ជាទូទៅ រោគសញ្ញាមុនមករដូវនឹងបាត់ទៅវិញនៅពេលចាប់ផ្ដើមមានរដូវ ឬរយៈពេលពីរបីថ្ងៃដែលយើងមករដូវ។ ប្រសិនបើវានៅតែបន្តកើតឡើង ឬរំខានដល់ការរស់នៅប្រចាំថ្ងៃ គប្បីទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
យើងអាចព្យាបាលរោគសញ្ញានេះដោយរបៀបណា?
ដោយសារតែរោគសញ្ញាមុនមករដូវមិនមានរោគវិនិច្ឆ័យវេជ្ជសាស្ត្រ ដូច្នេះហើយវាមិនមានការព្យាបាលច្បាស់លាស់ឡើយ។ ទោះជាយ៉ាងនេះក្ដី យើងអាចអនុវត្តវិធីសាស្ត្រមួយចំនួនដើម្បីគ្រប់គ្រងរោគសញ្ញានេះបាន។ វិធីសាស្ត្រដ៏ល្អបំផុតមួយដើម្បីដោះស្រាយរោគសញ្ញាមុនមករដូវ គឺការសម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំទឹកឲ្យច្រើន ក៏ដូចជាគ្រប់គ្រងការរលាក ដោយកាត់បន្ថយអាហារដែលអាចធ្វើឲ្យរលាក (ដូចជាភេសជ្ជៈកំប៉ុង ពពួកអាហារបំពង សាច់ក្រហម) និងបញ្ចូលអាហារដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម (គ្រាប់ធញ្ញាជាតិ បន្លែបៃតង)។