​​​គេង​មិន​គ្រប់គ្រាន់​ ប៉ះពាល់​សុខភាព​ស្បែក​ធ្ងន់ធ្ងរ ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​​​គេង​មិន​គ្រប់គ្រាន់​ ប៉ះពាល់​សុខភាព​ស្បែក​ធ្ងន់ធ្ងរ ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ស្រីៗ​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែទាំ​ស្បែក​ ដោយ​ការ​លាង​សម្អាត​មុខ​ លាប​ក្រែម​ផ្ដល់​សំណើម​ ឬ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​​។​ ពិត​ណាស់​ ស្បែក​គឺ​ជា​សរីរាង្គ​ដ៏​ធំ​បំផុត​នៅ​ក្នុង​រាងកាយ​ ដែល​មាន​តួនាទី​ការពារ​រាងកាយ​ពី​ជាតិ​ពុល​ និង​​​ធាតុ​ចម្លែក​​ផ្សេងៗ​។ ​​ការ​គេង​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ រួម​ទាំង​ស្បែក​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ស្រីៗ​យើង​ចង់​បង្កើន​សុខភាព​រាងកាយ​ និង​ស្បែក​ ចូរ​​ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់​។

    យ៉ាង​ណា​មិញ ផល​ប៉ះពាល់​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​​ចំពោះ​សុខភាព​សម្រស់​​មាន​ដូច​ខាង​ក្រោម​។

    ១. ​កើត​មុន​

    យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​បណ្ដាល​ឲ្យ​កើត​មុន​។​ ​​ជា​ទូទៅ​ ​ការ​អស់​កម្លាំង​នៅ​ពេល​ភ្ញាក់​ពី​គេង​​ក៏​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បញ្ហា​មុន​ដូច​គ្នា​។​ ​មួយ​វិញ​ទៀត​ ស្រ្តេស​គឺ​ជា​កត្តា​មួយ​ដែល​រួម​ចំណែក​នៃ​ការ​កើត​មុន​ ហើយ​នៅ​ពេល​ដែល​យើង​ស្រ្តេស​ រាងកាយ​នឹង​ផលិត​អ័រម៉ូន​Cortisol និង​ប្រូតេអ៊ីន​រលាក​។​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​​ធ្វើ​ឲ្យ​កើន​ឡើង​កម្រិត​អ័រម៉ូនCortisol ​ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ ​និង​​បង្ក​ជា​បញ្ហា​ស្បែក​ ឬ​ជំងឺ​ផ្សេង​ៗ​។​

    ២. ​​រង្វង់​ភ្នែក​ខ្មៅ​

    ​​ជាមួយ​គ្នា​នេះ​ដែរ ​​ការ​គេង​មិន​គ្រប់គ្រាន់​ ក៏​អាច​​ធ្វើ​​​ឲ្យ​យើង​មាន​ភាព​នឿយហត់​​​ខ្លាំង​ ព្រម​ទាំង​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ ក៏​ដូចជា​រង្វង់​ភ្នែក​ខ្មៅ​។​ ​ការ​ដក់​នេះ​ ​បណ្ដាល​មក​ពី​​ការ​រក្សា​សារធាតុ​រាវ​នៅ​ក្នុង​ជាលិកា​ទន់​នៅ​បរិវេណ​ជុំវិញ​ភ្នែក​។ រង្វង់​ភ្នែក​ខ្មៅ​កើត​ឡើង​ជា​ទូទៅ​​នៅ​ពេល​ព្រឹក​ ឬ​បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ប្រៃ។​

    ៣. ស្បែក​​ឆាប់​ចាស់​

    ​ការ​គេង​បាន​តិចតួច​ក៏​អាច​​ធ្វើ​ឲ្យ​លេច​ឡើង​នូវ​ស្បែក​ចាស់​ជ្រីវជ្រួញ​។​ នៅ​ពេល​ដែល​ស្រី​ៗ​យើ​ង​គេង​បាន​តិច​ ស្បែក​របស់​យើង​មិន​អាច​រក្សា​ជាតិ​ទឹក​បាន​ច្រើន​ឡើយ​។​ ​ការ​បាត់បង់​ជាតិ​ទឹក​ខ្ពស់​នេះ​ ​នឹង​ធ្វើ​​ឲ្យ​រនាំង​ការពារ​ស្បែក​ទៅ​ជា​ខ្សោយ​។​ ​ដោយ​សារ​តែ​ស្បែក​មាន​សមត្ថភាព​ជួសជុល​ខ្លួន​ឯង​ ស្រី​ៗ​ដែល​​គេង​បាន​គ្រប់គ្រាន់​ ​មាន​រនាំង​ការពារ​ស្បែក​ល្អ​ជាង​ស្រី​ៗ​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ដល់​ទៅ​៣០%​។​ ​លើស​ពី​នេះ​ អ្នក​ដែល​គេង​បាន​គ្រប់គ្រាន់​ ក៏​អាច​ជា​សះ​ស្បើយ​ពី​ស្នាម​ក្រហម​នៅ​លើ​ផ្ទៃ​មុខ​ ដែល​បណ្ដាល​មក​ពី​​ពន្លឺ​អ៊ុលត្រា​វី​យូ​ថែម​ទៀត​ផង​​។​

    ការគេង

    ​​ការ​គេង​បាន​គ្រប់គ្រាន់​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​

    ​ការ​បង្កើន​គុណភាព​ និង​រយៈពេល​គេង​អាច​ជួយ​កាត់បន្ថយ​មុន​ និង​បញ្ហា​ស្បែក​ដទៃ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ចូរ​រៀបចំ​បរិយាកាស​នៃ​ការ​គេង​ឲ្យ​មាន​ភាព​ត្រជាក់​​ស្រួល​ ងងឹត​ និង​គ្មាន​សំឡេង​រំខាន​។ ស្រីៗ​យើង​គប្បី​អនុវត្ត​​សកម្មភាព​បែប​លំហែ​អារម្មណ៍​នៅ​ពេល​ល្ងាច​ ដូចជា​អាន​សៀវភៅ​ ឬ​ហាត់​យូ​ហ្គា​ជា​ដើម​។​ ​​​ជាមួយ​នឹង​​ការ​​គេង​​លក់​ស្កប់ស្កល់​ និង​គ្រប់​គ្រាន់​ គ្នា​យើង​​ច្បាស់​ជា​​ទទួល​បាន​ភាព​ស្រស់​ស្អាត​​​ដែល​នឹក​ស្មាន​មិន​ដល់​ជា​មិន​ខាន​​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 24/05/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត