អាអូនតូចៗខ្លះ ពិបាកញ៉ាំបាយណាស់ ចូលចិត្តញ៉ាំតែចំណី ធ្វើឲ្យខ្វះសារធាតុចិញ្ចឹម ហើយគីឡូមិនគ្រប់ស្តង់ដារម៉ាក់ប៉ាបារម្ភទៀត។ ដូចនេះ ទើបម៉ាក់ប៉ាមួយចំនួនទិញវីតាមីនបំប៉នឲ្យកូនញ៉ាំ ព្រោះចង់ឲ្យកូនញ៉ាំបាយច្រើន ឆាប់ធាត់ តែវីតាមីនបំប៉នពិតជាជួយឲ្យកូនឡើងគីឡូមែនឬយ៉ាងណា?
បកស្រាយនឹងចម្ងល់មួយនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារក ឲ្យដឹងថា វីតាមីនបំប៉នសម្រាប់កុមារភាគច្រើន គេផលិតឡើងជាប្រភេទ Multi-Vitamin មានន័យវីតាមីនបំប៉ននោះ ត្រូវបានផលិតឡើងដោយរួមផ្សំគ្នាជាមួយវីតាមីនចម្រុះមុខ (វីតាមីន A E C។ល។) នៅក្នុងបរិមាណមួយសមស្របទៅតាមអាយុកុមារ។ វីតាមីនបំប៉នក៏មានផ្ទុកសារធាតុរ៉ែមួយចំនួនដូចជា ជាតិដែក ឬស័ង្កសីជាដើម។
លោកស្រីបន្ត នៅពេលដែលកុមារញ៉ាំវីតាមីនបំប៉ន វាជួយឲ្យកូនមានសុខភាពរឹងមាំ និងប្រព័ន្ធភាពស៊ាំមាំមួនល្អ ជាហេតុជួយឲ្យអាអូនឡើងទម្ងន់ ព្រោះអាអូនមានសុខភាពល្អ ។ មិនមែនគ្រាន់តែម៉ាក់ប៉ាផ្ដល់វីតាមីនបំប៉នហើយ អាអូនអាចឡើងទម្ងន់ញ៉ាំតែវីតាមីនបំប៉ននឹងទេ។ វីតាមីនបំប៉ន គ្រាន់តែជាអាហារបន្ថែមចាំបាច់ផ្ដល់ឲ្យកុមារមិនសូវញ៉ាំបន្លែ ផ្លែឈើ ឬខ្វះអាហារូបត្ថម្ភ ឬពិបាកញ៉ាំបាយ។
វេជ្ជបណ្ឌិតសញ្ញាប័ត្រពីបារាំងរូបនេះ បានបន្ថែមថា ក្មេងៗគ្រប់រូបមិនចាំបាច់ញ៉ាំវីតាមីនបំប៉ននោះទេ បើកូនយើងទទួលបានវីតាមីនគ្រប់គ្រាន់តាមរយៈអាហារប្រចាំថ្ងៃហើយ (ឧ. កូនញ៉ាំបាយបាន អត់រើសបន្លែ ផ្លែឈើ ឬសាច់) យើងមិនបាច់ផ្ដល់វីតាមីនបំប៉នបន្ថែមក៏បាន។ គ្មានអ្វីល្អខ្លាំងសម្រាប់កុមារ ជាងអាហារូបត្ថម្ភដូចជា បបរខាប់គ្រប់គ្រឿង ទឹកដោះគោ ឬផ្លែឈើស្រស់ផ្សេងៗ។
វីតាមីនបំប៉ន ត្រូវបានផលិតឡើង ដើម្បីបំពេញចន្លោះប្រហោងវីតាមីន ឬជាតិរ៉ែខ្លះៗ ដែលកូនយើងទទួលបានមិនពេញលេញប៉ុណ្ណោះ។ បើចង់ឲ្យកូនឡើងទម្ងន់ល្អ យកល្អម៉ាក់ប៉ាអាចផ្ដល់អាហារសម្បូរសារធាតុចិញ្ចឹមដែលកូនត្រូវការ និងបន្ថែមវីតាមីនបំប៉នឲ្យកូនទៅតាមអាយុសមស្រប។
[embed-health-tool-vaccination-tool]