តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ធាត់ពេក ធ្វើឲ្យលែងគិតដល់រឿងលើគ្រែមែនអត់?

    ធាត់ពេក ធ្វើឲ្យលែងគិតដល់រឿងលើគ្រែមែនអត់?

    ពេល​យើង​ធាត់​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​ជាមួយ​ជំងឺងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង ឬ​ជំងឺ​មហារីក​ទេ បញ្ហា​លើស​ទម្ងន់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។ ភាព​ធាត់​នាំ​ឲ្យ​យើង​​មិន​សូវ​មាន​ថាម​ពល​ក្នុង​ការ​រួម​ភេទ អសមត្ថភាព​ផ្លូវ​ភេទ និង​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​អ័រម៉ូន​ផង​ដែរ។ ប៉ុន្តែ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ ដោយ​គ្រាន់​​តែ​​កែ​​ប្រែ​​របៀប​​រស់​​នៅ​​បន្តិច​​តែ​​ប៉ុណ្ណោះ ចំណង់​ផ្លូវ​ភេទ​អាច​នឹង​ប្រសើរ​ឡើង​វិញ​បាន​ហើយ។

    ១- តើធាត់ធ្វើឲ្យប៉ះពាល់ចំណង់ផ្លូវភេទយ៉ាងដូចម្ដេច?

    ការ​សិក្សា​បាន​​រក​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​ធាត់ គឺ​ប្រឈម​មុខ​ខ្ពស់​ជា​មួយ​បញ្ហា​លិង្គ​មិន​រឹង និង​​បញ្ហា​​អសមត្ថិភាព​​ផ្លូវ​​ភេទ​។ លើស​​ទម្ងន់​​ក៏​​អាច​​បណ្ដាល​​ឲ្យ​​យើង​មាន​បញ្ហា​លើស​ជាតិ​កូលេស្តេរ៉ូល លើស​សម្ពាធ​ឈាម និង​​ជំងឺ​ទឹក​​នោម​ផ្អែម​​ដែលអាច​​រារាំង​លំហូរ​​ឈាម​​រត់​ទៅ​​កាន់​​លិង្គ​​ធ្វើ​​ឲ្យ​​លិង្គ​​មិន​អាច​រឹង​បាន។ ​បញ្ហា​រាំង​ស្ទះ​លំហូរ​ឈាម​រត់​ទៅ​​កាន់​លិង្គ​គឺ​​ជា​​បញ្ហា​​ដូច​គ្នា​​ជា​​មួយ​​កា​រ​​រាំង​​ស្ទះ​​ឈាម​​រត់​​ទៅ​​កាន់​​គ្លីតូរីស​​របស់​​មនុស្ស​​ស្រី​​ដូច​​គ្នា​ដែរ​។ ដូច​នេះ​ហើយ​មនុស្ស​ស្រី​ដែល​ធាត់​លើស​ទម្ងន់​​ក៏​​​មិន​​សូវ​មាន​​ការ​​ឆ្លើយ​តប​​ខ្លាំង​​ជាមួយ​​រឿង​​ផ្លូវ​​ភេទ​ ហើយ​​ចំណង់​​ផ្លូវ​​ភេទ​​របស់​អ្នក​ទាំងនោះ​​ក៏​មិន​សូវ​មាន​ដែរ។

    ក្រៅ​ពី​នេះ​ថែម​ទៀត​ មាន​ការ​​រក​ឃើញ​ទំនាក់​ទំនង​រវាង​បញ្ហា​​ធាត់​​ជាមួយ​​នឹង​​ការ​បម្រែ​ប​ម្រួល​​អ័រម៉ូន ដែល​វា​នឹង​ធ្វើ​ឲ្យ​​ចំណង់​ផ្លូវ​​ភេទ​​ធ្លាក់​​ចុះ​​ទាំង​​មនុស្ស​ស្រី និង​ប្រុស។ ពេល​ខ្លាញ់​ឡើង​ច្រើន​ក្នុង​ខ្លួន​​​នឹង​ធ្វើ​ឲ្យ​ការ​ផលិត​ក្លូ​ប៊ុយលីន​​កើន​​ឡើង​​ច្រើន​ (SHBG) ដែល​​វា​គឺ​​ជា​សារធាតុ​គីមី​ពី​ធម្មជាតិ​សម្រាប់​មក​ចាប់​គ្នា​ជាមួយ​តេស្តូតេរ៉ូន ដែល​ការ​ចាប់​គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​អ័រម៉ូន​​ជួយ​​ជំរុញ​​ឲ្យ​មាន​​អារម្មណ៍​​ផ្លូវ​​ភេទ​​ថយ​​ចុះ។

    លើស​ពី​នេះ​ថែម​ទៀត​បញ្ហា​ទាក់​ទង​ជាមួយ​នឹង​ផ្លូវ​ចិត្ដ​ដូច​ជា​បាត់​បង់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​បញ្ហា​បាក់​​ទឹក​​ចិត្ត​ក៏​ជា​បញ្ហា​​ប៉ះ​ពាល់​​ដល់​​ផ្លូវ​​ភេទ​​របស់​​មនុស្​ស​ធាត់​ដែរ។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​អ្នក​ធាត់​ច្រើន​មាន​​បញ្ហា​​បាក់​​ទឹក​​ចិត្ដ និង​​មាន​​ជំងឺ​​ផ្លូវ​ចិត្ដ​​​​​ជា​ច្រើន​ផ្សេង​​ទៀត។ ​រាល់​បញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​​ជា​មូល​ហេតុ​​ធ្វើ​ឲ្យ​បាត់​​បង់​ចំណង់​​ផ្លូវ​ភេទ​ ឬ​​មុខ​ងារ​ផ្លូវ​​ភេទ​​ធ្លាក់​​ចុះ។ ក្រៅ​​ពី​​នេះ​​នៅ​មាន​ក្បាច់​រួម​ភេទ​មួយ​ចំនួន​ និង​បញ្ហា​មិន​មាន​ថាម​ពល​គ្រប់​គ្រាន់​ក៏​ជា​មូល​ហេតុ​ធ្វើ​​ឲ្យ​​មនុស្ស​ធាត់​​មិន​​មាន​​អារម្មណ៍​​ចង់​​រួម​​ភេទ​​ដែរ។​

    ធាត់ទាំងគូ

    ២- ផ្លាស់ប្ដូរទម្លាប់ងាយៗដើម្បីដាស់អារម្មណ៍ផ្លូវភេទឡើងមកវិញ

    ការ​ផ្លាស់​ប្ដូរ​លើ​ដង​ខ្លួន​ និង​ការ​គិត​វិជ្ជមាន​មក​លើ​ខ្លួន​ឯង ​នឹង​ជួយ​ឲ្យ​យើង​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឡើង​​មក​​វិញ​​បាន។ អ្នក​ជំនាញ​​បាន​​អះ​អាង​ថា​​​ការ​សម្រក​​គីឡូ​​ឲ្យ​​បាន​ ៤,៥គីឡូ​​អាច​​ជួយ​​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូតេរ៉ូន ហើយ​នឹង​ធ្វើ​ឲ្យ​​ចំណង់​​ផ្លូវ​​ភេទ​​កើត​​ឡើង​​មក​​វិញ​​ក្នុង​​ពេល​​យ៉ាង​​ខ្លី​។ ការ​ផ្លាស់​ប្ដូរ​ទាំង​អស់​នោះ​មាន​ដូច​ជា៖

    • ទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​តិច និង​ញ៉ាំ​ប្រភេទ​អាហារ​បន្លែ​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​ខ្លួនយើង​​គ្រប់​គ្រង​​ជាតិ​​ស្ករ និង​ជាតិ​កូលេស្តេរ៉ូល​​ក្នុង​​ឈាម​​បាន ដែល​នឹង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឡើង​មក​វិញ។
    • អ្នក​ជំនាញ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​សម្រក​គីឡូ​តែ​មួយ​មុខ​​នោះ​ទេ តែ​ក៏​​ជួយ​​បង្កើន​​ចំណង់​​ផ្លូវ​ភេទ​​​ដូច​​គ្នា​។ ការ​ហាត់​ប្រាណ​សម្រាប់​ជួយ​ដល់​លំហូរ​ឈាម​រត់​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ​ដូច​ជា​ការ​ហាត់​យ៉ូហ្កា រត់​​ត្រឹក​ៗ​ ឬ​ការ​ជិះ​កង់​​អាច​​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់យើង​​ ជា​​ពិសេស​​គឺ​​សម្រាប់​​មនុស្ស​​ស្រី។
    • គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន​អំពី​ដង​ខ្លួន​ និង​ភាព​សិច​ស៊ី​របស់​ខ្លួន​ឯង​ហើយ​កុំ​ខ្វល់​ច្រើន​ជាមួយ​រឿង​គីឡូ​​ឡើយ​។ គិត​​វិជ្ជមាន​អំពី​​ខ្លួន​​ឯង ​ទទួល​​យក​​អ្វី​ដែល​ខ្លួន​មាន​ហើយ​ស្រលាញ់​អ្វីដែលយើង​មាន​​ឲ្យ​ច្រើន នោះ​នឹង​ជួយ​ឲ្យ​យើង​​មាន​ភាព​​ជឿ​​ជាក់​​លើ​​ខ្លួន​​ឯង​​ច្រើន​ និង​អាច​យក​ឈ្នះ​បញ្ហា​ផ្លូវ​ចិត្ដ​បាន​ថែម​ទៀត​ផង។

    ប្រសិន​បើ​វិធី​ទាំង​អស់​ខាង​លើ​មិន​ទទួល​បាន​ផល យើង​​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    10 ways losing weight can help your sex life. http://www.thehealthsite.com/sexual-health/10-reasons-losing-weight-is-great-for-your-sex-life/. Accessed May 17, 2017.

    Better Sex: What’s Weight Got to Do with It? http://www.webmd.com/sex-relationships/features/sex-and-weight#1. Accessed May 17, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 08/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត