ពិបាកមានកូនអាចធ្វើឲ្យ​យើង​កើតស្រ្តេស តើដោះស្រាយ​បែបណា?

    ពិបាកមានកូនអាចធ្វើឲ្យ​យើង​កើតស្រ្តេស តើដោះស្រាយ​បែបណា?

    គូស្នេហ៍​គ្រប់​រូប អាច​នឹង​មាន​អារម្មណ៍​អស់​សង្ឃឹម និង​ស្ត្រេស​នៅ​ពេល​ដែល​​ដឹង​ថា​មាន​បញ្ហា​ពិបាក​មាន​កូន ឬ​អត់​អាច​មាន​កូន​បាន​ដូច​គេ​ដូច​ឯង។ សំណួរ​ដែល​សួរ​ថា “​ហេតុ​អី​រឿង​នេះ​កើត​ចំពោះ​ពួក​ខ្ញុំ?” គឺ​ជា​ប្រតិកម្ម​ពី​ធម្មជាតិ​មួយ​កើត​ឡើង​ច្រើន​បំផុត​ចំពោះអ្នក​ស្ថិត​ក្នុងស្ថាន​ភាព​​បែប​​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី វា​មិន​មែន​ជា​ទី​បញ្ចប់​នៃ​ជីវិត​របស់​យើង​នោះ​ទេ។ យើង​​ត្រូវ​តែ​អត់​ធ្មត់​ និង​ស្វែង​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេងៗ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​អត់​មាន​កូន​នេះ។

    ជា​ការ​ពិត​ នៅ​ពេល​គូស្នេហ៍​ដែល​ព្យាយាម​ចង់​បាន​កូន​ខ្លាំង ប៉ុន្តែ​បែរ​ជា​បរាជ័យ​វិញ​នោះ យើង​​នឹង​មាន​សំណួរ​សួរ​ខ្លួន​ឯង​ជា​ច្រើន។ យើង​ដឹង​ហើយ​ថា​ការ​ដែល​មាន​ផ្ទៃ​ពោះ​ពោរពេញ​ដោយ​សុខភាព​ល្អ គឺ​ត្រូវ​រួម​ផ្សំ​ជាមួយ​កត្តា​ជា​ច្រើន ហើយ​យើង​​ត្រូវ​ជឿ​ជាក់​ថា​យើង​នឹង​អាច​មាន​កូន​បាន​ដូច​គេ​ឯង​នៅ​ពេល​ដែល​ឱកាស​បាន​មក​ដល់។

    ១.កត្តា​ដែល​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត

    មាន​កត្តា​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត។ ខាង​ក្រោម​នេះ​ គឺ​ជា​កត្តា​មួយ​ចំនួន​ដែល​យើង​ច្រើន​ឃើញ​កើត​មាន៖

    អាយុ៖ កត្តា​អាយុ​ គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​មួយ​ចំនួន​ពិបាក​ក្នុង​ការ​មាន​កូន​។ គូ​ស្នេហ៍​ភាគ​ច្រើន​ គឺ​ពិបាក​នឹង​មាន​កូន​ក្រោយ​ពី​អាយុ​ ៣៥​ឆ្នាំ ដោយ​សារ​តែ​រាង​កាយ​របស់​យើង​​ចាប់​ផ្ដើម​ប្រែប្រួល​ចាប់​ពី​អាយុ​នោះ​ទៅ ជា​ពិសេស គឺ​ស្ត្រី​ៗ​តែ​ម្ដង។

    របៀប​រស់​នៅ៖ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ទម្ងន់​រាងកាយ​ឡើង​ខ្លាំង និង​បញ្ហា​ស្ត្រេស គឺ​សុទ្ធ​តែ​ជា​កត្តា​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​បង្ក​កំណើត។ កត្តា​ទាំង​អស់​នេះ គឺ​កើត​ឡើង​ដោយ​សារ​តែ​របៀប​រស់​នៅ​របស់​គូស្នេហ៍មិន​ល្អ។ ការ​ធាត់​លើស​ទម្ងន់ គឺ​អាច​ធ្វើ​ឲ្យ​អតុល្យភាព​អ័រម៉ូន​ក្នុង​រាង​កាយ ជា​ហេតុ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​បង្ក​កំណើត។

    បញ្ហា​សុខភាព​៖ ជំងឺ​មួយ​ចំនួន​ក៏​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ពិបាក​នៅ​ក្នុង​ការ​មាន​កូន​ផង​ដែរ ដូច​ជា ជំងឺ PCOS ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើសឈាម និង​ជំងឺ​កាមរោគ​ជាដើម គឺ​សុទ្ធ​តែ​អាច​បង្ក​ឲ្យ​គូស្នេហ៍ មិន​អាច​មាន​កូន​បាន។

    ស្ត្រេសអត់កូន​

    ២.តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ស្ត្រេស​​ដោយ​របៀប​ណា?

    នៅ​ពេល​គូ​ស្នេហ៍​មិន​អាច​មាន​កូន​បាន ​តែង​តែ​គិត​ថា​វា​គឺ​ជា​រឿង​គួរ​ឲ្យ​ខ្មាស​គេ​ ហើយ​​តែង​តែ​មាន​បញ្ហា​ថប់​អារម្មណ៍ និង​ស្ត្រេស។ ដោយ​សារ​តែ​បែប​នេះ យើង​​តែង​តែ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក រិះគន់​គ្នា​ទៅ​លើ​រូប​រាង ស្ថានភាព​គ្រួសារ ជា​ដើម ដែល​ជម្លោះ​​ខ្លះ​អាច​ឈាន​រហូត​ដល់​ចែក​ផ្លូវ​គ្នា​ទៀត​ផង។

    សូម​ចាំ​ថា ការ​ធ្វើ​របៀប​នេះ គឺ​មិន​មែន​ជា​វិធី​ដោះស្រាយ​ត្រឹម​ត្រូវ​នោះ​ទេ។ នៅ​ក្នុង​សង្គម​យើង​រាល់​ពេល​ដែល​គូ​ស្នេហ៍​​មិន​អាច​មាន​កូន​បាន គឺ​គេ​តែង​តែ​គិត​ថា​ជា​កំហុស​របស់​មនុស្ស​ស្រី ដែល​នេះ គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​ទទួល​យក​បាន។ មនុស្ស​ប្រុស​ក៏​មាន​ចំណែក​​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះដែរ ព្រោះ​ថា​បញ្ហា​ដែល​មិន​អាច​មាន​កូន គឺ​វា​អាច​ទាក់​ទង​នឹង​ដៃគូ​ទាំង​ពីរ​នាក់ មិន​មែន​ម្នាក់ៗ​នោះ​ទេ។ សូម​ព្យាយាម​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី ទទួល​ការ​ធ្វើ​តេស្ត និង​ពិនិត្យ​ព្យាបាល​សិន។ នៅ​មាន​វិធី​ជា​ច្រើន​ទៀត​ដែលយើង​អាច​មាន​កូន​បាន​ដូច​ជា​វិធី​សាស្ត្រ IVF និង IUI ដែល​សុទ្ធ​តែ​ជា​វិធីសាស្ត្រ​ដែល​ល្អ​អាច​ជួយ​យើង​​បាន។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://parenting.firstcry.com/articles/infertility-coping-with-the-stress-of-inability-to-conceive/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 13/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត