ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Gliclazide ព្យាបាលអីខ្លះ?
ថ្នាំ Gliclazide ប្រើដើម្បីបញ្ចុះជាតិស្ករក្នុងឈាមទៅលើអ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ (Non-insulin dependent diabetic) ដោយអមជាមួយការហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ។ ការគ្រប់គ្រងជាតិស្ករត្រឹមត្រូវអាចការពារពីជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល (Strokes) ជំងឺតម្រងនោម បញ្ហាលើប្រព័ន្ធសសៃឈាម និងងងឹតភ្នែក។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
Gliclazide មានទម្រង់គ្រាប់ថ្នាំ និងកម្រិតថ្នាំផ្សេងៗគ្នា។ យើងមិនត្រូវផ្លាស់ប្ដូរថ្នាំ ឬកម្រិតប្រើដោយគ្មានការណែនាំពីគ្រូពេទ្យឡើយ។ លេបថ្នាំ Gliclazide ជាមួយអាហារពេលព្រឹក ឬអាហារចម្បង ស្របតាមការណែនាំរបស់គ្រូពេទ្យ ហើយជាទូទៅលេបម្តងក្នុង ១ ថ្ងៃ។ អ្នកជំងឺខ្លះអាចលេប ២ ដងក្នុង ១ ថ្ងៃ អាស្រ័យលើការណែនាំរបស់គ្រូពេទ្យ និងសុខភាព។
គ្រូពេទ្យអាចឲ្យយើងចាប់ផ្ដើមប្រើថ្នាំ Gliclazide ដំបូងក្នុងកម្រិតទាប រួចបង្កើនកម្រិតប្រើម្ដងបន្តិចៗ។ បើកំពុងប្រើថ្នាំប្រឆាំងទឹកនោមផ្អែមផ្សេងទៀត ដូចជា Chlorpropamide សូមធ្វើតាមការណែនាំរបស់គ្រូពេទ្យទៅលើការបញ្ឈប់ប្រើថ្នាំចាស់ និងចាប់ផ្ដើមប្រើ Gliclazide។ ក្នុងករណីកំពុងប្រើថ្នាំ Colesevelam ត្រូវលេប Gliclazide យ៉ាងហោច ៤ ម៉ោងមុន។
សូមប្រើថ្នាំ Gliclazide ឲ្យទៀងទាត់ នៅម៉ោងតែមួយ និងប្រាប់គ្រូពេទ្យបើសុខភាពយើងមិនប្រសើរឡើង ឬក៏កាន់តែវិវត្តធ្ងន់ធ្ងរ ( ឧទាហរណ៍៖ ជាតិស្ករក្នុងឈាមកាន់តែកើនឡើងខ្ពស់ ឬទាបខ្លាំងពេក)។
៣- គួររក្សាទុករបៀបណា?
ថ្នាំ Glyclazide អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មមចន្លោះ ២០-២៥ អង្សា ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Glyclazide ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើយើងកំពុងស្ថិតក្នុងករណីដូចខាងក្រោម៖
– អាលែកហ្ស៊ីជាមួយថ្នាំ Gliclazide ឬសារធាតុផ្សំណាមួយរបស់ថ្នាំនេះ ឬដទៃទៀត។
– កំពុងប្រើថ្នាំក្នុងក្រុមតែមួយ (ក្រុម Sulphonylureas) ឬថ្នាំបញ្ចុះជាតិស្ករផ្សេងទៀត។
– មានជំងឺទឹកនោមផ្អែមប្រភេទ១ (Insulin-dependant diabetes)
– មានបញ្ហាតម្រងនោម ឬ ថ្លើមធ្ងន់ធ្ងរ
– មានជំងឺទឹកនោមផ្អែមសាំញ៉ាំ (Diabetes complicated) ជាមួយនឹង Ketosis ឬ Acidosis
– មានជំងឺទឹកនោមផ្អែម Pre-Coma និង Coma។
– កំពុងលេបថ្នាំព្យាបាលពពួករោគផ្សិត
– កំពុងបំបៅដោះកូន (សូមមើលផ្នែកស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន)
– មានជំងឺទឹកនោមផ្អែមត្រូវការវះកាត់
– មានជំងឺតំណពូជ ប៉ះពាល់ទៅលើថ្លើម ឬខួរឆ្អឹង (Porphyria)។
ថ្នាំ Glyclazide មិនសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមកុមារឡើយ។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ជាតិស្ករក្នុងឈាមទាប (Hypoglycaemia) ជាផលរំខានដែលកើតឡើងញឹកញាប់។ បើមិនព្យាបាលទេ នឹងឲ្យយើងកាន់តែងងុយគេង បាត់បង់ស្មារតី ឬអាចសន្លប់។ ក្នុងករណីជាតិស្ករក្នុងឈាមទាប រយៈពេលវែង យើងគួរតែពិភាក្សាជាមួយគ្រូពេទ្យភ្លាម។
បញ្ហាលើឈាម
ធ្លាក់ចុះចំនួនកោសិកាឈាមរួមមាន ប្លាកែត កោសិកាឈាមក្រហម និងឈាមស ជាហេតុនាំឲ្យ៖
– ស្លេកស្លាំង
– ហូរឈាមយូរ
– មានស្នាម
– ឈឺក
– គ្រុនក្ដៅ
– អស់កម្លាំង និងហត់
– ឈាមច្រមុះ
– ដំបៅមាត់ គ្រុនញាក់ខ្លាំង
សញ្ញាទាំងនេះនឹងបាត់ទៅវិញក្រោយពេលឈប់ព្យាបាលដោយថ្នាំនេះ។
បញ្ហាលើថ្លើម
មានរបាយការណ៍មួយចំនួនស្ដីពីថ្នាំនេះធ្វើឲ្យប៉ះពាល់មុខងារថ្លើម ដែលបណ្ដាលឲ្យលឿងស្បែក និងភ្នែក។ បើមានបញ្ហាដូចនេះ សូមទៅជួបគ្រូពេទ្យភ្លាម។ ជាទូទៅសញ្ញាទាំងនេះ នឹងបាត់ទៅវិញពេលឈប់ប្រើថ្នាំ។
បញ្ហាលើស្បែក
អាចបង្កជាប្រតិកម្មទៅលើស្បែកមានដូចជា៖
– រមាស់
– ក្រហមស្បែក
– កន្ទួលរមាស់
– Angioedema (ការហើមយ៉ាងលឿនទៅលើជាលិកា ដូចជា ត្របកភ្នែក បបូរមាត់ មាត់ អណ្ដាត ឬបំពង់ក ធ្វើឲ្យពិបាកដកដង្ហើម។
– ប្រតិកម្មស្បែកជាមួយពន្លឺថ្ងៃ
– កន្ទួលរមាស់អាចនឹងរីករាលដាលជាពងស្បែក ឬរបកស្បែក (ឧទាហរណ៍ ដូចជា Stevens-Johnson syndrome ឬ toxic epidermal necrolysis)។
បញ្ហាលើប្រព័ន្ធរំលាយអាហារ
– ឈឺក្រពះ
– ឈឺចាប់ត្រង់ពោះ
– ក្អួត
– មិនរំលាយអាហារ
– រាក
– ទល់លាមក
បញ្ហាលើភ្នែក
អាចប៉ះពាល់ការមើលឃើញក្នុងរយៈពេលខ្លី ជាពិសេសនៅពេលចាប់ផ្ដើមព្យាបាល ដោយសារការផ្លាស់ប្ដូរកម្រិតជាតិស្ករក្នុងឈាម។
ករណីធ្ងន់ធ្ងរដែលកើតឡើងដោយសារក្រុមថ្នាំ Sulphonylurea ទៅលើកោសិកាឈាមក្រហម និងប្រតិកម្មរលាកទៅលើភ្នាសនៃសរសៃឈាម ហើយធ្លាក់ចុះកម្រិតសូដ្យូមក្នុងឈាម (Hyponatraemia)។ រោគសញ្ញាខូចថ្លើម (ឧទាហរណ៍ ខាន់លឿង (Jaundice) នឹងបាត់ទៅវិញក្រោយឈប់ប្រើថ្នាំក្រុម Sulphonylureas) ប៉ុន្តែមានករណីខ្លះឈានដល់ស្លាប់ក៏មាន។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
Glyclazide អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ប្រសិទ្ធភាពបញ្ចុះជាតិស្កររបស់ Gliclazid អាចខ្លាំងឡើង នាំឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំងនៅពេលប្រើរួមជាមួយថ្នាំខាងក្រោមនេះ៖
– ថ្នាំផ្សេងទៀត សម្រាប់ព្យាបាលទៅលើជំងឺលើសជាតិស្ករ (GLP-1 receptor inhibitors ឬអាំងស៊ុយលីន)
– ថ្នាំអង់ទីប៊ីយ៉ូទិក (Sulphonamides, Clarithromycin, Tetracycline,Trimethoprim និង Chloramphenicol)
– ក្រុមថ្នាំព្យាបាលទៅលើជំងឺលើសឈាម ឬខ្សោយបេះដូង (Beta blockers, Antiarrhythmics, ACE- inhibitors ដូចជា Captopril ឬ Enalapril)
– ក្រុមថ្នាំព្យាបាលការបង្ករោគដោយពពួកផ្សិត (Miconazole, Fluconazole)
– ក្រុមថ្នាំព្យាបាលដំបៅក្រពះ ឬ Duodenum ( H2 receptor antagonists)
– ក្រុមថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត (Depression) (Monoamine oxidase inhibitors)
– ថ្នាំបំបាត់ការឈឺចាប់ ឬសន្លាក់ (Antirheumatics) (Phenylbutazone, ibuprofen);
– ក្រុមថ្នាំមានជាតិអាល់កុល
– ក្រុមថ្នាំបញ្ចុះកម្រិតជាតិខ្លាញ់ក្នុងឈាម (Clofibrate)
– ពពួកអ័រម៉ូន ដូចជា Testosterone ឬ Octreotide
– ពពួកថ្នាំព្យាបាលជំងឺប្រគ្រីវ (Gout) (Sulfinpyrazone)
– ថ្នាំព្យាបាលមហារីកសុដន់ ឬក្រពេញប្រូស្តាត (Aminoglutethimide)
– ថ្នាំអ័រម៉ូនក្រពេញទីរ៉ូអ៊ីត(Thyroxine)
ប្រសិទ្ធភាពបញ្ចុះជាតិស្កររបស់ Gliclazid អាចនឹងចុះខ្សោយ នាំឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំងនៅពេលយើងប្រើរួមជាមួយថ្នាំខាងក្រោម៖
– ថ្នាំព្យាបាលលើប្រព័ន្ធសរសៃប្រសាទកណ្ដាល (Chlorpromazine)
– ថ្នាំបន្ថយការរលាក (Corticosteroids)
– ថ្នាំប្រើលើជំងឺហឺត ឬនៅពេលសម្រាលកូន (Salbutamol, Ritodrine និង Terbutaline)
– ថ្នាំព្យាបាលទៅលើបញ្ហាសុដន់ ធ្លាក់ឈាមរដូវច្រើន និង Endometriosis (ថ្នាំ Danazol)
– ថ្នាំបញ្ចុះទឹកនោម (ជាពិសេសពពួកថ្នាំ Thiazide ដូចជា Bendroflumethiazide)
– ថ្នាំពន្យារកំណើត (Oestrogens និង Progesterones)
– ថ្នាំប្រឆាំងបាក់តេរី( Rifamycins )
– ថ្នាំបន្ទន់លាមក (Magnesium hydroxide)
– អ័រម៉ូន Adrenocorticotropic (ACTH) ប្រើសម្រាប់ព្យាបាល Adrenal insufficiency នៃ Central origin ឧទាហរណ៍ ថ្នាំTetracosactrin
-ថ្នាំ Gliclazide អាចបន្ថយប្រសិទ្ធភាពរបស់ថ្នាំប្រឆាំងកំណកឈាម (Warfarin)
– ប្រសិទ្ធិភាពថ្នាំ Gliclazide នឹងបាត់បង់ពេលប្រើជាមួយ ថ្នាំ Diazoxide (ព្យាបាលជំងឺលើសឈាម)។
-ប្រសិទ្ធភាពថ្នាំ Gliclazide នឹងធ្លាក់ចុះពេលប្រើជាមួយថ្នាំ Lithium (ព្យាបាលជំងឺផ្លូវចិត្ត) និងថ្នាំ Nifedipine (ព្យាបាលជំងឺលើសឈាម)។
– សូមពិភាក្សាជាមួយគ្រូពេទ្យមុនប្រើថ្នាំទាំងនោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Glyclazide អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Glyclazide អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់កំពុងកើតមានពេលបច្ចុប្បន្ន ពិសេសជំងឺខាងក្រោមនេះ៖
– មានបញ្ហាលើមុខងារថ្លើម និងតម្រងនោម
– មានជំងឺតំណពូជ Porphyria ឬ Glucose 6-phosphate dehydrogenase (G6PD) ធ្លាក់ចុះ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ជំងឺទឹកនោមផ្អែមប្រភេទទី២ (Type 2 diabetes mellitus)៖
– កម្រិតដំបូង៖ ៤០-៨០ មិល្លីក្រាម លេបម្ដងក្នុង ១ថ្ងៃ អាចបង្កើនកម្រិតប្រើបន្តិចម្ដងៗ រហូតដល់ ៣២០មិល្លីក្រាម ប្រសិនបើចាំបាច់។ កម្រិតប្រើច្រើនជាង ១៦០មិល្លិក្រាម ក្នុង ១ថ្ងៃ អាចត្រូវប្រើដោយចែកជា ២ ដង/ថ្ងៃ។
– ប្រភេទថ្នាំ Modified-Release៖ កម្រិតប្រើដំបូង ៣០មិល្លីក្រាម មួយថ្ងៃម្តង និងអាចបង្កើនដល់ ១២០ មិល្លីក្រាម/ថ្ងៃ។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានកម្រិតប្រើសម្រាប់កុមារនៅឡើយទេ អាចនឹងមិនមានសុវត្ថិភាពសម្រាប់កូនយើង។ សូមពិភាក្សាជាមួយនឹងគ្រូពេទ្យ ឬឱសថការីដើម្បីទទួលបានព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
– ថ្នាំគ្រាប់៖ ៤០មិល្លីក្រាម ៦០មិល្លីក្រាម ៨០មិល្លីក្រាម។
– ថ្នាំគ្រាប់ប្រភេទ MR (Modified release) ៣០មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]