រោះថាមិនមានរោគសញ្ញាមិនប្រាកដថាគ្មានជំងឺនោះទេ។ អ្នកអាចនឹងត្រូវតមរួមភេទក្នុងអំឡុងពេលនេះសិនប្រហែល១សប្ដាហ៍ដើម្បីឲ្យវាជាសះ។
ចំណេះដឹងបន្ថែម
តើមានវិធីអ្វីខ្លះដែលអាចជៀសវាងជំងឺទ្រីកូម៉នីញ៉ាស៊ីសនេះបាន?
ខាងក្រោមនេះជាវិធីខ្លះៗដែលអាចយកទៅអនុវត្តបាន៖
- ប្រើថ្នាំឲ្យបានត្រឹមត្រូវទោះជាបាត់រោគសញ្ញាក៏ដោយជាពិសេសគឺថ្នាំផ្សះ
- ក្នុងករណីមានជំងឺត្រូវប្រាប់ដៃគូរឲ្យមកពិនិត្យផង
- ជៀសវាងការរួមភេទក្នុងពេលមានជំងឺ និងកំពុងព្យាបាល។ ទោះជាប្រើថ្នាំហើយបានជាក៏ដោយ ជំងឺកាមរោគប្រភេទនេះនឹងអាចកើតឡើងម្ដងទៀតប្រសិនបើមានការរួមភេទជាមួយអ្នកផ្ទុកមេរោគនេះ
- ទៅជួបពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើមានសញ្ញានៅតែកើតមានបន្ទាប់ពីប៉ុន្មានថ្ងៃក្រោយពេលប្រើថ្នាំផ្សះ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗឆ្លងជំងឺកាមរោគប្រភេទនេះ ប៉ះពាល់ខ្លាំងទាំងពេលពពោះ និងសម្រាលកូន
- ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]