ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Lisinopril ប្រើព្យាបាលជំងឺអីខ្លះ?
Lisinopril ជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺលើសឈាម ជួយកាត់បន្ថយសម្ពាធឈាមជួយ ការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង និងបញ្ហាតម្រងនោម។ គ្រូពេទ្យ តែងតែប្រើព្យាបាលអ្នកជំងឺខ្សោយបេះដូង ជួយឲ្យអត្រាមានជីវិតខ្ពស់ ក្រោយគាំងបេះដូង។
Lisinopril ស្ថិតក្នុងក្រុមថ្នាំ ACE inhibitors មានអំពើជួយសម្រួលសរសៃឈាម ធ្វើឲ្យចលនាឈាមរត់ ងាយស្រួលជាងមុន។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេបថ្នាំនេះតាមមាត់ ជាមួយអាហារ ឬពោះទទេ អាស្រ័យលើការណែនាំពីគ្រូពេទ្យ ហើយជាទូទៅ លេបមួយថ្ងៃម្តង។
បើប្រើថ្នាំ Lisonopril ក្នុងទម្រង់ទឹក សូមក្រឡុកដបថ្នាំមុននឹងប្រើថ្នាំម្ដងៗ។ ត្រូវប្រុងប្រយ័ត្នវាស់កម្រិតប្រើ ជាមួយឧបករណ៍សម្រាប់វាស់ (ស្លាបព្រាថ្នាំ) តែប៉ុណ្ណោះ ហាមវាស់កម្រិតថ្នាំដោយប្រើស្លាបព្រាធម្មតា ព្រោះអាចធ្វើឲ្យកម្រិតថ្នាំមិនត្រឹមត្រូវ។
កម្រិតប្រើថ្នាំ អាស្រ័យលើស្ថានភាពសុខភាព និងលទ្ធផលក្រោយការព្យាបាល និងក្មេងៗ កម្រិតប្រើថ្នាំអាស្រ័យលើទម្ងន់។
ដើម្បីកាត់បន្ថយផលរំខាន គ្រូពេទ្យអាចណែនាំឲ្យប្រើថ្នាំនេះដំបូងក្នុងកម្រិតទាប បន្ទាប់មក បង្កើនបន្តិចម្ដងៗ ហេតុនេះ សូមធ្វើតាមការណែនាំដោយប្រុងប្រយ័ត្ន។
សូមប្រើថ្នាំនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលខ្ពស់ ហើយដើម្បីជួយឲ្យយើងចាំថាលេបរួច ឬមិនទាន់ គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។ សំខាន់បំផុតត្រូវបន្តប្រើថ្នាំនេះឲ្យទៀងទាត់ ទោះបីមានអារម្មណ៍ស្ថានភាពជំងឺប្រសើរហើយក្តី។ មនុស្សភាគច្រើនមានសម្ពាធឈាមខ្ពស់មិនមានបង្ហាញអាការៈឈឺចាប់ទេ។
ព្យាបាលករណីឡើងសម្ពាធឈាមខ្ពស់ ត្រូវចំណាយពេល ២-៤ សប្តាហ៍ ទើបអាចទទួលបានប្រសិទ្ធភាពពេញលេញពីថ្នាំនេះ។ ព្យាបាលខ្សោយបេះដូង ត្រូវចំណាយពេលច្រើនសប្តាហ៍ អាចដល់រាប់ខែ ទើបទទួលបានប្រសិទ្ធភាពព្យាបាលពេញលេញ។ ប្រាប់ទៅវេជ្ជបណ្ឌិត បើស្ថានភាពសុខភាពមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ ពិសេសសម្ពាធឈាមកាន់ឡើងខ្ពស់។
៣- គួររក្សាទុករបៀបណា?
Lisinopril អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Lisinopril ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុននឹងប្រើថ្នាំនេះ សូមប្រាប់គ្រូពេទ្យ ឬឱសថការី បើយើងធ្លាប់មានប្រតិកម្មជាមួយ Lisinopril ឬក្រុមឱសថ ACE inhibitors ដូចជាថ្នាំ Benazepril ឬថ្នាំដទៃទៀត។ ផលិតផលនេះ អាចមានសារធាតុមិនសកម្ម (Inactive) បង្កទៅជាអាលែកហ្ស៊ី ឬបញ្ហាផ្សេងទៀត។ សូមសាកសួរទៅកាន់ឱសថការី ដើម្បីទទួលបានព័ត៌មានលម្អិត។
ប្រាប់គ្រូពេទ្យ និងឱសថការី ពីប្រវត្តិជំងឺ ពិសេសប្រវត្តិធ្លាប់មានប្រតិកម្មណាមួយ ដូចជា ហើមមុខ បបូរមាត់ អណ្ដាត បំពង់ក (Angioedema) បង្កបញ្ហាលើដំណើរការច្រោះឈាមរបស់តម្រងនោម (Blood filtering procedures) ដូចជា LDL Apheresis (លាងឈាម) ឬកម្រិតជាតិប៉ូតាស្បូមក្នុងឈាមខ្ពស់។
ថ្នាំនេះអាចធ្វើអោយអ្នកងងុយ ហេតុនេះមិនត្រូវបើកបរ ឬបញ្ជាម៉ាស៊ីនធំៗ និងត្រូវប្រុងប្រយ័ត្នខ្ពស់គ្រប់សកម្មភាពអាចបង្កគ្រោះថ្នាំ រហូតទាល់តែច្បាស់ថា អាចធ្វើការងារទាំងនោះដោយ សុវត្ថិភាព និងត្រូវបន្ថយផឹកស្រាផងដែរ។
បែកញើសច្រើន រាករូស ក្អួត អាចធ្វើឲ្យកើនឡើងហានិភ័យ មានអារម្មណ៍ថាស្រាលក្បាល ធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន (dehydration) ។ ត្រូវរាយការណ៍ទៅគ្រូពេទ្យ បើមានអាការៈ ក្អួត ឬរាករយៈពេលយូរ។ ត្រូវប្រាកដថា បានផឹកទឹកគ្រប់គ្រាន់ ដើម្បីការពារករណីខ្វះជាតិទឹក លើកលែងណែនាំវិធីផ្សេងទៀត។
មុនពេលវះកាត់ សូមប្រាប់ទៅវេជ្ជបណ្ឌិត ឬទន្តពេទ្យ ពីថ្នាំពេទ្យយើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា ក៏ដូចជាឱសថបុរាណផងដែរ។
ថ្នាំនេះអាចធ្វើឲ្យសារធាតុប៉ូតាស្យូមកើតឡើងខ្លាំង ហេតុនេះមុនប្រើប្រាស់ អាហារបំប៉ន ឬអំបិលមានជាតិប៉ូតាស្យូម គួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីជាមុន។
មនុស្សចាស់ អាចមានផលរំខានច្រើនជាង ពិសេសវិលមុខខ្លាំង និងផ្លាស់ប្ដូរបរិមាណទឹកនោម (បញ្ហាតម្រងនោម)។
ថ្នាំនេះត្រូវបានណែនាំឲ្យប្រើអំឡុងពេលមានផ្ទៃពោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ និងអាចឆ្លងចូលទឹកដោះបាន។ ដូចជាបើកំពុងមានផ្ទៃពោះ ឬបំបៅដោះបេប៊ី គួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតព័ត៌មានលម្អិត។
នៅមិនទាន់ដឹងថាថ្នាំ Lisinopril អាចឆ្លងចូលក្នុងទឹកដោះម្ដាយ ឬយ៉ាងណាទេ។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនដែរទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត N សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ងងុយខ្លាំង មានអារម្មណ៍ស្រាលក្បាល អស់កម្លាំង ឬឈឺក្បាល អាចកើតដោយសារយើងទើបចាប់ផ្ដើមប្រើថ្នាំនេះ។ ក្អកស្ងួត ក៏អាចនឹងកើតមានផងដែរ ហើយប្រសិនបើផលរំខានទាំងនោះកើតឡើងរយៈពេលយូរ ឬកាន់តែធ្ងន់ធ្ងរ សូមប្រាប់គ្រូពេទ្យ ឬឱសថការីភ្លាម។
ដើម្បីកាត់បន្ថយភាពងងុយខ្លាំង និងអារម្មណ៍ស្រាលក្បាល សូមក្រោកយឺតៗ ទាំងពេលអង្គុយ និងគេង។
ចាំថាគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើឱសថនេះ ព្រោះយល់ឃើញថាថ្នាំនេះមានគុណប្រយោជន៍ ច្រើនជាងហានិភ័យ និងផលរំខាន។ មនុស្សភាគច្រើនប្រើថ្នាំនេះ មិនមានផលរំខានដែលធ្ងន់ធ្ងរឡើយ។
ត្រូវប្រាប់គ្រូពេទ្យភ្លាម បើប្រទះផលរំខានធ្ងន់ធ្ងរ ដូចជា សន្លប់ និងរោគសញ្ញាកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម (សាច់ដុំចុះខ្សោយ ចង្វាក់បេះដូងយឺត ឬខុសធម្មតា)។
ទោះបីជាថ្នាំ Lisinopril អាចប្រើការពារបញ្ហាតម្រងនោម ព្យាបាលអ្នកជំងឺមានបញ្ហាតម្រងនោមក្តី តែក្នុងករណីកម្រ ថ្នាំនេះអាចធ្វើឲ្យតម្រង់នោមមានបញ្ហាធ្ងន់ធ្ងរ។ គ្រូពេទ្យ នឹងពិនិត្យមើលមុខងារតម្រងនោម អំឡុងពេលយើងកំពុងប្រើថ្នាំនេះ។ ប្រាប់គ្រូពេទ្យភ្លាម បើមានសញ្ញា បញ្ហាតម្រងនោម ដូចជា បរិមាណទឹកនោមប្រែប្រួល។
ទោះជាករណីកម្រ ប៉ុន្តែថ្នាំ Lisinopril អាចនឹងបង្កបញ្ហាធ្ងន់ធ្ងរថ្លើម ឈានដល់បាត់បង់ជីវិត។ ហេតុនេះ ត្រូវស្វែងរកជំនួយវេជ្ជសាស្រ្តភ្លាម បើប្រទះសញ្ញាខូតខាតថ្លើមណាមួយ ដូចជា ចង្អោរ ក្អួតមិនឈប់ លែងឃ្លាន ឈឺពោះខ្លាំង ភ្នែក ឬស្បែកឡើងលឿង ទឹកនោមពណ៌ខ្មៅស្រអាប់។
ប្រតិកម្មធ្ងន់ធ្ងររបស់ថ្នាំនេះ កម្រកើតមានណាស់។ យ៉ាងណា ត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តភ្លាម បើសម្គាល់ឃើញថាមានសញ្ញាអាល្លែហ្ស៊ីធ្ងន់ធ្ងរណាមួយកើតឡើង ដូចជា កន្ទួល រមាស់ រមាស់ស្បែក ហើម ជាពិសេស លើមុខ អណ្ដាត បំពង់ក ងងុយខ្លាំងជ្រុល និងពិបាកដកដង្ហើម។
មនុស្សគ្រប់គ្នាមិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំខ្លះអាចមានអន្តរអំពើ ជាមួយថ្នាំនេះដូចជា Aliskiren និង Dofetilide ថ្នាំខ្លះអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើឲ្យមានហានិភ័យបង្ករោគផ្សេងៗ ដូចជា ថ្នាំ Everolimus ថ្នាំ Sirolimus និងពពួកថ្នាំ Lithium សុទ្ធសឹងអាចបង្កើនកម្រិតប៉ូតាស្យូមក្នុងឈាម មានក្រុមថ្នាំ ARBs (Lorsartan និង Valsartan) ពពួកថ្នាំពន្យារកំណើត មានសារធាតុ Drospirenone និង Sacubitri ជាដើម។
ថ្នាំខ្លះទៀត អាចមានសារធាតុធ្វើឲ្យសម្ពាធឈាមកើនខ្ពស់ បេះដូងកាន់តែចុះខ្សោយ។ សូមប្រាប់ឱសថការី ពីថ្នាំយើងកំពុងប្រើ និងសាកសួរពីរបៀបប្រើត្រឹមត្រូវ (ជាពិសេស ថ្នាំផ្ដាសាយក្អក ថ្នាំបំប៉ន ឬពពួក NSAIDs ដូចជា Ibuprofen និង Naproxen។
អាចមានប្រតិកម្មខ្លាំង បើយើងទទួលការចាក់បង្ការដើម្បីការពារឃ្មុំ ឪម៉ាល់ទិច ហើយលេបថ្នាំ Lisinopril ជាមួយគ្នា។ ត្រូវច្បាស់ថាគ្រូពេទ្យបានដឹងយើងកំពុងប្រើថ្នាំអ្វីខ្លះជាមុន។
អាចមានប្រតិកម្ម ជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំ Lisonopril អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Lisinopril អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់យើង។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យមានជំងឺលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ១០មិល្លីក្រាម លេបមួយថ្ងៃម្តង ឬ ៥មិល្លីក្រាម មួយថ្ងៃម្តង
– កម្រិតប្រើបន្ថែម៖ ២០-៤០ មិល្លីក្រាម លេបតែម្ដងគត់
– កម្រិតអតិបរមា៖ ៨០មិល្លីក្រាម លេបមួយថ្ងៃម្តង។
មតិយោបល់
– កម្រិតប្រើដំបូង ៥មិល្លីក្រាម មួយដងក្នុងមួយថ្ងៃ សម្រាប់អ្នកជំងឺប្រើមួយពពួកថ្នាំបញ្ចុះទឹកនោម។
– សម្រាប់កម្រិត ៨០មិល្លីក្រាម អនុញ្ញាតឲ្យប្រើ ប៉ុន្តែទំនងមិនមានប្រសិទ្ធភាពប្រសើរជាងមុនទេ។
– បើថ្នាំ Lisinopril តែឯងមិនអាចជួយឲ្យសម្ពាធឈាមថយចុះ អាចបន្ថែមថ្នាំបញ្ចុះទឹកនោមក្នុងកម្រិតទាប ដូចជាថ្នាំ Hydrochlorothiazide ១២,៥ មិល្លីក្រាម។ ប៉ុន្តែករណីបន្ថែមថ្នាំបញ្ចុះទឹកនោម ដើម្បីកាត់បន្ថយសម្ពាធឈាម កម្រិតថ្នាំ Lisinopril អាចនឹងត្រូវកាត់បន្ថយដូចគ្នា។
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យមានជំងឺខ្សោយបេះដូង
– កម្រិតប្រើដំបូង៖ ២,៥-៥ មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតប្រើបន្ថែម៖ គួរតែបង្កើនកម្រិតថ្នាំ ដោយសារតែភាពស៊ាំរបស់ថ្នំា
– កម្រិតអតិបរមា៖ ៤០មិល្លីក្រាម លេបមួយថ្ងៃម្តង។
មតិយោបល់
– កម្រិតថ្នាំបញ្ចុះទឹកនោម អាចត្រូវកែតម្រូវ ដើម្បីជួយកាត់បន្ថយករណីបរិមាណឈាមមិនគ្រប់គ្រាន់ (Hypovolemia) នាំឲ្យសម្ពាធឈាមកើនឡើងវិញជាថ្មី (Hypertension)។
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យមានជំងឺរលាកសាច់ដុំបេះដូង (Myocardial Infarction)
– កម្រិតប្រើដំបូង៖ លេប ៥មិល្លីក្រាម (អំឡុងពេល ២៤ ម៉ោង ក្រោយជំងឺ Myocardial infarction ចាប់ផ្តើមស្រួចស្រាវ)។
– កម្រិតប្រើបន្ទាប់៖ លេប ៥មិល្លីក្រាម អំឡុងពេល ២៤ ម៉ោងបន្ទាប់ និង ៤៨ ម៉ោងបន្ទាប់មកទៀត ១០ មិល្លីក្រាម។
– កម្រិតប្រើបន្ថែម៖ ១០មិល្លីក្រាម លេបមួយថ្ងៃម្តង។ កម្រិតប្រើនេះគួរតែបន្តប្រើយ៉ាងហោចណាស់ ៦ សប្តាហ៍។
មតិយោបល់
– ការព្យាបាលគួរតែចាប់ផ្ដើមក្នុងកម្រិត ២,៥មិល្លីក្រាម សម្រាប់អ្នកជំងឺមានសម្ពាធឈាម Systolic ទាប (ទាបជាង ឬស្មើ ១២០មិល្លីម៉ែត្របារ៉ត និងច្រើនជាង ១០០ មិល្លីម៉ែត្របារ៉ត) អំឡុងពេល ៣ ថ្ងៃក្រោយអ្នកជំងឺមានស្លោកសាច់ដំុបេះដូង។ ប្រសិនជាសម្ពាធឈាមចុះទាបយូរពេក (សម្ពាធឈាម systolic តិចជាង ៩០មិល្លីម៉ែត្របារ៉ត រយៈពេលយូរជាង ១ ម៉ោង) ការព្យាបាលគួរតែបញ្ឈប់។
– ហេតុផលប្រើប្រាស់៖ ដើម្បីកាត់បន្ថយហានិភ័យបាត់បង់ជីវិតដោយសារជំងឺស្លោកសាច់ដុំបេះដូងស្រួចស្រាវ។
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យខូចតម្រងនោមដោយសារជំងឺទឹកនោមផ្អែម (Diabetic Nephropathy)
– កម្រិតប្រើដំបូង៖ ១០-២០ មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតប្រើបន្ថែម៖ ២០-៤០ មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតប្រើគួរតែត្រូវបង្កើនរៀងរាល់ ៣ ថ្ងៃម្តង។
មតិយោបល់
– មិនយល់ស្របចំពោះការបង្ហាញវិធីប្រើនេះទេ។
កម្រិតប្រើទូទៅលើមនុស្សចាស់សម្រាប់ជំងឺលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ២,៥-៥ មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតប្រើបន្ថែម៖ គួរបង្កើនពី ២,៥-៥ មិល្លីក្រាម/ថ្ងៃ ចន្លោះ ១-២ សប្តាហ៍
– កម្រិតអតិបរមា៖ ៤០មិល្លីក្រាម លេបមួយថ្ងៃម្តង។
កែតម្រូវកម្រិតប្រើចំពោះបញ្ហាតម្រងនោម
– Creatinine Clearence (CrCl) ធំជាង ៣០ មិល្លីលីត្រ/នាទី មិនមានការកែតម្រូវកម្រិតថ្នាំទេ
– Creatinine Clearence (CrCl) តិចជាង ឬស្មើ ៣០ មិល្លីលីត្រ/នាទី ជាការណែនាំ កម្រិតប្រើដំបូង ស្មើពាក់កណ្ដាលកម្រិតប្រើធម្មតា។
– Creatinine Clearence (CrCl) តូចជាង ៣០ មិល្លីលីត្រ/នាទី ឬនៅក្នុងដំណាក់កាលលាងឈាម ជាការណែនាំ កម្រិតប្រើដំបូង ២,៥ មិល្លីលីត្រ លេបមួយថ្ងៃម្តង។
កែតម្រូវលើកម្រិតប្រើចំពោះបញ្ហាថ្លើម
ចំពោះអ្នកជំងឺវិវត្តទៅរកជំងឺខាន់លឿង (Jaundice) ឬមានកើនឡើងអង់ស៊ីមថ្លើម គួរតែបញ្ឈប់ការព្យាបាល ហើយទទួលវិធីព្យាបាលត្រឹមត្រូវផ្សេងមួយទៀត។
កែប្រែកម្រិតប្រើប្រាស់
– ប្រសិទ្ធភាពថ្នាំប្រឆាំងជំងឺលើសឈាម អាចថយចុះនៅចុងបញ្ចប់នៃរយៈពេលប្រើថ្នាំ ដោយមិនគិតពីកម្រិតប្រើថ្នាំនោះទេ ប៉ុន្តែភាគច្រើនប្រើកម្រិតថ្នាំ ១០មិល្លីក្រាម ឬតិចជាងនេះ ប្រើជារៀងរាល់ថ្ងៃ។ អាចត្រូវបានវាយតម្លៃតាមរយៈការវាស់សម្ពាធឈាមមុនពេលប្រើ ដើម្បីកំណត់ថា តើកម្រិតថ្នាំមានប្រសិទ្ធភាពរយៈពេល ២៤ ម៉ោង ឬអត់។ បើមិនអ៊ីចឹងទេ ករណីបង្កើនកម្រិតថ្នាំនឹងត្រូវពិចារណាឡើងវិញ។ បើនៅតែមិនអាចគ្រប់គ្រងសម្ពាធឈាមឲ្យមានលំនឹងបានដោយប្រើតែថ្នាំ Lisinopril គេប្រហែលអាចបន្ថែមថ្នាំបញ្ចុះទឹកនោម ហើយពេលបន្ថែមថ្នាំបញ្ចុះទឹកនោម កម្រិតថ្នាំ Lisonopril នឹងត្រូវកាត់បន្ថយដូចគ្នា។
– ចំពោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង (Ischemic heart) ឬជំងឺសរសៃឈាមខួរក្បាល (Cerebrovascular disease) អាចធ្លាក់ចុះសម្ពាធឈាមខ្លាំង នាំឲ្យកើតរលួយសាច់ដុំបេះដូង (Myocardial infarction) ឬអាចដាច់សរសៃឈាមខួរក្បាលតែម្តង (Cerebrovascular accident) រោងចក្រផលិតបានផ្ដល់អនុសាសន៍ ចំពោះការព្យាបាលដំបូងក្នុងកម្រិតទាបសិន។
– ការកែប្រែកម្រិតប្រើប្រាស់ចំពោះមនុស្សចាស់ គួរតែធ្វើឡើងដោយប្រុងប្រយ័ត្ន។
– ចំពោះអ្នកជំងឺកំពុងព្យាបាលជាមួយថ្នាំបញ្ចុះទឹកនោម Symptomatic Hypotension ពេលខ្លះ អាចនឹងកើនឡើងកម្រិតប្រើដំបូង។ ដើម្បីកាត់បន្ថយអាការៈដូចទៅនឹងធ្លាក់សម្ពាធឈាម (Hypotention) បើអាចគួរផ្អាកប្រើថ្នាំបញ្ចុះទឹកនោម រយៈពេល ២-៣ ថ្ងៃមុនចាប់ផ្ដើមព្យាបាលដោយថ្នាំនេះ។ បើនៅតែមិនអាចគ្រប់គ្រងសម្ពាធឈាម តាមរយៈការប្រើតែថ្នាំ Lisinopril ការព្យាបាលដោយបន្ថែមថ្នាំបញ្ចុះទឹកនោមនឹងចាប់ផ្តើមជាថ្មី។
ប្រសិនបើការព្យាបាលដោយថ្នាំបញ្ចុះទឹកនោម មិនអាចបន្តទេ កម្រិតព្យាបាលដំបូងគួរតែប្រើត្រឹម ៥មិល្លីក្រាម និងតាមដានយ៉ាងប្រុងប្រយ័ត្នពីសំណាក់គ្រូពេទ្យ រយៈពេល ២-៣ម៉ោង និងរហូតដល់សម្ពាធឈាមថេរ។ ប៉ុន្តែពេលមានការលាងឈាមថ្នាំ Lisinopril នឹងត្រូវដកចេញមិនឲ្យប្រើប្រាស់បន្តនោះឡើយ។
មតិយោបល់ផ្សេងៗ
ការណែនាំ
– គួរតែផ្ដល់ថ្នាំនេះប្រើម្ដងក្នុងមួយថ្ងៃ
– អាចលេបមុនអាហារ ឬក្រោយអាហារក៏បាន
– ចំពោះអ្នកជំងឺខ្សោយបេះដូង មានសម្ពាធឈាមធម្មតា ឬទាប ថ្នាំនេះអាចនឹងធ្វើឲ្យសម្ពាធឈាមកាន់តែទាប។
ប៉ុន្តែករណីនេះ មិនមែនជាមូលហេតុនាំឲ្យបញ្ឈប់ការព្យាបាលឡើយ។ បើសិនសម្ពាធឈាមទាប (Hypotention) ក្លាយជារោគសញ្ញាជំងឺ (Symptomatic) ការកាត់បន្ថយកម្រិតព្យាបាល ឬបញ្ឈប់ការព្យាបាលជារឿងចាំបាច់។
ជាទូទៅ
– ថ្នាំនេះតែងត្រូវបានប្រើព្យាបាលជាមួយថ្នាំបញ្ចុះទឹកនោម និងថ្នាំព្យាបាលជំងឺខ្សោយបេះដូង (Digitalis)។
– បន្ទាប់ពីលើកទីមួយនៃការព្យាបាលរលាកសាច់ដុំបេះដូង គ្រប់ថ្នាំ ACE inhibitors ទាំងអស់ អាចមានកម្រិតប្រហាក់ប្រហែលគ្នា មានប្រសិទ្ធភាពដូចគ្នា កាត់បន្ថយអត្រាស្លាប់ និងការរើឡើងវិញនៃជំងឺ។
– អាទិភាពព្យាបាល លើអ្នកជំងឺប្រឈមខ្ពស់ជាមួយរោគសញ្ញាសម្ពាធឈាមទាប ដូចជា អ្នកជំងឺបាត់បង់សារជាតិអំបិល ឬសូដ្យូមក្នុងឈាមធ្លាក់ចុះ (Hyponatremia) ខ្វះឈាម (Hypovolemia) និងអ្នកជំងឺទទួលការព្យាបាលដោយថ្នាំបញ្ចុះទឹកនោមខ្លាំង នឹងមានអាការៈធ្លាក់សម្ពាធឈាម ហេតុនេះគួរតាមដានមុខងារតម្រងនោម និងកម្រិតប៉ូតាស្យូមក្នុងឈាម។
– ប្រសិនបើមិនអាចបញ្ឈប់ការព្យាបាលដោយថ្នាំបញ្ចុះទឹកនោម មុនចាប់ផ្ដើមប្រើថ្នាំ Lisinopril បាន អ្នកជំងឺគួរតាមដានយ៉ាងយកចិត្តទុកដាក់ ២-៣ ម៉ោងក្រោយពេលប្រើកម្រិតព្យាបាលដំបូង រហូតដល់សម្ពាធឈាមមានស្ថិរភាព។ ប្រសិទ្ធភាពថ្នាំ Lisinopril និងថ្នាំបញ្ចុះទឹកនោម ពេលប្រើរួមគ្នា នឹងកាន់តែធ្វើឲ្យឈាមធ្លាក់ចុះ។
– ដើម្បីទទួលបានប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមខ្ពស់បំផុត ត្រូវការពេល ២-៤ សប្តាហ៍ ដើម្បីព្យាបាល។
– ជំងឺរលួយសាច់ដុំបេះដូងស្រួចស្រាវ (Myocardial infarction)៖ បន្ថែមពីលើថ្នាំនេះ អ្នកជំងឺគួរ ប្រើថ្នាំផ្សេងទៀត ដូចជា ពពួកថ្នាំ Thrombolytics ថ្នាំ Aspirin និងពពួកថ្នាំ Beta-blocker ដើម្បីឲ្យស្របទៅតាមស្តង់ដារព្យាបាល។
– ប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមរបស់ថ្នាំនេះ គឺអាចរក្សាសម្ពាធឈាមក្នុងកម្រិតទាបរយៈពេលយូរ។ ដូចនេះ ករណីឡើងសម្ពាធឈាមជាថ្មី មិនពាក់ព័ន្ធការឈប់ប្រើថ្នាំនេះភ្លាមៗ ឬសម្ពាធឈាមឡើងបន្តិចម្តងៗនោះឡើយ បើធៀបនឹងស្ថានភាពមុនការព្យាបាល។
ការណែនាំសម្រាប់អ្នកជំងឺ
– ថ្នាំនេះអាចត្រូវលេបមុនឬក្រោយអាហារ ប៉ុន្តែគួរតែត្រូវលេបទៀងពេលរៀងរាល់ថ្ងៃ។
– អាចនឹងប៉ះពាល់ដល់ការបើកបរ និងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
កម្រិតប្រើទូទៅសម្រាប់ក្មេងៗមានជំងឺលើសសម្ពាធឈាម (ក្មេងៗអាយុ ៦ ឆ្នាំឡើង)
– កម្រិតប្រើដំបូង៖ ០,០៧ មិល្លីក្រាម/គីឡូក្រាម លេបមួយថ្ងៃម្តង (កម្រិតប្រើដំបូងខ្ពស់បំផុត ត្រឹម ៥ មិល្លីក្រាម/ថ្ងៃ)។
– កម្រិតប្រើបន្ថែម៖ គួរកែតម្រូវអាស្រ័យកម្រិតសម្ពាធឈាមនៅចន្លោះ ១-២ សប្ដាហ៍ក្រោយព្យាបាល។
– កម្រិតប្រើអតិបរមា៖ កម្រិតប្រើ លើសពី ០,៦១ មិល្លីក្រាម/គីឡូក្រាម ឬច្រើនជាង ៤០មិល្លីក្រាម មិនទាន់បានសិក្សាទៅលើក្មេងនៅឡើយទេ។
មតិយោបល់
– មិនមានការណែនាំឲ្យប្រើថ្នាំនេះព្យាបាលក្មេងៗអាយុតិចជាង ៦ឆ្នាំ ឬក្មេងៗមានបញ្ហាតម្រងនោម (Glomerular filtration តិចជាង ៣០ មិល្លីលីត្រ/នាទី) នោះទេ។
កត្តាបម្រុងប្រយ័ត្ន
សុវត្ថិភាព និងប្រសិទ្ធភាព មិនទាន់ត្រូវបានដឹងនៅឡើយទេចំពោះអ្នកជំងឺមានអាយុតិចជាង ៦ ឆ្នាំ។
១២- ទម្រង់ថ្នាំដូចម្ដេចខ្លះ?
ថ្នាំ Lisinopril ទម្រង់ និងកម្រិតប្រើដូចខាងក្រោម៖
– ថ្នាំគ្រាប់សម្រាប់លេប
– ថ្នាំល្បាយ សម្រាប់ផឹក
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]