home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជំងឺប្រមេះទឹកបាយ! ព្យាបាលអត់ទាន់អាចអត់កូនទាំងស្រី-ប្រុស

ជំងឺប្រមេះទឹកបាយ! ព្យាបាលអត់ទាន់អាចអត់កូនទាំងស្រី-ប្រុស

ស្មោះស្ម័គ្រ​ដៃ​គូ​ធ្វើអីៗនឹងគ្នា ម្ដងមួយៗ​ ​ងាយ​ឆ្លងជំងឺ​កាមរោគផ្សេងៗ​ ​តែបើ​​ព្យាបាល​ទាន់​ពេល​​ ​ប្រើថ្នាំ​បាន​ត្រឹមត្រូវ ​អាច​ជួយស្រោចស្រង់បាន។ បើ​អត់ទៅព្យាបាលទាន់ពេល ត្រៀមភ័យខ្លួនឲ្យហើយទៅ! “Hello គ្រូពេទ្យ” សូមលើក​យក​ជំងឺ​កាម​រោគ​មួយ​ប្រភេទ​តែង​កើត​លើ​ក្រុម​មនុស្ស​ឧស្សាហ៍​ស្មោះស្ម័គ្រដៃគូរួមភេទម្ដងមួយៗ។

១- ជំងឺប្រមេះទឹកបាយ

ប្រមេះ​ទឹកបាយ​ ជាជំងឺ​ចម្លង​ដោយ​បាក់តេរី ​តាម​ការ​រួមភេទ ​កើតលើ​ប្រុសៗ និងស្រីៗ។ ប្រុសៗ​ អាច​បង្ករោគ​នៅ​លើ​ប្រដាប់​ភេទ ​រន្ធគូទ ​និង​បំពង់ក ឯស្រីៗ​មាន​នៅ ​កស្បូន ជា​កន្លែង​ងាយ​បង្ក​រោគ​។ ជំងឺ​នេះ​ងាយ​ឆ្លង​បំផុត​អំឡុង​ពេល​រួមភេទ​ ពិសេស​​នៅ​លើ​មនុស្ស​វ័យ​ជំទង់ ​និង​ពេញវ័យ​ចាប់​ពី​ ១៥ ​ទៅ ​២៤ ឆ្នាំ។

២- ដំណើរឆ្លងមេរោគ

​ជំងឺ​នេះ​ឆ្លងតាម​ការ​រួមភេទ ​តាម​ទ្វារមាស ​រន្ធគូទ ​និង​មាត់ ​ពី​មនុស្ស​ផ្ទុក​មេរោគ​ទៅ​កាន់​ដៃ​គូ​គ្មាន​មេរោគ។ វាក៏ឆ្លងតាមការ​ប៉ះពាល់​ផ្ទាល់​តាម​រយៈ​ជាតិ​ទឹក​ចេញ​ពី​រាង​កាយ​ ពេល​សម្រាល​កូន។ ម្ដាយ​អាច​ចម្លង​មេរោគ​ទៅ​កូន​ទើប​កើត។​

ជំងឺប្រមេះទឹកបាយ

៣- មូលហេតុបង្ករោគ

​ប្រមេះទឹកបាយ ​បង្ក​ដោយ​បាក់តេរី​ឈ្មោះ​ Neisseria gonorrhoeae ដោយអាច​រីក​លូតលាស់ ​និង​បង្ក​កំណើត​យ៉ាង​ងាយ​​លើ​ភ្នាស​សើម​នៃ​សារ​ពាង្គ​កាយ។ មេរោគ​នេះ​ចូលចិត្ត​រស់​នៅ​តំបន់​ក្ដៅ​ ហើយ​សើម ជា​ពិសេស​ក្នុង​ប្រដាប់​បន្ដ​ពូជ ដោយ​ចំពោះស្រីៗមាន ដូចជា កស្បូន ស្បូន ដៃស្បូន ព្រមទាំង​នៅ​ក្នុង​បំពង់​បង្ហូរនោម ទាំង​បុរស និង​ស្រ្ដី។

៤- អការៈពេលស្រីៗឆ្លងជំងឺ

– ចុក​ក្រោម​ពោះ​ ឬ​ចុក​ចង្កេះ
– មាន​ឈាមហូរ​ក្រោយ​រួមភេទ
– រលាក​បំពង់ក​ (​ដោយសារ​រួមភេទ​តាម​មាត់)
– ផ្សា​ ​ពេល​នោម
– ហូរ​ឈាម​ចន្លោះ​ពេល​មាន​រដូវ
– រលាក​ភ្នែក (ភ្នែក​ឡើង​ក្រហម​ និង​រមាស់)
– ហើម​ទ្វារមាស (Vulvitis)
– ឡើង​​ស្រឡទែន (​ដោយសារ​រួមភេទ​តាម​មាត់)
– ទឹកនោម​មាន​ពណ៌​លឿងទុំ ​និង​ សក្បុស។

៥- អាការៈបុរសឆ្លងជំងឺ

– ទឹកនោម​មាន​ពណ៌​លឿងទុំ ​និង​សក្បុស
– រលាក​បំពង់ក (​ដោយសារ​រួមភេទ​តាម​មាត់)
– ផ្សា​ ពេល​នោម
– ហើម​ពងស្វាស
– ឡើង​ស្រឡទែន (​ដោយសារ​រួមភេទ​តាម​មាត់)។

ចំពោះ​បុរស ​អាការៈ​រោគ​តែង​លេចឡើង​រយៈ​ពេល​ ២ ថ្ងៃ​ទៅ​ ១៤ ថ្ងៃ​ បន្ទាប់​ពីបង្ករោគ។

៦- កត្តាបង្ករោគ

កត្តា​អាច​បង្កើន​គ្រោះថ្នាក់​ចម្លង​រោគ​ រួម​មាន៖
– វ័យ​ក្មេង
– ធ្លាប់​ធ្វើ​រោគ​វិនិច្ឆ័យ​ម្ដង​រួច​ហើយ
​- ដៃ​គូ​រួមភេទ​ថ្មី
– ឆ្លង​ជំងឺ​កាមរោគ​ពី​អ្នក​ដទៃ
– សម្បូរ​ដៃ​គូ​រួមភេទ​។

៧- ផលវិបាក

ជំងឺ​ប្រមេះ​ទឹកបាយ ​ទុក​ចោល​មិន​ព្យាបាល ​អាច​ឈាន​ទៅ​រក​ផល​វិបាក​ផ្សេងៗ​ដូចជា៖

ចំពោះបុរស៖ អសមត្ថភាព​​បង្ក​កំណើត​ ​ដោយសារ​​មិន​ទៅ​ព្យាបាល​នាំ​ឲ្យ​រលាក​បំពង់​បញ្ចេញ​ទឹកកាម​​ស្ថិត​នៅ​លើ​ពង​ស្វាស។ ទោះបីជា​​បំពង់​បញ្ចេញ​ទឹកកាម​នេះ​ អាច​ព្យាបាល​បាន​មែន ប៉ុន្តែ​ដោយ​ការ​ធ្វេស​ប្រហែស​មិន​អើ​ពើ​ព្យាបាល បញ្ហា​ប្រឈម​អសមត្ថភាព​បង្ក​កំណើត​ ស្ថិត​ក្នុង​កម្រិត​ប្រឈម​ខ្ពស់​ដដែល។

ចំពោះស្រ្ដី៖ អសមត្ថភាព​​បង្កើត​កូន​ ដោយ​សារ​តែ​មិន​ទៅ​ព្យាបាល​នាំឲ្យ​មេរោគ​រីករាល​ដាល​ទៅក្នុង​ស្បូន​ ព្រមទាំង​ដៃស្បូន ​បង្កឲ្យ​មាន​ជំងឺ​រលាក​ប្រដាប់​បន្តពូជ​ ​បណ្ដាល​ឲ្យ​ដាច់​រហែក​បំពង់​ដៃស្បូន ជា​ហានិភ័យ​កាន់​តែ​ខ្ពស់​នាំ​ឲ្យ​ពិបាក​​មាន​ផ្ទៃពោះ ​និង​អសមត្ថភាពមាន​ផ្ទៃពោះ។ បើការ​ចម្លង​រោគ​នេះ​​ធ្ងន់ធ្ងរ​ យើង​មិន​ព្យាបាល​ជា​បន្ទាន់​ទេ​នោះ អាច​ប្រឈម​ផលវិបាក​ជា​ច្រើន៖

– ផលវិបាកចំពោះទារក៖ ការ​ចម្លង​ពី​ម្ដាយ​មក​កូន​អំឡុង​ពេល​សម្រាល​កូន ​អាច​ធ្វើ​ឲ្យ​ក្មេង​ពិការ​ភ្នែក​ ដំបៅ​លលាដ៍ក្បាល​ និង​​បង្ក​ជា​រោគ​ផ្សេងៗ។

– បង្កើនហានិភ័យឆ្លងមេរោគ​ហ៊ីវ​ ឬ​អេដស៍ ព្រោះ​ជំងឺ​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធភាពសាំ​ក្នុង​រាង​កាយ​​ចុះ​ខ្សោយ។ ជំងឺ​ប្រមេះទឹកបាយ និងមេរោគ​ហ៊ីវ អាច​ចម្លង​ទៅ​ដៃ​គូ​រួមភេទ​បាន​យ៉ាង​ឆាប់​រហ័ស​ ជាង​ជំងឺ​កាម​រោគ​ផ្សេងៗ​ទៀត។

៨- របៀបបង្ការ

– ប្រើស្រោមអនាម័យ រាល់ពេលរួមភេទ
– កំណត់ចំនួនដៃគូរួមភេទ មិនត្រូវរួមភេទច្រើនគ្នានោះទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Gonorrhea http://www.webmd.com/sexual-conditions/guide/gonorrhea#3. Accessed 9 November, 2016

Gonorrhea – CDC Fact Sheet http://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm. Accessed 9 November, 2016

Gonorrhea http://www.mayoclinic.org/diseases-conditions/gonorrhea/symptoms-causes/dxc-20258681. Accessed 9 November, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 15/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត