backup og meta

ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ

ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ

​ចាស់ៗ​ប្រាប់ថា បើ​ត្អើក​ផឹក​ទឹក​ឲ្យ​ច្រើន ត្រូវ​អត់? ​តាម​វេជ្ជសាស្ត្រ ផឹក​ទឹក​ជួយ​បំបាត់​អាការៈ​បាន​ត្រឹម​ប្រមាណ ៣០% ប៉ុណ្ណោះ។ សម្រាប់​មូលហេតុ​ធម្មតាៗ​ មិន​អី​ទេ តែ​បើត្អើក​ញឹកញាប់​ខុស​ធម្មតា អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ។ “Hello គ្រូពេទ្យ” នឹងប្រាប់​មូល​ហេតុ​ខ្លះៗ វិធី​ព្យាបាល ​ឲ្យគ្នា​យើង​បាន​ដឹង។

១- ត្អើកជាអ្វី?

ត្អើក កើត​ឡើង​ពេល​សាច់​ដុំ​សន្ទះ​ទ្រូង នៅ​សុខៗ​ស្រាប់​តែ​កន្ត្រាក់​ភ្លាមៗ ធ្វើ​ឲ្យ​យើង​ត្អើក​ដោយ​អចេតនា។ អំឡុង​ពេល​ត្អើក ខ្សែ​សំឡេង​បាន​បិទ បណ្តាល​ឲ្យ​មាន​ឮ​សំឡេង “ហ៊ីក” ហើយ​ជា​ធម្មតា គ្មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ។

២- មូលហេតុនាំឲ្យត្អើក

មាន​កត្តា​ជា​ច្រើន សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​យើង​ត្អើក រួម​មាន៖

– ភេសជ្ជៈ​មាន​ជាតិ​កាបូណាត

– ផឹក​ស្រា​ច្រើន​ហួស​ហេតុ​ពេក

– ញ៉ាំ​ច្រើន​លើស​ពី​ធម្មតា

– អារម្មណ៍​រំជើប​រំជួល

– សីតុណ្ហភាព​ផ្លាស់​ប្តូរ​ភ្លាមៗ

– លេប​ខ្យល់​ចូល​ក្នុង ខណៈ​កំពុង​ទំពាស្ករ​កៅស៊ូ ឬ​ជញ្ជក់​ស្ករ​គ្រាប់។

ត្អើក​អត់​បាត់​លើស​ ២ ​ថ្ងៃ អាច​បង្ក​ឡើង​ដោយ​សភាព​ជំងឺ​ធ្ងន់ធ្ងរ ដូច​ជា៖

– សរសៃ​ប្រសាទ​រង​ការ​ខូចខាត៖ ខូចខាត​សរសៃ​ប្រសាទ​ទាក់ទង​សាច់ដុំ​សន្ទះ​ទ្រូង ដោយ​សារ​មាន​ការ​ត្អើក​រយៈ​ពេល​យូរ។ ករណី​ខូច​ខាត​នេះ អាច​បណ្តាល​មក​ពី​វត្ថុ​ចម្លែកពី​ក្រៅ​ប៉ះ​នឹង​ក្រដាស​ត្រចៀក ដុះ​ដុំ​សាច់ ដុំ​គីស ឬ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត ច្រាល​ត្រឡប់​ទឹក​អាស៊ីដ​ក្រពះ​ឡើង​មក​បំពង់​អាហារ ឈឺ​បំពង់​ក ឬ​ជំងឺ​រលាក​ប្រអប់​សំឡេង។

– វិបត្តិ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល៖ ដុំសាច់ ឬ​ការ​បង្ក​រោគ​កើត​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ ឬ​ខូចខាត​សរសៃ​ប្រសាទ បង្ក​ឡើង​ដោយ​ការ​ប៉ះ​ទង្គិច (ជំងឺ​រលាក​ខួរ​ក្បាល រលាក​ស្រោម​ខួរ​ក្បាល ជំងឺ​ស្រោម​កោសិកា​ប្រសាទ​ខូចខាត​ច្រើន​កន្លែង ជំងឺ​ស្ទះ ឬ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល) អាច​ឈាន​ទៅ​ដល់បាត់​បង់​ការ​គ្រប់គ្រង​ទៅ​លើ​ប្រតិកម្មអចេតនា (Reflex) នៃ​ការ​ត្អើក។

– វិបត្តិ​មេតាបូលីស និង​ឱសថ៖ ត្អើក​រ៉ាំរ៉ៃ​ អាច​ដោយ​សារ​ផឹក​ស្រា ថ្នាំ​សណ្តំ ឬ​ក្រុម​ថ្នាំ​បា​ប៊ី​ធ្យូ​​រ៉េត  (Barbiturates) ជំងឺ​ទឹក​នោម​ផ្អែម អតុល្យភាព​អេឡិច​ត្រូលីត ជំងឺ​តម្រង​នោម ក្រុម​ថ្នាំ​ស្តេរ៉យ (Steroids) និង​ថ្នាំ​ពពួក​ជួយ​រំងាប់​អារម្មណ៍​ឲ្យ​ស្ងប់ (Tranquilizers)។

៣- គួរទៅជួបពេទ្យពេលណា?

ទោះ​​ត្អើក​មិន​មែន​ជា​បញ្ហា​សង្គ្រោះ​បន្ទាន់​ក្តី គ្នា​យើង​គួរ​ជួប​វេជ្ជ​បណ្ឌិត បើ​អាការៈ​ត្អើក​មាន​រយៈ​ពេល​លើស ៣ ម៉ោង ឬ​រំខាន​ដំណេក បណ្តាល​ឲ្យ​ក្អួត។ ជាមួយ​គ្នា​នេះ បើអាការៈ​ត្អើក​អម​ជាមួយ​ឈឺពោះ គ្រុនក្តៅ ដក​ដង្ហើម​មិន​ដល់​គ្នា ក្អួត​មាន​ឈាម និង​អារម្មណ៍​បំពង់​ក​ត្រូវ​បិទ គួរ​ស្វះ​ស្វែង​រក​ជំនួយ​ឲ្យ​បាន​ឆាប់ តាម​អាច​ធ្វើ​ទៅ​បាន។

ផឹកកាហ្វេជ្រុល

៤- រោគវិនិច្ឆ័យ

វេជ្ជបណ្ឌិតនឹង​ពិនិត្យ​រាងកាយ​ជា​មុន​សិន បើ​ពេទ្យ​គិត​ថា អាការៈ​ត្អើក​ អាច​បង្ក​ឡើង​ដោយ​បញ្ហា​ជំងឺ​ផ្សេង​ទៀត យើង​ច្បាស់​ជា​​ត្រូវ​ធ្វើ​តេស្ត​ច្រើន​ថែម​ទៀត។

៥- វិធីព្យាបាលត្អើក

ត្អើក​ធ្ងន់ធ្ងរអត់​បាត់ ​ទាមទារ​ការ​ព្យាបាល។ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ Chlorpromazine (Thorazine) សិន។ ថ្នាំ Baclofen (Lioresal) និង​ថ្នាំ​ព្យាបាល​ប្រ​កាច់ ដូចជា Phenytoin (Dilantin) ក៏​មាន​ប្រសិទ្ធភាព​ដែរ។ ករណីខ្លះ ការ​វះកាត់​អាច​ចាំ​បាច់​ត្រូវ​ធ្វើ ដោយ​ពេទ្យ​នឹង​ប្រើ​ថ្នាំ​សំណ្តំ ដើម្បី​រាំង​ខ្ទប់​សរសៃ​ប្រសាទ​សន្ទះ​ទ្រូង ជាមួយ​ឧបករណ៍​ភ្ញោច​ដើរ​ដោយ​អគ្គិសនី​ ដាំ​បង្កប់​សម្រាប់​វះកាត់​ទៅ​ក្នុង​សរសៃ​ប្រសាទ (Vagus)។ បើ​វិធី​ព្យាបាល​ទាំង​នេះ គ្មាន​ប្រសិទ្ធភាព គ្រូពេទ្យ​នឹង​ណែនាំ​ការ​វះកាត់​មួយ ដើម្បី​ផ្អាក​ដំណើរ​សរសៃ​ប្រសាទ​សន្ទះ​ទ្រូង ឲ្យ​លែង​មាន​សកម្មភាព​ត​ទៅ​ទៀត។

៦- វិធីព្យាបាលនៅផ្ទះដោយខ្លួនឯង

ប្រសិន​អាការៈ​ត្អើក មិន​បង្ក​ឡើង​ដោយ​បញ្ហា​សុខភាព​ទេ​នោះ យើង​អាច​សាក​ល្បង​​ព្យាបាល​នៅ​ផ្ទះ ដើម្បី​ជួយឲ្យ​អាការៈ​ធូរ​សា្រល​ឡើង​វិញ ដូចជា៖

– ដកដង្ហើមចូលទៅក្នុងស្បោងក្រដាស

– ខ្ពុរមាត់ដោយទឹកត្រជាក់

– ទប់ដង្ហើម

– ផឹកទឹកត្រជាក់យឺតៗ ​តិចៗ ឲ្យ​បាន​ច្រើន​ដង

– រក​នរណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ភ្ញាក់

– ទាញ​អណ្តាត​ឲ្យ​ខ្លាំង។

បន្ថែម​ពី​នេះ ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាបូណាត និង​អាហារ​មាន​ជាតិ​ហ្គាស ហើយ​ញ៉ាំ​អាហារ​តិចៗ ដាច់​ដោយ​ឡែក​ពី​គ្នា កុំ​ញ៉ាំ​ច្រើនៗ ម្តងៗ​ញាត់​ពេញ​មាត់​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hiccups. http://www.emedicinehealth.com/hiccups/article_em.htm. Accessed June 6, 2017.

Hiccups. http://www.mayoclinic.org/diseases-conditions/hiccups/home/ovc-20320112. Accessed June 6, 2017.

កំណែ​ប្រែបច្ចុប្បន្ន

10/05/2021

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​ក្អក​ស្ងួត​ពេលពពោះបណ្ដាល​មក​ពី​អ្វី? ម៉ាក់ៗគួរដោះស្រាយ​បែប​ណា​?​​​​​​​​

ក្មេងតូចៗត្អើកអត់បាត់ ប៉ាម៉ាក់ត្រូវធ្វើម៉េច?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ May 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម