ធ្លាក់ឈាមពីទ្វារមាសក្រោយរួមភេទ អាចមកពីមូលហេតុ ៤ យ៉ាងនេះ
ការធ្លាក់ឈាមពីទ្វារមាស ក្រៅពីការមករដូវ អាចជារឿងដ៏គួរឲ្យបារម្ភមួយរបស់ស្រីៗយើង។ ប៉ុន្តែ មិនមែនរាល់ការធ្លាក់ឈាម សុទ្ធតែចាំបាច់ត្រូវធ្វើការព្យាបាលបន្ទាន់នោះទេ។ ក្នុងករណីខ្លះ ការធ្លាក់ឈាមក្រោយរួមភេទ អាចកើតឡើងដោយសារតែមូលហេតុតូចតាចប៉ុណ្ណោះ។ យ៉ាងណាមិញ បើគ្នាយើងសង្កេតឃើញមានការធ្លាក់ឈាមញឹកញាប់ ឬខុសប្រក្រតី យើងគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុបង្កឲ្យបានទាន់ពេលវេលា។

មូលហេតុទូទៅមួយចំនួននៃការធ្លាក់ឈាមក្រោយរួមភេទ
១. ស្ងួតទ្វារមាស
បញ្ហាទ្វារមាសស្ងួត សម្តៅលើកង្វះជាតិរម្អិល ដែលនាំឲ្យមានការកកិតខ្លាំង និងរលាកអំឡុងពេលរួមភេទ។ ជាលទ្ធផល មានស្រីៗយើងខ្លះប្រឈមនឹងបញ្ហាធ្លាក់ឈាមក្រោយរួមភេទរួច។ ជាក់ស្តែង ទ្វារមាសស្ងួត ពាក់ព័ន្ធនឹងការប្រែប្រួលអ័រម៉ូន ជាពិសេសអំឡុងពេលចូលដល់វ័យអស់រដូវ។ បញ្ហាផ្សេងទៀត មានដូចជាការបំបៅដោះ ការប្រើប្រាស់ថ្នាំជាក់លាក់ ស្រ្តេស ឬបញ្ហាសុខភាពមួយចំនួន។ ក្នុងករណីដែលមានការធ្លាក់ឈាមក្រោយរួមភេទ ដោយសារតែទ្វារមាសស្ងួតខ្លាំង ស្រីៗយើងអាចប្រើពពួកទឹករម្អិលអំឡុងពេលរួមភេទ ដើម្បីដោះស្រាយបញ្ហានេះ។
២. ជំងឺកាមរោគ (STIs)
ទន្ទឹមនឹងនេះដែរ ជំងឺកាមរោគក៏អាចជាមូលហេតុធ្វើឲ្យមានការធ្លាក់ឈាមក្រោយរួមភេទដូចគ្នា។ ការឆ្លងមេរោគជាក់លាក់ ដូចជាប្រមេះទឹកបាយ ប្រមេះទឹកថ្លា ឬរើម អាចបណ្តាលឲ្យមានការរលាកមាត់ស្បូន ព្រមទាំងបង្កឲ្យមានការធ្លាក់ឈាមអំឡុងពេលរួមភេទ។ ការរកឃើញ និងព្យាបាលជំងឺកាមរោគទាន់ពេលវេលា អាចបញ្ចៀសផលវិបាកផ្សេងៗ ដូចជាជំងឺរលាកមាត់ស្បូន ព្រមទាំងកាត់បន្ថយការធ្លាក់ឈាមក្រោយពេលរួមភេទ។

៣. អតុល្យភាពបាក់តេរីនៃទ្វារមាស ឬការឆ្លងមេរោគផ្សិត
ការបង្ករោគនៅទ្វារមាស ដូចជាអតុល្យភាពបាក់តេរីនៃទ្វារមាស ឬការឆ្លងមេរោគផ្សិត អាចបណ្តាលឲ្យមានការរលាក និងក្រហាយនៃជាលិកាទ្វារមាស ហើយជាលទ្ធផល យើងអាចប្រឈមនឹងការធ្លាក់ឈាមក្រោយពេលរួមភេទ។ រោគសញ្ញាទូទៅនៃការបង្ករោគនៅទ្វារមាសទាំងនេះ រួមមានការធ្លាក់ទឹករម្អិលទ្វារមាសខុសប្រក្រតី រមាស់ ក្រហាយ និងមានក្លិនឆ្អាប។
៤. មហារីកមាត់ស្បូន
ជំងឺមហារីកមាត់ស្បូន គឺជាការលូតលាស់មិនប្រក្រតីនៃកោសិកានៅក្នុងមាត់ស្បូន ហើយការធ្លាក់ឈាមអំឡុងពេល ឬក្រោយពេលរួមភេទ គឺជារោគសញ្ញាចម្បងមួយ។ ការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា មានសារៈសំខាន់ណាស់ក្នុងការព្យាបាលប្រកបដោយជោគជ័យ ជាពិសេសស្ត្រីដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី