backup og meta

កើតបូសញឹកញាប់ អាចមកពី​បញ្ហាសុខភាពទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 25, 2021

    កើតបូសញឹកញាប់ អាចមកពី​បញ្ហាសុខភាពទាំងនេះ​

    គ្នា​យើង​ធ្លាប់​កើត​បូស​ទេ? អ្នក​ធ្លាប់​កើត​បូស​ច្បាស់ជា​យល់​មិន​ខាន​ថា​វា​មាន​ការ​ឈឺចាប់ ឬ​រំខាន​កម្រិត​ណា​នោះ ពិសេស​បើ​កើត​នៅ​ក្លៀក ឬ​កំប៉េះ​គូទ​ទៀត​នោះ​។ ចុះ​គ្នា​យើង​​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បានជា​អ្នក​ខ្លះ​កើត​បូស​ញឹកញាប់ ហើយ​អ្នក​ខ្លះ​មិនដែល​កើត ឬ​កម្រ​កើត?

    . មូល​ហេតុ​កើត​បូស​

    នៅ​ពេល​ពេល​ស្បែក​របស់​យើង​ដាច់ រហែក មាន​របួស ឬ​ក៏​មាន​ការ​រលាក​ណា​មួយ​កើត​ឡើង បាក់​តេរី​នឹង​ចូល​ទៅ​ក្នុង​ស្បែក​របស់​យើង​មិន​ខាន​។ បូស​អាច​កើត​ឡើង​បាន​នៅ​ពេល​ដែល​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​យើង​ព្យា​យាម​សម្លាប់​មេរោគ​ដែល​ចូល​ក្នុង​ខ្លួន​យើង ជាមួយ​នឹង​ការ​ឆ្លើយ​តប​របស់​កោសិកា​ឈាម​ស និង​នាំ​ឲ្យ​មាន​បង្ក​ជា​ខ្ទុះ​។

    នៅ​ចំណុច​កណ្ដាល​នៃ​​បូស​​មាន​ទឹក​រម្អិល និង​ផ្ទុក​ដោយ​​កោ​សិកា​ងាប់​ផ្សេង​ៗ បាក់តេរី និង​ធាតុ​កខ្វក់​ផ្សេង​ទៀត​។ កន្លែង​ក​រោគ​នោះ​ ក៏​ចាប់​ផ្ដើម​ឡើង​ធំ ធ្វើ​ឲ្យ​មាន​សភាព​តឹង​នៅ​ក្រោម​ស្បែក និង​បង្ក​ការ​រលាក​​ជាលិកា​នៅ​ជុំ​វិញ​នោះ​កាន់តែ​ច្រើន​។ ការ​ឡើង​តឹង និង​ការ​លាក​ បង្ក​ឲ្យ​កើត​មាន​ការ​ឈឺ​ចាប់។

    គ្នា​យើង​ដែល​មាន​ប្រព័ន្ធ​ភាណ​ស៊ាំ​ខ្សោយ​ប្រឈម​នឹង​ការ​កើត​បូស​ញឹកញាប់។ មួយ​វិញ​ទៀត អ្នក​ដែល​ធ្វើ​ការ​នៅ​កន្លែង​បរិស្ថាន​កខ្វក់ នៅ​ជាមួយ​មនុស្ស​មាន​រោគ​ឆ្លង​លើ​ស្បែក ខ្វះ​អនាម័យ និង​លំហូរ​ឈាម​ខ្សោយ​ជា​ដើម ក៏​ប្រ​ឈម​នឹង​កើត​មាន​បញ្ហា​បូស​នេះ​ដែរ​​។

    ដូច​គ្នា​ដែរ អ្នក​មាន​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ខាង​ក្រោម​នេះ​ក៏​ប្រ​ឈម​នឹង​កើត​បូស​ញឹក​ញាប់​ដែរ ដោយ​សារ​តែ​រាង​កាយ​បង្កើន​ការ​សម្លាប់​មេរោគ​។ បញ្ហា​ទាំង​នោះ​រួម​មាន​៖​

    • អ្នក​មាន​ជំងឺ​ធាត់
    • មហារីក
    • ទឹកនោមផ្អែម
    • ជំងឺ​ដំបៅ​​រលាកពោះវៀនធំ  និង​
    • អ្នកញៀនស្រា ឬ​គ្រឿង​ញៀន​ខុស​ច្បាប់ ជា​ដើម​។

    បូសអន្ទង់

    . វិធី​ព្យាបាល​​

    វិធី​ព្យាបាល​នៅផ្ទះ

    • បើ​បូស​មាន​ទំហំតូច (តូចជាង​១​សង់ទីម៉ែត្រ) យើង​អាច​ប្រើ​កំណាត់​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហៗ​យក​​មក​ដាក់​លើ​កន្លែង​កើត​បូស​ប្រហែល​៣០នាទី និង​ធ្វើ​បែប​នេះ​បួន​ដង​ក្នុង​មួយ​ថ្ងៃ។
    • កុំ​ព្យាយាម​ច្របាច់​បូស​ឲ្យ​សោះ ការ​ធ្វើ​បែប​នេះ​នឹង​អាច​ធ្វើ​ឲ្យ​មេរោគ​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ជាលិកា។
    • កុំ​ព្យាយាម​ជោះ ឬ​ឆ្កឹះ​​បូស​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​មាន​របួស​ដល់​សរសៃ​ឈាម​នៅ​ផ្នែក​ខាង​ក្រោម ឬ​ធ្វើ​ឲ្យ​មេរោគ​រាល​ដាល​។​​​​

    ទៅ​ជួប​គ្រូពេទ្យ

    គ្នា​យើង​ត្រូវ​ទៅ​រក​ការ​ព្យា​បាល​ពី​គ្រូពេទ្យ​បើ​បូស​៖​

    • មាន​ទំហំ​ធំ​ជាង​១​សង់ទីម៉ែត្រ
    • របួស​​រាល​ដាល​កាន់តែ​ខ្លាំង និង​ឈឺ​កាន់​តែ​ខ្លាំង
    • កើត​បូស​ម្ដុំ​ទ្វារធំ ឬ​ក្រលៀន​
    • មាន​អាការៈ​ក្ដៅ​ខ្លួន​កើត​ឡើង
    • មាន​ឡើ​ង​ស្នាម​ក្រហម​ច្រើន មាន​ន័យ​ថា​​មេរោគ​រាល​ដាល
    • បើ​យើង​មាន​បញ្ហា​​សុខ​ភាព​មួយ​ចំនួន​ដូច​មាន​ក្នុង​ចំណុច​ខាង​លើ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម