អាការៈឈឺក្បាល ជាបញ្ហាទូទៅមួយដែលអាចក្លាយជាផលរំខានដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការបំពេញការងាររបស់យើងម្នាក់ៗ។ កត្តាផ្សេងៗទៀតដែលអាចបណ្ដាលឲ្យយើងឈឺក្បាលមានស្ត្រេស កង្វះជាតិទឹក យប់ជ្រៅទើបចូលគេង។ល។ ប៉ុន្តែ បើយើងសាកល្បងប៉ុន្មានចំណុច ធានាអាការៈឈឺក្បាលនឹងលែងជាផលរំខានប្រចាំថ្ងៃទៀត។
១.សម្រាក (ពិសេសនៅកន្លែងងងឹត)
ស្ត្រេសជាបញ្ហាមួយបង្កឲ្យឈឺក្បាល។ កាត់បន្ថយភាពតានតឹងសាច់ដុំ អាចសម្រួលដល់អាការៈឈឺក្បាល ដោយយើងអាចសម្រាកនៅក្នុងបន្ទប់ដែលមានភ្លើងព្រាកៗ និងស្ងប់ល្អ ហើយព្យាយាមបន្ធូរខ្នង ក និងស្មា។
២.បន្ធូរអារម្មណ៍
លំហាត់ដកដង្ហើមវែងៗ ឬការតាំងសមាធិ អាចជួយកាត់បន្ថយស្ត្រេស និងសម្រួលដល់បញ្ហាឈឺក្បាល។ ដកដង្ហើមចូលវែងៗ រួចដកដង្ហើមចេញមួយៗ បន្ធូររាល់ចំណុចលើរាងកាយដែលមានភាពតានតឹង។ ដាក់ក្បាលចុះក្រោម រួចងាកក្បាលបន្តិចម្ដងៗ ជាកន្លះរង្វង់ពីម្ខាងទៅម្ខាង។
៣.ម៉ាស្សាក្បាល
ការម៉ាស្សាក្បាលអាចសម្រួលដល់ភាពតឹងណែនរបស់សាច់ដុំ និងជួយយើងបន្ធូរអារម្មណ៍។ មួយវិញទៀត វិធីនេះក៏ជួយកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងសម្រួលភាពតានតឹងសាច់ដុំបណ្ដាលឲ្យឈឺក្បាលនោះ។ បើយើងមិនចង់ចំណាយលុយច្រើនទៅកន្លែងម៉ាស្សាទេនោះ អាចរកអ្នកណាម្នាក់ ឬធ្វើដោយខ្លួនឯង ដោយញីថ្នមៗទៅលើផ្នែកក្បាល ក និងសាច់ដុំស្មា រយៈពេល ៣-៤នាទី ឬតាមចំណង់ចំណូលចិត្ត។
៤.ស្អំទឹកកក ឬទឹកក្ដៅ
ការស្អំទឹកកកអាចជាមធ្យោបាយសាមញ្ញដោះស្រាយបញ្ហាសាមញ្ញមួយដែលគ្នាយើងមួយចំនួននិយមប្រើ។ ការស្អំទឹកកក ឬវត្ថុត្រជាក់ៗ ទៅលើក្បាល ឬក អាចជួយពង្រួមសរសៃឈាម និងកាត់បន្ថយការរលាកនៅតំបន់ឈឺនោះ។ មធ្យោបាយនេះ អាចរំដោះភាពឈឺចាប់បណ្ដាលមកពីឈឺក្បាលបានមួយរយៈ។ ចំណែកករណីខ្លះវិញ នៅពេលដែលយើងឈឺក្បាលខ្លាំង មានអារម្មណ៍ថាតឹងក្បាល ការស្អំទឹកក្ដៅអាចជួយសម្រួលសាច់ដុំតឹងនោះ និងជួយបំបាត់ការឈឺចាប់បាន។ តែនៅពេលដែលប្រើវិធីស្អំទឹកកក ឬទឹកក្ដៅ ត្រូវប្រយ័ត្នបន្តិច ចៀសវាងអាចធ្វើឲ្យរលាកស្បែកយើង។
៥.ប្រើថ្នាំបំបាត់ការឈឺចាប់
បើយើងចង់បំបាត់ការឈឺចាប់នៃអាការៈឈឺក្បាលលឿនបំផុត អាចប្រើថ្នាំផ្សះបំបាត់ការឈឺចាប់ដោយមិនចាំបាច់មានវេជ្ជបញ្ជាបាន ដែលអាចរកមាននៅតាមឱសថស្ថាន។ តែទោះយ៉ាងណា បើសិនយើងមានបញ្ហាឈឺក្បាលនេះជាប់រាល់ថ្ងៃ គួរទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការប្រើថ្នាំ ដើម្បីដោះស្រាយបញ្ហាឈឺក្បាលនេះរាល់ថ្ងៃអាចបង្កផលវិបាកដល់សុភាព។
៦.កាត់បន្ថយកាហ្វេអ៊ីន និងគ្រឿងស្រវឹង បារី
តាមពិតទៅ ជាតិកាហ្វេអ៊ីនអាចសម្រួលដល់អាការៈឈឺក្បាលបាន ប៉ុន្តែវាក៏អាចជាកត្តាបង្កឲ្យយើងឈឺក្បាលបានដូចគ្នាដែរ។ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យយើងនោមញឹក បណ្ដាលឲ្យយើងបាត់បង់ជាតិទឹក ជាហេតុបង្កជាបញ្ហាឈឺក្បាល។ មិនមែនតែកាហ្វេប៉ុណ្ណោះទេដែលមានផ្ទុកជាតិកាហ្វេអ៊ីន ភេសជ្ជៈដូចជា តែមួយចំនួន ភេសជ្ជៈប៉ូវកម្លាំង និងទឹកក្រូចមួយចំនួនក៏មានផ្ទុកជាតិកាហ្វេអ៊ីនដែរ។
ដូចគ្នានេះដែរ អាការៈឈឺក្បាលក៏ជាបញ្ហាមួយរបស់អាការៈក្រោយស្រវឹង ឬនិយាយស្រួលស្ដាប់គឺ Hangover។ បញ្ហាឈឺក្បាលក្រោយពេលស្រវឹង អាចដោយសារការផឹកស្រាច្រើនបណ្ដាលឲ្យយើងនោមញឹក ធ្វើឲ្យបាត់បង់ជាតិទឹកពីក្នុងខ្លួន បណ្ដាលឲ្យឈឺក្បាល។ ទាំងការជក់បារីនិងស្រូបផ្សែងបារីអាចបណ្តាលឱ្យឈឺក្បាល។ នីកូទីន ជាសារធាតុ vasoactive ។ នោះមានន័យថាវាផ្លាស់ប្តូរទំហំសរសៃឈាមនៅក្នុងខួរក្បាល ជាហេតុបណ្តាលឱ្យឈឺក្បាល។ ផ្សែងបារីក៏អាចបណ្តាលឱ្យឈឺក្បាលដោយរំខានដល់ច្រមុះ និងបំពង់ក ឬដោយបង្កឱ្យមានប្រតិកម្មអាលែកហ្សី។
[embed-health-tool-bmi]