១- ក្លិនធម្មតារបស់ទ្វារមាស
– ក្លិនដូចមានជាតិលោហៈ (Metallic)៖ ក្លិនដូចជាតិលោហៈ ជាក្លិនធម្មតា និងកើតច្រើនជាងគេបន្ទាប់ពីមករដូវ ឬមានប៉ះពាល់ជាមួយទឹកកាម។ មូលហេតុទាំងពីរនេះ សុទ្ធតែអាចធ្វើឲ្យមានបម្រែបម្រួលកម្រិត pH នៅក្នុងទ្វារមាស ដោយអាចទៅជាកើនអាស៊ីដ ឬប្រែទៅជាក្លិនផ្សេងទៀត។ ក្នុងករណីនេះ ធ្វើឲ្យទ្វារមាសអ្នកមានក្លិនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ បើក្លិននៅបន្តមានយូរ បន្ទាប់ពីមករដូវរួច ហើយយើងមិនបានរួមភេទទេនោះ បូករួមជាមួយទ្វារមាសមានរមាស់ ឬធ្លាក់ស ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។
– ក្លិនផ្សាដូចក្លិន (Musky)៖ ក្លិនបែប Musky គឺជាក្លិនខ្លាំងមួយ ជាងក្លិនធម្មតារបស់ទ្វារមាស អាចបណ្ដាលមកពីបែកញើសច្រើនពេក ស្លៀកខោរឹបពេក ឬស្លៀកខោមានសាច់កំណាត់ហប់ មិនអាចឲ្យខ្យល់ចេញចូលបានគ្រប់គ្រាន់។ យើងអាចលាងសម្អាតទ្វារមាស ជាមួយសាប៊ូស្រាលៗ និងប្ដូរខោខៅប៊យរឹបចេញ បើគិតថា ទ្វារមាសមានក្លិនខ្លាំងពេក។ ហើយក្លិនបែបនេះ គឺមិនបានបញ្ជាក់អំពីបញ្ហាសុខភាពណាមួយកើតឡើងនោះទេ។
២- ក្លិនដែលមិនមែនជាក្លិនធម្មតារបស់ទ្វារមាស
– ក្លិនឆ្អាប៖ នៅពេលទ្វារមាសមានធំក្លិនឆ្អាប នោះអាចបញ្ជាក់ថា ក្នុងខ្លួនយើងកំពុងមានបញ្ហាណាមួយកើតឡើងមិនខាន។ ក្លិនឆ្អាបនៅតំបន់សម្ងាត់ អាចបញ្ជាក់ពីជំងឺឆ្លងបាក់តេរីពីរប្រភេទ គេឧស្សាហ៍ឃើញកើតមានលើទ្វារមាសស្រីៗ មានបាក់តេរី Vaginosis និង Trichomoniasis។ បាក់តេរី Vaginosis ជាការឆ្លងរោគទាក់ទងជាមួយបញ្ហាអតុល្យភាពបាក់តេរីក្នុងទ្វារមាស វាមិនមែនជាជំងឺកាមរោគទេ ប៉ុន្តែអាចបង្កឡើងដោយការរួមភេទជាមួយដៃគូថ្មីដូចគ្នា។
– ក្លិនមេដំបែ ឬក្លិននំប៉័ង៖ ជាធម្មតាមេរោគផ្សិត មិនបង្កឲ្យមានក្លិនទេ ភាគច្រើនអាចដឹងបានដោយរោគសញ្ញា ដូចជា ធ្លាក់សក្រាស់ពណ៌ស និងរមាស់ខ្លាំង។ ប៉ុន្តែក្នុងករណីខ្លះ មេរោគផ្សិត អាចបង្កើតឲ្យមានក្លិនស្រដៀងនឹងនំប៉័ង ឬមានក្លិនដូចរបស់ផ្អាប់ទុកយូរ។ មានធំក្លិន មិនមែនជារោគសញ្ញាតែមួយគត់នៃការឆ្លងមេរោគផ្សិតឡើយ ប៉ុន្តែអាចជួយយើងឲ្យបែកចែក រវាងការបង្ករោគដោយបាក់តេរី និងមេរោគដទៃផ្សេងទៀត ដែលផ្ដល់ការរំខានដល់ទ្វារមាសយើង។
– ក្លិនស្អុយ៖ បើទ្វារមាសស្រាប់តែមានក្លិនស្អុយភ្លាមៗ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ព្រោះអាចបញ្ជាក់ថា ក្នុងខ្លួនអ្នកកំពុងតែមានបញ្ហាហើយ អាចជាសញ្ញារុលចូលរបស់សំឡីអនាម័យតាំប៉ុង (សំឡីអនាម័យញាត់ចូលទ្វារមាស) ចូលទៅក្នុងទ្វារមាស នៅពេលយើងមករដូវលើកចុងក្រោយ បញ្ហាអាចកើតឡើងជាញឹកញាប់ លើសពីអ្វីយើងធ្លាប់គិត។ គ្រូពេទ្យឯកទេសខាងរោគស្ត្រី គាត់មានជំនាញ យកសំឡីដែលយើងភ្លេចក្នុងទ្វារមាសរយៈពេលយូរចេញបានយ៉ាងស្ទាត់ជំនាញ ដូចនេះមិនចាំបាច់ត្រូវអៀនខ្មាស់អ្វីឡើយ។