១. ព័ត៌មានទូទៅ
ជំងឺដុំគីសទឹកលើក្រពេញអូវែ (Polycystic ovary syndrome ឬPCOS) គឺជាបញ្ហាអ័រម៉ូនដែលធ្វើឲ្យប៉ះពាល់លើស្រីក្នុងវ័យបន្តពូជភាគច្រើននៅអាយុ១៥ទៅ ៤៤ឆ្នាំ។ ជំងឺប្រភេទនេះអាចមានលក្ខណៈសម្គាល់បីយ៉ាងសំខាន់គឺ៖
- រដូវមិនទៀងទាត់៖ នេះមានន័យថាអូវែរបស់ស្រីៗយើងមិនបានបញ្ចេញស៊ុតមេជីវិតញីទៀងទាត់។
- អ័រម៉ូនអង់ដ្រូហ្សែនខ្ពស់៖ ការកើនឡើងខ្ពស់នៃកម្រិត «អ័រម៉ូនៅភេទប្រុស»នៅក្នុងរាងកាយ អាចបង្កឲ្យមានដុះរោមច្រើននៅលើមុខ និងរាងកាយ។
- ដុំថង់ទឹកតូចៗច្រើនក្នុងអូវែ៖ ការណ៍នេះធ្វើឲ្យអូវែរីកធំ និងមានផ្ទុកថង់ពេញដោយទឹកជាច្រើននៅព័ន្ធជុំវិញស៊ុត។
បើមានចេញលក្ខណៈពីរក្នុងចំណោមបីនេះ ស្រីៗយើងគូរទៅជួបពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យជំងឺដុំគីសទឹកលើក្រពេញអូវែ។
២. រោគសញ្ញាផ្សេងទៀត
ស្រីៗដែលមានចេញរោគសញ្ញាជំងឺដុំគីសទឹកលើក្រពេញអូវែ ជាធម្មតាចេញរោគសញ្ញានៅវ័យជាង២០ឆ្នាំ ឬតិចជាងនេះ ខណៈមានស្រ្តីប្រហែលជា៧០ភាគរយ ការសិក្សាបញ្ជាក់ថាមិនមានចេញរោគសញ្ញា បើទោះបីជាកើតជំងឺនេះ។
រោគសញ្ញាទាំងនោះរួមមាន៖
- រដូវមិនទៀង ឬបាត់រដូវតែម្ដង
- មិនងាយមានផ្ទៃពោះ ព្រោះតែមេជីវិតញីធ្លាក់មិនទៀងទាត់ ឬមិនធ្លាក់មេជីវិតញី
- ដុះរោមច្រើនលើមុខ ទ្រូង ខ្នង និងកំប៉េះគូទ
- ឡើងទម្ងន់
- ជ្រុះសក់
- ស្បែកឡើងខ្លាញ់ ឬមុន
ជំងឺប្រភេទនេះក៏មានទំនាក់ទំនងនឹងការបង្កើតឱកាសឲ្យកើតមានបញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង ដោយសារមានកម្រិតកូលេស្តេរ៉ូលខ្ពស់។