ដូច្នេះហើយ ការព្យាបាលមុនដ៏ល្អបំផុតគឺមិនត្រូវធ្វើឲ្យស្បែកស្ងួត និងរលាក ក៏ដូចជាប្រតិកម្មឡើយ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសម្រាប់ការព្យាបាលមុន សម្រាប់ស្បែកងាយប្រតិកម្ម។
១. កំណត់ស្បែកងាយប្រតិកម្មឲ្យបានត្រឹមត្រូវ
ជំហានដំបូងក្នុងការដោះស្រាយបញ្ហាស្បែកងាយប្រតិកម្ម និងកើតមុនគឺកំណត់ប្រភេទស្បែកដែលងាយប្រតិកម្មឲ្យបានត្រឹមត្រូវ។ ប្រសិនបើស្បែកលេចឡើងស្នាមក្រហម និងរលាក នៅពេលលាបផលិតផលផ្សេងៗ នេះមានន័យថាយើងមានស្បែកងាយប្រតិកម្ម ដែលមានប្រតិកម្មខ្លាំងចំពោះផលិតផលថែសម្រស់។ ក្នុងករណីដែលគ្នាយើងមានស្បែកស្ងួត និងកើតមុន វាអាចធ្វើឲ្យស្បែកងាយឈឺចាប់នៅពេលប៉ះ។ ការព្យាបាលមុននឹងធ្វើឲ្យស្បែកកាន់តែប្រតិកម្មជាងមុន ជាពិសេសនៅពេលប្រើប្រាស់សារធាតុផ្សំដែលមានដូចជា Retinoids, Benzoyl Peroxide, Salicylic Acid និងផលិតផលព្យាបាលដទៃទៀត។
២. ជៀសវាងធ្វើឲ្យស្បែកកាន់តែស្ងួត
ពិតណាស់ រាល់ផលិតផលសម្រាប់ព្យាបាលមុន សុទ្ធតែធ្វើឲ្យស្បែកកាន់តែងាយប្រតិកម្ម ដូច្នេះហើយ យើងត្រូវជ្រើសរើសផលិតផលព្យាបាលមុនដោយយកចិត្តទុកដាក់ជាទីបំផុត។ ការប្រើប្រាស់ក្រែមផ្ដល់សំណើមគឺជារឿងសំខាន់មួយ ទោះបីជាយើងកំពុងតែប្រឈមនឹងបញ្ហាមុនក៏ដោយ។ មានផលិតផលមួយចំនួនដែលត្រូវបានបង្កើតឡើងសម្រាប់ព្យាបាលមុន ដោយមានផ្ទុកស័ង្កសី និងអាស៊ីដ Myristic ផ្ដល់សំណើម និងការពារមុននៅក្នុងពេលតែមួយ។ បន្ថែមពីនេះ ការប្រើប្រាស់ក្រែមផ្ដល់សំណើម និងហ្វូមលាងមុខប្រភេទពពុះ ក៏អាចជួយរក្សាជាតិទឹកដល់ស្បែកដូចគ្នា។