គ្រោះថ្នាក់សរសៃឈាមខួរក្បាល ឬស្រ្តូក ជាទូទៅមិនកើតលើមនុស្សវ័យក្មេងនោះទេ ប៉ុន្តែបើវាកើតមាន នោះបានន័យថាមានគ្រោះថ្នាក់ខ្លាំងហើយ។ តើបញ្ហានេះកើតលើមនុស្សវ័យក្មេងបានយ៉ាងដូចម្ដេច និងត្រូវដោះស្រាយបែបណា?
ហេតុអ្វីមនុស្សវ័យក្មេងមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល?
ជាទូទៅគ្រោះថ្នាក់សរសៃឈាមខួរក្បាល ច្រើនតែកើតលើមនុស្សវ័យចំណាស់ ឬអ្នកដែលមានបញ្ហាសុខភាព។ នេះមានន័យថាមនុស្សមានវ័យកាន់តែចាស់ ហានិភ័យកើតគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏កើនឡើងដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺមនុស្សវ័យក្មេងនៅពេលនេះក៏ចាប់ផ្ដើមមានបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរ។ តាមការប៉ាន់ប្រមាណ ក្នុងចំណោមអ្នកជួបបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលមានចន្លោះពី៣,៧ទៅ១០ភាគរយ ជាមនុស្សមានវ័យ៤៥ឆ្នាំ ឬតិចជាងនេះ ហើយថាចំនួននេះបានកើនឡើងរាល់ឆ្នាំ។
តើអ្វីជាមូលហេតុបង្ក?
កត្តាប្រឈមដែលអាចនាំឲ្យមានហានិភ័យកើតបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតលើមនុស្សវ័យចំណាស់ ក៏អាចជាកត្តាប្រឈមសម្រាប់មនុស្សវ័យក្មេងដែរ។ កត្តាប្រឈមទាំងនោះមានដូចជាការជក់បារី ធាត់ លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ឡើងកម្រិតកូលេស្តេរ៉ូល និងផឹកគ្រឿងស្រវឹងច្រើនពេកជាដើម។
យ៉ាងណា អ្វីទាំងនេះមិនមែនជាមូលហេតុ ឬកត្តាប្រឈមផ្ដាច់មុខនោះទេ នៅមានកត្តាមួយចំនួនទៀតធ្វើឲ្យមនុស្សវ័យក្មេងជួបបញ្ហាគ្រថ្នាក់សរសៃឈាមខួរក្បាល។
បញ្ហាបេះដូង
មនុស្សមួយចំនួនមានបញ្ហាបេះដូងពីកំណើត ដែលអាចនាំឲ្យមានដុំកំណកឈាមកើតឡើងនៅក្នុងបេះដូង និងអាចមានលទ្ធភាពខ្ពស់ក្នុងការធ្វើដំណើរទៅកាន់ខួរក្បាល។
បញ្ហាបេះដូងផ្សេងទៀត គឺបញ្ហាថតបេះដូងមិនបិទភ្លាមៗក្រោយពេលកើត តែថាអ្នកមានបញ្ហានេះភាគច្រើនមិនបង្កជាបញ្ហាសុខភាពទេ។ ថ្វីបើយ៉ាងនេះក្ដី គ្រូពេទ្យនៅតែរកឃើញថាអ្នកមានជួបគ្រោះថ្នាក់សរសៃឈាមខួរក្បាលមួយចំនួនតូច រងគ្រោះព្រោះបញ្ហានេះដែរ។
ជំងឺឈាម
គ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតឡើងដោយសារតែមានដុំកំណកឈាម ដែលអាចទៅបិទលំហូរឈាមចូលទៅខួរក្បាល។ នៅពេលមនុស្សវ័យក្មេងកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល មូលហេតុដែលអាចបង្កឡើងបានគឺជំងឺឈាមនេះដែរ។
ជំងឺឈាមជាក់លាក់មួយចំនួន អាចបង្កជាហានិភ័យខ្ពស់នាំឲ្យកើតមានបញ្ហាដុំកំណកឈាម ដែលនេះមានន័យថាដុំកំណកឈាមក៏អាចធ្វើដំណើរទៅកាន់ខួរក្បាល និងបង្កជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន។
ជំងឺប៉ោងសរសៃឈាមក្រហម
ជំងឺប៉ោងសរសៃឈមក្រហម ជាបញ្ហាសុខភាពមួយដែលសរសៃឈាមអាក់ទែចាប់ផ្ដើមចុះខ្សោយ និងឡើងប៉ោង។ យូរៗទៅ សរសៃឈាមក្រហមដែលប៉ោង នឹងបែកធ្លាយ ហើយបង្កជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលបាន។
មនុស្សមួយចំនួនកើតមកមានបញ្ហានៅសរសៃឈាមអាក់ទែ ដែលបង្កឲ្យអ្នកទាំងនោះខ្សោយ និងងាយកើតជំងឺប៉ោងសរសៃឈាមក្រហម។ ជាក់ស្ដែង បើសិនជាសមាជិកគ្រួសារយើងមានជំងឺបែបនេះ យើងក៏មានហានិភ័យដូចគ្នា។
រហែកសរសៃឈាមអាក់ទែ
ការរហែកសរសៃឈាមអាក់ទែ ដែលអាចកើតមាននៅត្រង់ករបស់មនុស្សយើង ក៏អាចបង្កជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលសម្រាប់មនុស្សវ័យក្មេងដូចគ្នា។
ឈឺក្បាលប្រកាំងញឹកញាប់
ឈឺក្បាលប្រកាំង លើសពីការឈឺក្បាលធ្ងន់ធ្ងរ។ ឈឺក្បាលប្រកាំង ជាប្រភេទជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ហើយការសិក្សាជាច្រើនបានរកឃើញថា អ្នកជួបបញ្ហាប្រកាំងញឹកញាប់ អាចកើនឡើងហានិភ័យជួបគ្រោះថ្នាក់សរសៃឈាមខួរក្បាលដែរ។
នេះមានន័យថាបើអ្នកណាម្នាក់ តែងតែឈឺក្បាលប្រកាំង នោះហានិភ័យកើតគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏កាន់តែខ្ពស់ដែរ ហើយនៅពេលមានវ័យកាន់តែចាស់ កត្តាប្រឈមនេះក៏កាន់តែខ្ពស់ថែមទៀត។
ប្រើប្រាស់សារធាតុញៀនខុសច្បាប់
សារធាតុញៀនខុសច្បាប់ អាចបន្សល់ទុកនូវផលប៉ះពាល់ជាច្រើនដល់រាងកាយរបស់យើង ដោយមួយក្នុងចំណោមនោះធ្វើឲ្យមានគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
មនុស្សវ័យក្មេង ដែលប្រើប្រាស់សារធាតុញៀនខុសច្បាប់ អាចជាមូលហេតុមួយនាំឲ្យមានបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
វិធីការពារ
ជាក់ស្ដែងគ្រោះថ្នាក់សរសៃឈាមខួរក្បាលកើតលើមនុស្សវ័យក្មេងមិនអាចការពារបានគ្រប់ពេលនោះទេ ពិសេសបើបញ្ហានេះកើតឡើងពេលយើងមិនដឹងថាមានបញ្ហាសុខភាពណាមួយទៀតនោះ។ យ៉ាងណា វិធីបង្ការទូទៅមួយចំនួនដើម្បីបន្ថយហានិភ័យបញ្ហាសុខភាពមួយនេះក៏មានខ្លះដែរ។ ការញ៉ាំអាហារ សុខភាព មានបន្លែ ផ្លែឈើ រក្សាទម្ងន់ខ្លួនឲ្យនៅល្អ និងការពារខ្លួនឲ្យមានកូលេស្តេរ៉ូលឡើងខ្ពស់។ ដូចគ្នាដែរ ការហាត់ប្រាណបានជាប់ជាប្រចាំ ដូចជាហាត់ប្រាណបាន៣០នាទីក្នុងមួយថ្ងៃសុទ្ធតែមានប្រយោជន៍ចំពោះសុខភាព និងអាចកាត់បន្ថយហានិភ័យជំងឺបេះដូង។
[embed-health-tool-bmi]