ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?
វីរុសឆ្កែឆ្កួត ជាវីរុសគ្រោះថ្នាក់មួយដែលអាចចម្លងទៅមនុស្សយើងដោយសារទឹកមាត់របស់សត្វដែលផ្ទុកវីរុសនេះ ហើយជាទូទៅ វាឆ្លងបន្ទាប់ពីត្រូវសត្វខាំ ឬខ្វាចយើង។ សម្រាប់ជំងឺឆ្កែឆ្កួតនេះ អាចបណ្ដាលឲ្យអ្នកដែលឆ្លងជំងឺនេះស្លាប់បាន ក្រោយពេលវីរុសរាលដាលពីកន្លែងខាំទៅដល់ខួរក្បាល។ ចុះក្រោយពីពេលត្រូវសត្វមានវីរុសឆ្កែឆ្កួតខាំ ប៉ុន្មានថ្ងៃទើបវាអាចរាលដាលទៅដល់ខួរក្បាលយើង? តាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បានឲ្យដឹងថា វីរុសឆ្កែឆ្កួតអាចមានសមត្ថភាពធ្វើដំណើរក្នុងល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬប្រមាណជា ៨សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុងដំណើររបស់វីរុសឆ្កែឆ្កួតនេះ គឺវាធ្វើដំណើរឆ្ពោះទៅកាន់ខួរក្បាលរបស់យើង។ បើកន្លែងដែលត្រូវខាំនៅឆ្ងាយពីខួរក្បាល ការធ្វើដំណើររបស់មេរោគនេះរាងយូរបន្តិចទើបអាចទៅដល់ខួរក្បាលអ្នកជំងឺបាន។ ឧទាហរណ៍៖ បើយើងត្រូវឆ្កែឆ្កួតខាំនៅត្រង់ជើង វានៅឆ្ងាយពីខួរក្បាល ដូចនេះវីរុសឆ្កែឆ្កួតត្រូវការពេលយូរល្មមទម្រាំបានទៅដល់ខួរក្បាល។ លោកបន្តថា អ្នកជំងឺនឹងចេញរោគសញ្ញានៅពេលដែលវីរុសនោះធ្វើដំណើរទៅដល់ខួរក្បាល ហើយវាអាចហួសពេលក្នុងការសង្គ្រោះអ្នកជំងឺ ពោលគឺថា នៅពេលដែលវារាលដាលទៅដល់ខួរក្បាលបណ្ដាលឲ្យចេញរោគសញ្ញាហើយ គ្មានថ្នាំ ឬគ្រូពេទ្យណាអាចសង្គ្រោះអ្នកជំងឺបានទេ ហើយអ្នកជំងឺនឹងស្លាប់ក្នុងរយៈពេល ៧-១០ថ្ងៃក្រោយចេញរោគសញ្ញា។ រោគសញ្ញាជំងឺឆ្កែឆ្កួតដែលលេចឡើងក្រោយឆ្លងរាលដាលទៅដល់ខួរក្បាលហើយមានដូចជា៖ មិនស្រេកទឹក ស្រៀវស្រាញពេលត្រូវខ្យល់ ក្ដៅខ្លួន ពិបាកដកដង្ហើម ខាកស្ដោះញឹកញាប់ ហៀរទឹកមាត់ ជាដើម។ យ៉ាងណាមិញ ក្រោយពេលសត្វមានផ្ទុកវីរុសឆ្កែឆ្កួតនេះ ខាំ ខ្វាច ឬក្រញៅ យើងអាចបង្ការវីរុសបានដោយធ្វើតាមចំណុចបន្ទាន់ខាងក្រោមនេះដូចជា៖ ១. លាងដៃនឹងសាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាងមុខរបួសពី ១០-១៥ នាទី ២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬបេតាឌីន […]