ពេល​ចាស់ទៅ​ស្រី​ៗ​លេច​នោម មិនមែន​មកពីពេល​កូន​ខ្ចី​ញ៉ាំ​ជូរ​ទេ តែ​មកពី...

    ពេល​ចាស់ទៅ​ស្រី​ៗ​លេច​នោម មិនមែន​មកពីពេល​កូន​ខ្ចី​ញ៉ាំ​ជូរ​ទេ តែ​មកពី...

    សម្រាប់​ចាស់​ៗ​ខ្មែរ​យើង​តែង​ហាម​ម៉ាក់​ៗ​ក្រោយ​សម្រាល​កូន​រួច មិន​ឲ្យ​ញ៉ាំ​ម្ហូប​អាហារ​មាន​រសជាតិ​ជូរ​ៗ​ឡើយ ដោយ​អះអាង​ថា​ញ៉ាំ​ហើយ​អាច​ធ្វើឲ្យ​យើង​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន ពេល​ឈាន​ដល់​វ័យ​ចំណាស់​បន្តិច។ ការ​លេច​ទឹកនោម​នោះ អ្នក​ខ្លះ​សូម្បី​តែ​សើច និង​ឈឺ​នោម​ល្មម​ៗ ក៏​ជ្រាប​មក​ដែរ។

    ប៉ុន្តែ​បើ​តាម​អ្នកស្រី ស លីដា ដែល​ទៅ​រស់នៅ​ប្រទេស​បារាំង និង​សម្រាល​កូន​ទៅ​នោះ​បាន​ឲ្យ​ដឹង​ថា គាត់​ក៏​ធ្លាប់​ឮ​ចាស់​ៗ​និយាយ​បែប​នោះ​ដែរ។ តែ​ពេល​ទៅ​រស់នៅ​ទី​នោះ និង​សម្រាល​កូន​បាន ៤ នាក់​ទើប​ស្ត្រី​វ័យ ៣៥ ឆ្នាំ​ដឹង​ថា បញ្ហា​លេច​នោម​មិនមែន​មកពី​ការ​ញ៉ាំ​ជូរ​ឡើយ ពេទ្យ​នៅ​ប្រទេស​អឺរ៉ុប​​​បាន​​ប្រាប់​មក បញ្ហា​នេះ​មក​ពីយើង​សម្រាល​កូន​ដោយ​ធម្មជាតិ និង​ប្រឹង​ដើម្បី​ឲ្យ​កូន​ចេញ ទើប​ប្រដាប់​បន្ត​ពូជ​មាន​សភាព​មិន​ដូច​មុន តាំងពី​ខាងក្នុង​មក​ដល់​ខាង​ក្រៅ។

    ស្ត្រី​ដែល​បាន​ចូល​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ត​ទៀតថា នៅ​ប្រទេស​ជឿនលឿន​មួយ​នេះ​ក៏​មាន​ករណី​ម៉ាក់​ៗ​លេច​នោម​មិន​ដឹង​ខ្លួន​ដែរ ​ហើយ​ខ្លួន​គាត់​ក៏​ជួប​បញ្ហា​នេះ​ដែរ គ្រាន់តែ​ពេទ្យ​នៅ​ទីនោះ​មាន​វិធី​ព្យាបាល៖ “​កូន​បងកើត​ដោយ​ធម្មជាតិ ៣ និង​ដោយ​វះកាត់​១ ហើយ​ពេល​សម្រាល​កូន​ហើយ ពេទ្យ​បាន​ប្រាប់​ឲ្យ​យើង​ទៅ​ហាត់​ប្រាណ ហើយ​ហាត់​តែ​ផ្នែក​យោនី​នេះ​ឯង ដោយ​ឲ្យ​ខ្ជឹប​លា​ៗ​មួយ​ថ្ងៃ​ប្រហែល ៥ នាទី”

    លីដា បាន​បញ្ជាក់​ទៀត​ថា មិន​មែន​តែ​លំ​ហាត់​ប្រាណ​បែប​នោះ​មួយ​មុខទេ ពេល​យើង​ឈរ ដេក​ដើរ​ អង្គុយត្រូវ​ខ្ជឹប​ជើង និង​ប្រឹង​ត្បៀត​ទប់ ហើយ​បើ​មាន​ជំងឺ​ក្អក ឬ​កណ្ដាស់​រឹតតែ​ត្រូវ​ប្រឹង​ទប់​ឲ្យ​លើស​ពី​ពេល​ធម្មតា។ អ្នកស្រី​បន្ត​ទៀត​ថា សម្រាប់​នៅ​ខ្មែរ​គាត់​មិន​ដឹង​ថា ពេទ្យ​ប្រាប់​បែប​នេះ​ដែរ​ឬ​ទេ តែ​គាត់​តែងតែ​ណែនាំ​បងប្អូន​ស្រី​ៗ​ឲ្យ​ធ្វើ​តាម​ខ្លួន ព្រោះ​វា​មិន​ត្រឹម​ជួយ​មិន​ឲ្យ​លេច​នោម​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រដាប់​បន្ត​ពូជ​តឹង​ណែន​ល្អ​ដូច​កាល​នៅ​ក្មេង​ដែរ។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត - ជំងឺហឺត
    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​ក៏​បាន​លើក​ឡើង​អំណះ​អំណាងស្រដៀង​គ្នា​នេះ​ដែរ​ថា ស្រីៗ​សម្រាល​កូន​តាម​ធម្មជាតិ​ជួប​ករណី​នេះ​ច្រើន ដោយសារ​ពេលសម្រាល​កូន ម៉ាក់ៗ​ខំប្រឹង​កើត​កូន នាំ​ឲ្យ​ខ្សោយ​សាច់ដំុ​នៅ​អាង​ត្រគាក រង​​របួស​នៅ​ម្តុំ​អាងត្រគាក​ពេល​សម្រាល​កូន មាន​កូន​ច្រើន​ដង រលាក​ប្លោកនោម និង​វ័យ​ចាស់​ជាដើម។ ទាំងអស់​នេះ​សុទ្ធ​តែ​ជា​មូលហេតុ​ធ្វើ​ឲ្យស្រីៗលេច​នោម​មិន​ដឹង​ខ្លួន។

    អត្ថបទ​ពាក់ព័ន្ធ៖ មូលហេតុ​ទាំង​នេះ​ហើយ ​ទើប​ស្រីៗ​សម្រាល​កូន​រួច​មាន​បញ្ហា​ផ្លូវ​ចិត្ត

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 06/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត