ស្រីៗដែលភ្លាត់មានកូនដោយចៃដន្យ ហើយសម្រេចចិត្តយកចេញខ្លួនឯងដោយលេបថ្នាំ ត្រូវតែប្រយ័ត្នឲ្យមែនទែន បើមិនអ៊ីចឹងទេអាចគ្រោះថ្នាក់។ ការប្រើថ្នាំលេប កំណត់អាយុគភ៌ក្រោម ៩ សប្តាហ៍ប៉ុណ្ណោះ ហើយត្រូវប្រាកដថាកូននៅក្នុងស្បូនមិនមានកូនក្រៅស្បូន នោះទើបការរំលូតមានសុវត្ថិភាព ចំពោះគភ៌ដែលមានលើសពី ៩ សប្តាហ៍ ចាំបាច់ត្រូវប្រើឧបករណ៍បូមដោយគ្រូពេទ្យជំនាញដែលបានបណ្តុះបណ្តាលត្រឹមត្រូវ។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ក្រោយការរំលូតដោយលេបថ្នាំ ស្រីៗនឹងមានធ្លាក់ឈាមតាមទ្វារមាសតិចតួចអំឡុង ១- ២ សប្តាហ៍ដំបូង ឬអាចនឹងយូរជាងនេះ ។
ការជ្រើសរើសវិធីរំលូតដោយខ្លួនឯងក៏ដោយ ស្រីៗចាំបាច់ត្រូវដឹងពីសញ្ញាគ្រោះថ្នាក់ក្រោយរំលូតកូន ដូចជាធ្លាក់ឈាមច្រើន ចុកពោះខ្លាំង មានធ្លាក់ឈាមលាយទឹករម្អិលធុំក្លិនស្អុយ ក្តៅខ្លួន និងរោគសញ្ញាផ្សេងទៀតដែលអាចឲ្យស្លាប់បាន។
ក្នុងករណីមិនមានសញ្ញាអ្វីគួរឲ្យបារម្ភក៏ដោយ យើងត្រូវតែបន្តតាមដានសុខភាពជាមួយគ្រូពេទ្យផ្នែកសម្ភព ឬរោគស្ត្រី ក្រោយ ១ សប្តាហ៍ បន្ទាប់ពីរំលូត ដើម្បីប្រាកដថា ការរំលូតបានជោគជ័យ ហើយបន្ទាប់មកគ្រូពេទ្យនឹងណែនាំឲ្យស្រី្តពន្យារកំណើត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕