កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង នេះជាតិចនិកការពារស្បែកកុំឲ្យកើតមហារីក

    កាំរស្មីព្រះអាទិត្យ UV កើនឡើងខ្លាំង នេះជាតិចនិកការពារស្បែកកុំឲ្យកើតមហារីក

    ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តីពី សន្ទស្សន៍​នៃ​ការ​កើន​ឡើង​កាំរស្មី​ព្រះអាទិត្យ UV ចាប់ពី​ទី១៨ ដល់ថ្ងៃទី២៤ សីហា នៅ​ចន្លោះ​ម៉ោង១០ព្រឹក ដល់ម៉ោង ២រសៀល។ ការ​កើន​ឡើង​នៃ​កាំរស្មី​ព្រះអាទិត្យ UV នេះ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង ពិសេស​ស្បែក​តែ​ម្តង ករណី​ធ្ងន់ធ្ងរ​ឈាន​ទៅ​កើត​មហារីក​ស្បែក។

    ខាង​ក្រោម​នេះ​ជា​តិចនិក​ការពារ​ស្បែក​យើង អំឡុង​ពេល​ការ​កើន​ឡើង​នៃ​កាំរស្មី​ព្រះអាទិត្យ UV ៖

    ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង៖ កម្ដៅ​ថ្ងៃ អាច​ឡើង​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០ព្រឹក ដល់​ម៉ោង​៤​រសៀល។ បើ​យើង​ចង់​ចេញ​ក្រៅ គួរ​ចៀសវាង​ពេល​វេលា​នេះ។ ការ​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង អាច​ជួយ​ការពារ​ស្បែក​របស់​យើង​កុំ​ឲ្យ​រលាក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ញឹកញាប់ និង​រយៈពេល​យូរ អាច​បង្កើត​ឱកាស​កើត​ជំងឺ​មហារីក​ស្បែក​ដែរ​។

    ប្រើ​ក្រែម​ការពារ​កម្ដៅ​​ថ្ងៃ៖ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មិន​ទប់​ស្កាត់​កាំរស្មីUV បាន​ទាំង​ស្រុង​ទេ តែ​វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ដែរ ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កម្ដៅ​ព្រះអាទិត្យ​។ គ្នា​យើង​គួរ​ជ្រើស​រើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​ SPF យ៉ាងតិច​៣០ ហើយ​លាប​លើ​ស្បែក​មិន​ថា​ពេល​មេឃ​មាន​ពពក​ច្រើន​ក៏​ដោយ​។ យើង​គួរ​លាប​ក្រែម​ការពារ​ស្បែក​រាល់​ពីរ​ម៉ោង​ម្ដង និង​ច្រើន​ជាង​នេះ​បើ​យើង​លេង​​ហែល​ទឹក​។ ចូរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​លើ​ស្បែក រួម​ទាំង​បបូរមាត់ ត្រចៀក ខ្នងដៃ និង​ក ផង​ដែរ​។

    ស្លៀក​ពាក់​ជិតៗ៖ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មិន​អាច​ការពារ​ស្បែក​យើង​ទាំង​ស្រុង​បានទេ។ ការ​ស្លៀក​ពាក់​ជិត​ៗ និង​ពាក់​ស្រោម​ដៃ​ផង អាច​ជួយ​ការពារ​ស្បែក​យើង​បន្ថែម​ពី​កម្ដៅ​ថ្ងៃ​។​

    មួយ​វិញ​ទៀត បើ​គ្នា​យើង​ចេញក្រៅ​ក៏​កុំភ្លេច​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដូច​គ្នា​ ហើយ​វ៉ែន​តា​នោះ​គួរ​ជា​វ៉ែន​តា​ដែល​អាច​ការពារ​កាំរស្មី​UV បាន​ទាំង​ប្រភេទ​ UVA និង​UVB។

    កាំរស្មីព្រះអាទិត្យ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.mayoclinic.org/diseases-conditions/skin-cancer/symptoms-causes/syc-20377605#:~:text=Skin%20cancer%20%E2%80%94%20the%20abnormal%20growth,squamous%20cell%20carcinoma%20and%20melanoma.

     

    https://www.cancer.org/cancer/cancer-causes/radiation-exposure/uv-radiation.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត