រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?

    រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?

    រលាក​អញ្ចាញធ្មេញ ជា​បញ្ហាទូទៅ ច្រើនមាន​លើ​គ្នា​យើង មិន​ថា​ក្មេង មិន​ថា​ចាស់ ក៏​មិន​ប្រកាន់​ភេទ​នោះដែរ។ ហើយ​ការ​រលាក​នេះ ​ត្រូវ​ចាត់​ទុក​ជា​ជំងឺទាម​ទារ​ការ​ព្យាបាល ដើម្បីកុំ​ឲ្យ​បង្ក​បញ្ហា​លើ​សុខភាព​មាត់​ធ្មេញយើង​កាន់តែ​ច្រើន​ឡើង។ “Hello គ្រូពេទ្យ” ពេល​នេះ នឹង​លម្អិត​ពី​ជំងឺ​រលាកអញ្ចាញ​ធ្មេញ រោគសញ្ញា ក៏ដូច​ជាវិធីបង្ការឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- អ្វីជា​ជំងឺ​រលាក​អញ្ចាញធ្មេញ?

    ​រលាក​អញ្ចាញ ជា​ជំងឺ​កើត​ឡើង​ជា​ញឹក​ញាប់ ​និង​មាន​លក្ខណៈ​ស្រួច​ស្រាវ​ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ឡើង​ក្រហម​ និង​ហើម​អញ្ចាញ។ ​ម៉្យាង​វិញ​ទៀត ចំពោះ​​ករណី​ធ្ងន់ធ្ងរ​ វា​អាច​បណ្ដាល​ឲ្យ​បាត់បង់​ធ្មេញ​ ហេតុ​នេះអ្វី​ដែល​សំខាន់បំផុត គឺ​ត្រូវ​ថែ​ទាំ​អញ្ចាញ​ និង​​ធ្វើ​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស។

    ២- រោគ​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​មាន​អ្វី​ខ្លះ​?

    ជា​ធម្មតា​ អញ្ចាញ​ធ្មេញ​​មាន​សុខភាព​ល្អ គឺ​​មាន​ពណ៌​ផ្កាឈូក​ស្រាល​ ហើយ​បើយើង​​សង្កេត​ឃើញ​ថា​ អញ្ចាញមាន​សភាព​ប៉ោង​ហើម​ ក្រហម​ស្រគាំ ​និង​ងាយ​ឆាប់​ចេញ​ឈាម​ វា​អាច​ជា​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញហើយ។ ក្រៅ​ពី​នេះ​ ដោយ​សារ​តែ​ពេល​ខ្លះ​ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​កម្រ​ធ្វើ​ឲ្យ​ឈឺ​ចាប់ ​ទើប​ធ្វើ​ឲ្យ​គ្នា​យើង​មាន​​ជំងឺ​នេះ​ តែង​តែ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា ​រោគ​សញ្ញា​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ យើង​អាច​ពិនិត្យ​ដឹង​ដោយ​ខ្លួន​ឯង មាន​ដូច​ជា​៖

    – ហើម​អញ្ចាញ​ធ្មេញ ឬហើមអញ្ចាញខ្លាំង
    – ស្រក​អញ្ចាញ​ធ្មេញ
    – ឈឺ​អញ្ចាញ​ធ្មេញ
    – ឆាប់​ចេញ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ ពិសេស​នៅ​ពេល​ដុស​ធ្មេញ​ ឬ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ
    – អញ្ចាញ​ធ្មេញ​ប្រែ​ពណ៌​ ពី​ផ្កា​ឈូក​ស្រាល ​ទៅ​ក្រហម​ជាំ
    – មាន​ក្លិន​មាត់​មិន​ល្អ។

    អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀតមិន​បាន​រៀប​រាប់​ខាង​លើ ​ហេតុ​នេះ​បើសំណួរ ​ឬ​ចម្ងល់​ សូម​ពិគ្រោះ​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
    • តិចនិករើសយកច្រាសដុះធ្មេញ ជួយធ្មេញកាន់តែមានសុខភាពល្អ

    ៣- វិធី​ព្យាបាល

    ដើម្បី​ព្យាបាលជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ យើង​​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖

    – ឧស្សាហ៍​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់
    – ប្រើ​សរសៃ​ច្រាស​ដុស​ធ្មេញ​ទន់ ​និង​ផ្លាស់​ប្ដូរច្រាស​ថ្មី​រាល់ ៣-៤​ ខែ​ម្ដង
    – ប្រើ​ច្រាស​ដុស​ធ្មេញ​អេឡិចត្រូនិក​ ងាយ​កម្ចាត់​កំណក​កំបោរ​តោង​តាម​ជើង​ធ្មេញ
    – ដុស​សម្អាត​ធ្មេញ​ហោច​ណាស់​ ២ ​ដង/ថ្ងៃ​
    – ប្រើ​ទឹក​ខ្ពុល​មាត់​ ANTISEPTIC ​ដែល​ណែនាំ​ដោយ​ទន្តពេទ្យ
    – សម្អាត​ចន្លោះ​ធ្មេញ​ឲ្យ​បាន​ស្អាត។

    បើយើងអនុវត្ត​វិធី​ខាង​លើ​បាន​ខ្ជាប់ខ្ជួន​ យើង​​នឹង​ទទួល​បាន​អញ្ចាញ​ធ្មេញ​មាន​សុខភាព​ល្អ ​ត្រលប់​មក​ពណ៌​ផ្កាឈូក​វិញ​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី ​ឬ​អាច​ច្រើន​សប្ដាហ៍​ អាស្រ័យ​លើ​ការ​​ព្យាយាម​យើង​ផ្ទាល់។ ម៉្យាង​ទៀត ​ត្រូវ​ដុស​សម្អាត​ធ្មេញ​ ដើម្បី​ទទួល​បាន​អនាម័យ​មាត់​ធ្មេញ​ជា​រៀង​រហូត ព្រោះ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ អាច​កើត​ឡើង​សារ​ជា​ថ្មី​ម្ដង​ទៀត។

    ៤- វិធី​​បង្ការកុំ​ឲ្យ​រលាក​អញ្ចាញ​ធ្មេញ

    ទម្លាប់​អនាម័យ​មាត់​ធ្មេញ ​ជា​វិធី​​ល្អ​បំផុត​បង្ការ​ជំងឺ​នេះ​ ហើយ​ចំណុច​សំខាន់​ទាំង​ ៣​ យើង​​គួរ​ចង​ចាំ ​រួម​មាន ​ដុស​សម្អាត​ធ្មេញ​យ៉ាង​តិច​ ២ ដង/ថ្ងៃ​ ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​ និង​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់។

    ក្រៅ​ពី​នេះ​ ការ​សម្អាត​ធ្មេញ​ឲ្យ​បាន​ស្អាត​ល្អ​ជាមួយ​ច្រាស​ដុស​ធ្មេញ​ និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ ​ត្រូវ​ចំណាយ​ពេល​ពី​ ៣-​៥ ​នាទី។ ការ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​មុន​នឹង​ដុស​សម្អាត​ធ្មេញ​ ​អាច​ជួយ​សម្អាត​កម្ទេច​កំទី​ចំណី​អាហារ​នៅ​ចន្លោះ​ធ្មេញ​បាន​កាន់​តែ​ស្អាតល្អ។

    គួរ​តែ​ទៅ​សម្អាត​ធ្មេញជាមួយ​ទន្តពេទ្យ ​រៀង​រាល់ ​៦-​១២​ ខែ​ម្ដង​ ហើយបើឧស្សាហ៍កើត​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ ​អាច​​ត្រូវ​សម្អាត​ធ្មេញ​ជាមួយ​ពេទ្យ​ធ្មេញ ​ឲ្យ​បាន​ញឹក​ញាប់ផង។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Gingivitis. http://www.mayoclinic.org/diseases-conditions/gingivitis/basics/definition/con-20021422. Accessed August 26, 2016.

    Gingivitis and Periodontal Disease (Gum Disease). http://www.webmd.com/oral-health/guide/gingivitis-periodontal-disease. Accessed August 26, 2016.

    What Is Gingivitis? Signs And Symptoms. http://www.colgate.com/en/us/oc/oral-health/conditions/gum-disease/article/what-is-gingivitis-signs-and-symptoms. Accessed August 26, 2016.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 02/09/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត