តិចនិក​ងាយ​ៗ ​ជួយ​ឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​ល្អ​ពេល​មក​រដូវ

    តិចនិក​ងាយ​ៗ ​ជួយ​ឲ្យ​ស្រី​ៗ​មាន​អារម្មណ៍​ល្អ​ពេល​មក​រដូវ

    និយាយ​ដល់​ការ​មក​រដូវ មានតែ​ស្រី​ៗ​ដូចគ្នា​ប៉ុណ្ណោះ​ដែល​យល់​ពី​ទុក្ខ​លំបាក​មួយ​នេះ ព្រោះ​ពេល​ខ្លះ​ឈឺ​ចុកចាប់​ផង អស់​កម្លាំង​ផង ហើយការស្លៀកពាក់​បែប​ណា​ក៏​មិន​សូវ​ស្រួល​ក្នុង​ខ្លួន នាំឲ្យ​ខូច​អារម្មណ៍​អស់។ ស្រីៗគ្នា​បាន​ចែក​រំលែកតិចនិក ៥យ៉ាង អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ និង​ជឿជាក់​ខ្លួនឯង​ពេល​មក​រដូវ។

    ១- កុំ​ផឹក ឬ​ញ៉ាំ​អាហារ​ត្រជាក់

    បើ​តាម​បទ​ពិសោធ​របស់​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ព្រែក​តាម៉ាក់​ម្នាក់​ឈ្មោះ ចាន់ណារី បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ទឹក​ត្រជាក់ ឬ​ញ៉ាំ​ការ៉េម​អាច​បណ្ដាលឲ្យ​ឈាម​រដូវ​មក​មិន​ស្រួល ឬ​កក​ដុំ​ៗ​ពណ៌​ខ្មៅ​ៗ។ ស្រ្តី​វ័យ ២៨ ឆ្នាំ​បន្ត​ទៀត​ថា យក​ល្អ គួរតែ​ផឹក​ទឹកក្ដៅឧណ្ហៗ ឬ​ញ៉ាំ​អាហារ​ជា​ទឹក​ស៊ុប​វិញ ដើម្បី​ឲ្យ​ការ​ឈឺ​ចុកចាប់​បាន​កាត់បន្ថយ​ខ្លះ មួយ​វិញ​ទៀត​គួរតែ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ក៏​ជួយ​ឲ្យ​អារម្មណ៍​កាន់តែ​ប្រសើរ​ផង​ដែរ។

    ២- ប្រើ​សំឡី​អនាម័យ​ឲ្យ​តាម​ពេល​វេលា

    ធម្មតា​សំឡី​អនាម័យ​មាន​ប្រភេទ​យប់ និង​ថ្ងៃ ប្រសិនបើ​ពេល​គេង​យប់​យើង​មិន​ចង់​ផ្អៀង ឬ​ខ្លាច​ហៀរ​ប្រឡាក់ ​គួរតែ​ប្រើ​ប្រភេទ​យប់​ដែល​មាន​ប្រវែង ២៩ និង ៣៣ សង់ទីម៉ែត្រ ហើយ​សម្រាប់​ពេល​ថ្ងៃ​អាច​ប្រើ​សំឡី​ធម្មតា​បាន។ ប្រភេទ​បែប​នេះ​ជួយ​ឲ្យ​យើង​គេង​ដោយ​មិន​ចាំបាច់​ភ័យខ្លាច ថា​ប្រឡាក់​ខោអាវ ឬ​ពូក​ភួយ​ឡើយ ហើយ​ក៏​មិន​ចាំបាច់​ក្រោក​ដូរ​ច្រើន​ដង​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់ ឡេន សុខហ័ង ជា​បុគ្គលិក​រដ្ឋ​ ធ្វើការ​សាលា​ស្រុក​មុខ​កំពូល​បាន​ប្រាប់​ពី​តិចនិក​ចាំបាច់​មួយ​នេះ។

    អត្ថបទពាក់ព័ន្ធ៖ ធុញ​​រឿង​ឈឺ​ចាប់​ខ្លាំង​​ពេល​​មក​​រដូវ អាច​សាក​​វិធី​នេះ​បាន

    មករដូវHello_គ្រូពេទ្យ

    ៣- ផ្ដល់​ភាព​ស្រស់ស្រាយ​ដល់​ខ្លួនឯង

    “សម្រាប់​នារី​សម័យ​ថ្មី​ភាគច្រើន​ងាក​មក​ប្រើ វិធី​បន្តក់​ប្រេង​ក្រអូប​នេះ ព្រោះ​ការ​មក​រដូវ​ធ្វើឲ្យ​យើង​មាន​ភាព​មិន​ស្រណុក​ចិត្ត ដោយសារ​តែ​វា​មាន​ក្លិន​ឆ្អាប ដូចនេះ​ពិតជា​បារម្ភ​ខ្លាច​វា​សាយភាយ​ដល់​អ្នក​នៅ​ក្បែរ​ខ្លួន។ យើង​ប្រើ​ប្រភេទ​ប្រេង​អនាម័យ​សម្រាប់​បន្តក់​លើ​ខោ​ក្នុង ឬ​សំឡី ដើម្បី​ផ្ដល់​ផាសុកភាព​ដល់​ខ្លួនឯង និង​អ្នក​ដទៃ”។ នេះ​ជា​ការ​លើកឡើង​របស់ ស្រី លីនណា ជា​អាជីវករ​លក់​សម្លៀកបំពាក់​នៅ​ផ្សារ​ផេនស៊ីល​មាត់​ទន្លេ។

    ៤- ប្រើ​សំឡី​អនាម័យ​ខ្នាត​តូច​ៗ

    បើ​តាម​ការ​ចែករំលែក​របស់​អ្នកស្រី ចន្ធូ រនតា ​ធ្វើការ​នៅ​ធនាគារ​ជាតិ ​វ័យ ៣៥ ឆ្នាំ​បាន​ឲ្យ​ដឹង​ថាក្នុង​ពេល​មក​រដូវ​ម្ដង​យ៉ាង​ច្រើន ៧ ថ្ងៃ តែ​បើ​ធម្មតា​តែ ៣ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​នោះ​គឺ​នៅ​សល់​ឈាម​តិចតួច។ ដូចនេះ​បើ​មិន​ចង់​ប្រើ​សំឡី​ធម្មតា នាំ​តែ​ធុញថប់ ​គួរ​ជ្រើសរើស​ប្រភេទ​សំឡី​អនាម័យ​បែប​នេះ ព្រោះ​វា​ទំហំ​តូច​ស្ដើង មិន​រំខាន​ដល់​ចលនា​យើង។

    អត្ថបទពាក់ព័ន្ធ៖ មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ

    ៥- ហាត់​ប្រាណ

    បើ​តាម​អ្នកនាង ចិន្តា សីហា វ័យ​ជិត ៤០ ឆ្នាំ​ទៅ​ហើយ​នោះ ហើយ​ជា​អ្នក​បុគ្គលិក​បម្រើការ​នៅ​បណ្ណាគារ​បាន​ឲ្យ​ដឹង​ថា ពេល​មក​រដូវ​រាងកាយ​ឈឺ​ចុកចាប់ ឬ​រមួល​សាច់ដុំ​ខ្លះ​ៗ តែ​កុំ​បណ្ដោយ​ឲ្យ​ភាព​ឈឺចាប់​ទាំង​នោះ​មក​គ្របដណ្ដប់​យើង ត្រូវ​ក្រោក​ទៅ​ហាត់ប្រាណ​តាម​ធម្មតា ទោះ​មិន​បាន​ច្រើន​យ៉ាងហោចណាស់​ក៏​លើក​ដៃ​លើក​ជើង​តិច​ៗ ដើម្បី​បំបាត់​ភាព​ចុកចាប់​ខ្លះ។ អ្នកស្រុក​នៅ​ភ្នំពេញ​រូបនេះ​បាន​បន្ថែម​ទៀត​ថា បើ​មិន​ហាត់​អ្វី​ច្រើន​អាច​ធ្វើ​ចលនា​ដៃជើង​ ឬ​កម្ដៅ​សាច់ដុំ​បន្តិច​ ទើប​មាន​ផល​ល្អ​ចំពោះ​រាងកាយ​ពេល​មក​រដូវ​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 19/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត