ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ឱសថ Januvia® ជាទូទៅគឺប្រើដើម្បីព្យាបាលអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ ឱសថនេះ ត្រូវប្រើផ្សំជាមួយនឹងរបបអាហារដែលត្រឹមត្រូវនឹងកម្មវិធីហាត់ប្រាណដែលសមស្រប ឬអាចនឹងប្រើផ្សំជាមួយនឹងឱសថគ្រប់គ្រងជាតិស្ករដទៃទៀត។ ការគ្រប់គ្រងជាតិស្ករបានល្អ អាចជួយការពារអ្នកជំងឺពីការខូចតម្រងនោម ងងឹតភ្នែក បញ្ហាប្រព័ន្ធប្រសាទ បាត់បង់អវយវៈ និងបញ្ហាលើមុខងារផ្លូវភេទ។
អត្ថបទគួរអាន៖
សថ Januvia® នេះមិនគួរប្រើបើសិនជាយើងស្ថិតក្នុងតំណាក់កាល Diabetic ketoacidosis (អាការៈឡើងជាតិសេតូនក្នុងឈាម នាំឲ្យឈាមក្លាយជាមជ្ឈដានអាស៊ីត) ឬយើងមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយនឹងថ្នាំSitagliptin នេះ ។ យើងអាចលេបថ្នាំនេះដោយពោះទទេក៏បាន ឬដោយមានអាហារក៏បាន ឲ្យតែស្របតាមការណែនាំរបស់គ្រូពេទ្យ។
យើងប្រហែលជានឹងត្រូវពិនិត្យមើលជាតិស្ករជារៀងរាល់ថ្ងៃ ហើយក៏អាចនឹងត្រូវធ្វើតេស្តឈាមផ្សេងៗទៀតដែរ។ ការធ្លាក់ចុះជាតិស្ករក្នុងឈាមអាចនឹងកើតមានគ្រប់អ្នកជំងឺទឹកនោមផ្អែម។ រោគសញ្ញាគឺ ឈឺក្បាល ឃ្លានខ្លាំង បែកញើស ស្បែកឡើងស្លេក នៅមិនសុខក្នុងខ្លួន វិលមុខ មានអារម្មណ៍រងា ឬពិបាកក្នុងការផ្ចង់អារម្មណ៍។ ត្រូវប្រាកដថា យើងតែងតែមានស្ករ (ឧទាហរណ៍ស្ករគ្រាប់ជាដើម) នៅជាប់នឹងខ្លួនជានិច្ច ដើម្បីញ៉ាំនៅពេលដែលយើងមានជាតិស្ករក្នុងឈាមទាប។ បើសិនយើងធ្លាក់ចុះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ ហើយមិនអាចញ៉ាំឬ ផឹកបាន សូមប្រើថ្នាំចាក់ Glucagon។
យើងក៏គួរតែដឹងពីសញ្ញាដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ ដូចជា ស្រេកទឹកខ្លាំង ឃ្លាន ស្ងួតមាត់ ដង្ហើមមានក្លិនដូចផ្លែឈើ វិលមុខ ស្ងួតស្បែក ស្រវាំងភ្នែក និងស្រកទម្ងន់ ជាដើម។
កន្លែងដែលល្អបំផុតដើម្បីរក្សាទុកឱសថនេះគឺនៅក្នុងសីតុណ្ហភាពធម្មតា ឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ ដើម្បីកុំឲ្យខូចថ្នាំ ហាមទុកថ្នាំនៅក្នុងបន្ទប់ទឹក ឬទូទឹកកក កន្លែងកកឲ្យសោះ។ សូមចងចាំថាប្រភេទឱសថនេះខ្លះ ត្រូវការការទុកដាក់ខុសៗគ្នា។ សូមពិនិត្យមើលការណែនាំនៅលើសម្បក កញ្ចប់ឬសួរឱសថការីអំពីរឿងនេះ។
ដើម្បីសុវត្ថិភាព សូមទុកថ្នាំឲ្យឆ្ងាយពីក្មេងៗ និងសត្វចិញ្ចឹម។ សូមកុំចាក់ឱសថនេះ ចោលតាមបង្គន់ ឬលូរបង្ហូរទឹកលើកលែងមានការណែនាំឲ្យធ្វើដូចនោះ។ ជារឿងចាំបាច់ដែលយើងត្រូវចោលថ្នាំនេះ ប្រសិនជាថ្នាំហួសសុពលភាពប្រើប្រាស់ ឬយើងលែងត្រូវការប្រើ។ សូមទៅពិគ្រោះជាមួយឱសថការីដើម្បីដឹងពីព័ត៌មានលម្អិតស្ដីពីការបោះចោលថ្នាំ ឲ្យបានត្រឹមត្រូវ។
មុននឹងប្រើថ្នាំនេះ សូមប្រាប់គ្រូពេទ្យប្រសិនបើ៖
– យើងកំពុងពពោះ ឬកំពុងបំបៅដោះកូន ព្រោះថានៅពេលនេះ យើងគួរតែប្រើថ្នាំតាមការណែនាំរបស់ពេទ្យតែប៉ុណ្ណោះ។
– យើងកំពុងលេបថ្នាំផ្សេងទៀត ដែលរួមទាំងថ្នាំដែលយើងអាចទិញបានដោយមិនចាំបាច់វេជ្ជបញ្ជា ដូចជាឱសថបូរាណ និងថ្នាំបំប៉នផ្សេងៗ។
– យើងមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយនឹងសារធាតុសកម្ម ឬអសកម្មរបស់ឱសថនេះ ឬឱសថផ្សេងទៀត។
– យើងមានជំងឺផ្សេងៗ ឬមានបញ្ហាសុខភាពផ្សេងទៀត។
– ជំងឺរបស់យើងកំពុងតែស្ថិតក្នុងដំណាក់កាល Diabetic ketoacidosis (សូមប្រាប់ទៅគ្រូពេទ្យដើម្បីធ្វើការព្យាបាលដោយថ្នាំចាក់អាំងស៊ុយលីន)។
អត្ថបទគួរអាន៖
មិនមានការសិក្សារណាបញ្ជាក់ថាមានហានិភ័យពេលប្រើថ្នាំនេះទៅលើស្រ្តីមានផ្ទៃពោះទេ។ សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីឥទ្ធិពល និងហានិភ័យមុនពេលប្រើថ្នាំ។ យោងទៅលើ ផ្នែករដ្ឋបាលចំណីអាហារសហរដ្ឋអាមេរិក (FDA) ថ្នាំ ឱសថនេះ ចាត់ចូលក្នុងគ្រោះថ្នាក់ប្រភេទ B ចំពោះស្ត្រីមានផ្ទៃពោះ។
ឯកសារយោងនៃរដ្ឋបាលចំណីអាហារនិងថ្នាំខាងក្រោម៖
– A=មិនមានហានិភ័យ
– B=មិនមានហានិភ័យក្នុងការសិក្សាខ្លះ
– C=មានហានិភ័យខ្លះ
– D=មានភស្ដុតាងថាមានហានិភ័យ
– X=ហាមមិនឲ្យប្រើប្រាស់
– N=មិនដឹង
យើងត្រូវទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើយើងមានសញ្ញាប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងឱសថនេះ មានដូចជា ឡើងកន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត ឬបំពង់ក។ យើងត្រូវឈប់លេបឱសថនេះ និងទៅជួបគ្រូពេទ្យភ្លាមប្រសិនបើយើងមានចេញរោគសញ្ញា រលាកលំពែង ដូចជា ឈឺចាប់ខ្លាំងនៅផ្នែកខាងលើពោះ រាលទៅក្រោយ ចង្អោ និងក្អួត មិនឃ្លានអាហារ ឬបេះដូងលោតញាប់។
យើងក៏ត្រូវទៅរកគ្រូពេទ្យភ្លាមៗដែរបើសិនយើងមាន៖
– ប្រតិកម្មប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងធ្ងន់ធ្ងរ៖ រមាស់ ពងបែក ស្បែកបែកស្រកា
– នោមតិច ឬមិននោមសោះ
– ហើម ឡើងទម្ងន់ មានអារម្មណ៍ពិបាកដកដង្ហើម
– ប្រតិកម្មស្បែកធ្ងន់ធ្ងរ គ្រុនក្ដៅ ឈឺក ហើមមុខ ឬអណ្ដាត ក្រហាយក្នុងភ្នែក ឈឺលើស្បែក ដោយមានឡើងកន្ទួលរមាស់ក្រហម ឬស្វាយ ដែលរាលដាល (ជាពិសេស នៅលើមុខ ឬនៅខ្លួនផ្នែកខាងលើ) ហើយអាចក្លាយជាពងបែក និងរហែកស្បែក។
ផលរំខានញឹកញាប់អាចរួមមាន
– ឈឺក ហៀសំបោ
– ឈឺក្បាល ឈឺខ្នង ឈឺសន្លាក់ ឬឈឺសាច់ដុំ
– ចង្អោ ឈឺពោះ រាក ទល់លាមក
មិនមែនមនុស្សគ្រប់គ្នាសុទ្ធ តែមានផលរំខានដូចនេះឡើយ ហើយប្រហែលជាមានផលរំខានផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ។ ដូចនេះបើយើងមានការបារម្ភពីផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យនិងឱសថការី។
អត្ថបទគួរអាន៖
ឱសថJanuvia® អាចនឹងមានប្រតិកម្មអន្តរកម្មជាមួយថ្នាំដែលយើងកំពុងប្រើ ដោយអាចធ្វើឲ្យផ្លាស់ប្ដូរសកម្មភាពរបស់ថ្នាំ ឬអាចបង្កើនគ្រោះថ្នាក់នៃផលរំខានធ្ងន់ធ្ងរមួយចំនួន។ ដើម្បីចៀសផុតពីប្រតិកម្មអន្តរកម្មថ្នាំធ្ងន់ធ្ងរ យើងគួរតែធ្វើបញ្ជីរាយនាមឈ្មោះថ្នាំដែលយើងបានប្រើ និងកំពុងប្រើ (រួមមានទាំងថ្នាំត្រូវការវេជ្ជបញ្ជា ថ្នាំមិនត្រូវការវេជ្ជបញ្ជា និងផលិតផលឱសថបូរាណ) ហើយប្រាប់ទៅគ្រូពេទ្យ និងឱសថការី។ ដើម្បីសុវត្ថិភាព មិនត្រូវចាប់ផ្ដើមប្រើ ឬបញ្ឈប់ការប្រើ ឬផ្លាស់ប្ដូរកម្រិតប្រើ ថ្នាំអ្វីមួយដោយគ្មានការយល់ព្រមពីគ្រូពេទ្យឡើយ។
ថ្នាំនេះអាចនឹងមានប្រតិកម្មអន្តរកម្មជាមួយចំណីអាហារ ឬជាតិអាល់កុល ដោយធ្វើឲ្យសកម្មភាពភាពថ្នាំប្រែប្រួល ឬបង្កើនគ្រោះថ្នាក់នៃផលរំខានធ្ងន់ធ្ងរ។ សូមពិគ្រោះជាមួយ គ្រូពេទ្យ ឬឱសថការី ពីប្រភេទអាហារ ឬជាតិអាលកុល ដែលអាចមានអន្តរកម្មជាមួយថ្នាំ មុននឹងពេលប្រើ។
យើងគួរតែចៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុល ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់កម្រិតជាតិស្កក្នុងឈាមលើអ្នកជំងឺទឹកនោមផ្អែម ព្រោះថាអាចកើតមានទាំងករណី ធ្លាក់ចុះជាតិស្ករ (Hypoglycemia) និងកើនឡើងជាតិស្ករ (Hyperglycemia) ក្នុងឈាម អាស្រ័យលើបរិមាណនិងភាពញឹកញាប់ដែលយើងផឹកភេសជ្ជៈទាំងនោះ។
ថ្នាំនេះអាចនឹងមានប្រតិកម្មអន្តរកម្មនឹងស្ថានភាពសុខភាពរបស់យើង។ ប្រតិកម្មនេះ អាចនឹងធ្វើឲ្យសុខភាពយើងកាន់តែធ្ងន់ធ្ងរ ឬធ្វើឲ្យសកម្មភាពថ្នាំប្រែប្រួល។ ជាការសំខាន់ដែលយើងត្រូវប្រាប់ទៅ គ្រូពេទ្យ និងឱសថការី រាល់ស្ថានភាពសុខភាពដែលយើងកំពុងមាន។
បញ្ហាសុខភាពទាំងនោះរួមមាន៖
– រលាកលំពែង
– ខូចមុខងារតម្រងនោម
ព័ត៌មានទាំងនេះមិនអាចប្រើជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្របានទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីព័ត៌មានលម្អិត។
ចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមក្នុងកម្រិតស្រាល (កម្រិត Creatinine Clearance [CrCl] ធំជាង ឬស្មើនឹង ៥០មិល្លីលីត្រ/នាទី ដែលប្រហែលទៅនឹងកម្រិតសេរ៉ូម Creatinine តិចជាង ឬស្មើ ១,៧ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះមនុស្សប្រុស និងតិចជាង ឬស្មើ ១,៥មិល្លីក្រាម/ ដេស៊ីលីត្រ ចំពោះមនុស្សស្រី) គឺមិនចាំបាច់ក្នុងការកែតម្រូវកម្រិតថ្នាំឡើយ។
ចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមក្នុងកម្រិតមធ្យម (កម្រិត Creatinine Clearance [CrCl] ធំជាង ឬស្មើនឹង ៣០មិល្លីលីត្រ/នាទី ទៅតិចជាង ៥០មិល្លីលីត្រ/នាទី ដែលប្រហែលទៅនឹងកម្រិតសេរ៉ូម Creatinine ធំជាង ១,៧ មិល្លីក្រាម/ដេស៊ីលីត្រ ទៅ តិចជាងឬស្មើ ៣,០ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះមនុស្សប្រុស និងធំជាង ១,៥មិល្លីក្រាម/ ដេស៊ីលីត្រ ទៅ តិចជាងឬស្មើ ២,៥ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះមនុស្សស្រី) គឺកម្រិតប្រើចំពោះឱសថនេះ គឺត្រឹមតែ ៥០មិល្លីក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។
ចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមក្នុងកម្រិតធ្ងន់ធ្ងរ (កម្រិត Creatinine Clearance [CrCl] តិចជាង ៣០មិល្លីលីត្រ/នាទី ដែលប្រហែលទៅនឹងកម្រិតសេរ៉ូម Creatinine ធំជាង ៣,០ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះមនុស្សប្រុស និងធំជាង ២,៥ មិល្លីក្រាម/ដេស៊ីលីត្រ ចំពោះមនុស្សស្រី) ឬ ស្ថិតក្នុងតំណាក់កាលចុងក្រោនៃជំងឺ តម្រងនោម (ESRD) ដែលត្រូវការការលាងឈាម គឺកម្រិតប្រើចំពោះឱសថនេះ គឺត្រឹមតែ ២៥មិល្លីក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។ ឱសថនេះអាចនឹងត្រូវឲ្យប្រើដោយមិនគិតលើម៉ោងពេលដែលត្រូវលាងឈាមឡើយ។
សម្រាប់ឱសថនេះនៅមិនទាន់មានកម្រិតប្រើចំពោះកុមារនៅឡើយទេ។ ថ្នាំនេះ អាចនឹងមិនមានសុវត្ថិភាព ចំពោះកុមារ ដូចនេះហើយ ជារឿងសំខាន់ដែលយើងត្រូវដឹងពីសុវត្ថិភាពរបស់ថ្នាំ មុននឹងប្រើប្រាស់។ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬឱសថការីដើម្បីដឹងព័ត៌មានបន្ថែម។
ថ្នាំនេះអាចមានក្នុងកម្រិតនិងរូបរាងដូចខាងក្រោម៖
– ថ្នាំគ្រាប់ស្រោប សម្រាប់លេប ៖ sitagliptin phosphate ២៥ មិល្លីក្រាម
ប្រសិនជាមានករណីគ្រោះថ្នាក់ដូចជាលេបលើសកម្រិត សូមប្រញាប់រួសរាន់ស្វែងរកការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។
បើសិនជាយើងភ្លេចលេបម្តង សូមលេបភ្លាមពេលដែលនឹកឃើញ។ យ៉ាងណាមិញប្រសិនជាជិតដល់ពេលលេបម្តងទៀតហើយបានយើងនឹកឃើញ សូមចាំលេបនៅពេលបន្ទាប់ទៀតចុះ។ សូមកុំលេបថ្នាំពីរដងក្នុងពេលតែមួយឲ្យសោះ។
អត្ថបទគួរអាន៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ