ស្បែកបាត់បង់សំណើមអាស្រ័យលើលក្ខខណ្ឌពិសេសពីរគឺការខ្វះជាតិទឹក ឬស្ងួត។ ស្បែកខ្សោះជាតិទឹកសំដៅទៅលើស្ថានភាពដែលស្បែកខ្វះជាតិទឹក ឯស្បែកស្ងួតវិញគឺសំដៅទៅលើស្ថានភាពដែលស្បែកកង្វះជាតិប្រេងធម្មជាតិហើយត្រូវបានគេស្គាល់ថាជាសេបូម (sebum)។ ប្រភេទនៃស្បែកត្រូវបានគេចែកជាស្បែកធម្មតា ស្បែកស្ងួត ស្បែកប្រតិកម្ម និងស្បែកដែលសម្បូរខ្លាញ់ ជាធម្មតាមនុស្សយើងកើតមកមានស្បែកតែមួយប្រភេទ ហើយស្ថានភាពនៃស្បែកគឺអាចខុសគ្នាទៅតាមពេលវេលា និងរដូវកាល។ រោគសញ្ញានៃស្បែកដែលបាត់បង់សំណើមមានរបកស្បែក ស្បែកឡើងជ្រួញ ក្រហម និងរលាក។ តើអ្វីដែលបណ្តាលឲ្យស្បែកបាត់បង់សំណើមពិតប្រាកដនោះ?
១– កត្តាវ័យ
ភាពចាស់ជរាគឺជាដំណើរការខាងក្នុងមួយរបស់មនុស្សយើងគ្រប់រូប ហើយរាងកាយយើងនឹងមានភាពចាស់ទៅៗទោះបីជាយើងមិនបានត្រៀមខ្លួនរួចរាល់ក៏ដោយ។ នៅពេលដែលមុខងារនៃក្រពេញ sebaceous របស់ស្បែកមានការថយចុះ នោះសំណើមរបស់ស្បែកក៏ត្រូវថយចុះដែរ។ ស្រទាប់ស្បែកមាននាទីក្នុងការផលិតជាតិខ្លាញ់សម្រាប់ជារណាំងការពារ Stratum Corneum និងបន្ថយភាពចាស់។ លំហូរឈាមទៅកាន់ស្បែកក៏ត្រូវបានថយចុះដែរនៅពេលដែលការផលិតប្រេងធម្មជាតិ ឬខ្លាញ់របស់ស្បែកត្រូវកាត់បន្ថយ។
អត្ថបទពាក់ព័ន្ធ៖
- ស្ថានភាពស្បែក ៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួលថែទាំ
- ផ្លែល្ពៅមានប្រយោជន៍ដល់បេះដូង ភ្នែក និងស្បែក
- ក្តៅខ្លាំងអ៊ីចឹង បើស្រលាញ់ស្បែក ត្រូវដឹងវីតាមីនសំខាន់ៗទាំងនេះ
- វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង
២- កត្តាអាកាសធាតុ ឬបរិស្ថាន
ការត្រូវពន្លឺព្រះអាទិត្យយូរអាចធ្វើឲ្យជាតិទឹកដែលមាននៅលើស្បែករបស់យើងអាចហួតបាន ដែលជាហេតុបណ្តាលឲ្យស្បែកយើងស្ងួត។ ក្រៅពីនេះ ការធ្លាក់ខ្យល់ ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់ កំដៅដែលចេញពីម៉ាស៊ីនកម្តៅ និងសីតុណ្ហាភាពដែលទាបក៏អាចបណ្តាលឲ្យស្បែកស្ងួតបានផងដែរ។ សីតុណ្ហាភាពដែលខ្ពស់ ឬទាបពេកសុទ្ធតែអាចបណ្តាលឲ្យស្បែកយើងបាត់បង់សំណើម និងឆាប់ចាស់បាន។
៣- ការងូត និងត្រាំទឹកក្តៅ
ការងូត ឬត្រាំទឹកក្តៅអាចជាជម្រើសដ៏ល្អមួយពិសេសក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ឬរដូវរងា ប៉ុន្តែមិនចាំបាច់ត្រូវប្រើក្នុងរយៈពេលយូរឡើយ។ ការងូតទឹកក្តៅក្នុងរយៈពេលយូរអាចធ្វើឲ្យស្បែករបស់យើងមានសភាពស្ងួតដោយសារបាត់បង់ប្រេងរំអិលពីធម្មជាតិដែលស្បែកយើងមាន។ ជំរើសមួយផ្សេងទៀត គឺយើងអាចកំណត់ពេលងូតទឹកក្តៅដោយប្រើពេលប្រហែល១០ នាទីក្នុងពេលងូតម្ដងៗ។
៤- ខ្វះជាតិទឹក
ជារៀងរាល់ថ្ងៃស្បែក និងរាងកាយយើងបានបាត់បង់ជាតិទឹកដោយសារការនោម បែកញើស ឬកត្តាខាងក្រៅផ្សេងទៀតដូចជាសីតុណ្ហភាព និងអាកាសធាតុ។ រាងកាយរបស់យើងត្រូវបានផលិតចេញពីអង្គធាតុរាវ ឬទឹក ៧០ ភាគរយដើម្បីជួយដល់ការលូតលាស់ និងសុខភាពរបស់កោសិការាងកាយ។ ការរក្សាជាតិទឹកដោយការផឹកទឹកអាចការពាររាងកាយពីការខ្វះជាតិទឹកបានក៏ដូចជាការប៉ះពាល់ទៅលើសុខភាពកោសិកាផងដែរ។
៥- កម្រិត pH គ្មានតុល្យភាព
ស្បែករបស់យើងមានជាតិអាស៊ីតបន្តិចដើម្បីជារបាំងការពារពីបាក់តេរី និងសត្វល្អិតផ្សេងទៀតដែលមាននៅក្នុងបរិស្ថាន។ សាប៊ូមួយចំនួនដែលមានកម្រិតបាសអាល់កាឡាំងខ្ពស់អាចមានផលរំខានដល់កម្រិត pH នៃស្បែក និងអាចបណ្តាលឲ្យស្បែកយើងបាត់បង់សំណើម។ ជាការសំខាន់ណាស់ដែលយើងគួរតែប្រើសាប៊ូលាងសម្អាតដែលមាន pH តុល្យភាព ឬលាងមុខជាមួយនឹងផលិតផលដែលមានជាតិអាស៊ីតតិចនៃកម្រិត pH។ យើងក៏អាចជ្រើសយកផលិតផលសម្អាតណាដែលមាននាទីសម្រាប់កម្ចាត់ភាពកខ្វក់ចេញពីស្បែកដោយមិនប៉ះពាល់ទៅផ្នែកខាងលើនៃស្បែក។
នៅពេលដែលស្បែកមានការបាត់បង់នូវជាតិសំណើមច្រើនពេកនោះស្បែករបស់យើងនឹងមានសភាពរលាក រមាស់ ស្បែកឡើងស្រអាប់ មានរង្វង់ខ្មៅនៅក្រោមភ្នែក និងមានស្លាកស្នាម ឬស្នាមជ្រួញនៅលើស្បែក។ វិធីផ្សេងទៀតដែលណែនាំក្នុងការការពារពីការបាត់បង់សំណើមនៅស្បែករួមមានការកាត់បន្ថយការផឹកកាហ្វេ និងប្រភពជាតិកាហ្វេអ៊ីន ឈប់ជក់បារី និងងាកមកផឹកទឹកឲ្យបានច្រើន ហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យបានគ្រប់គ្រាន់ ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន។
អត្ថបទពាក់ព័ន្ធ៖
- វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក
- ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹងប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន
- ចង់បានស្បែកភ្លឺស្រស់ស្អាត អនុវត្តតិចនិកទាំង ៥ នេះ
- ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-due-date]