ជំនាញទំនាក់ទំនងក្នុងសង្គមល្អអាចជួយឲ្យក្មេងមានទំនាក់ទំនងល្អ និងចេះដោះស្រាយបញ្ហាបានទៀត នៅពេលពួកគេធំឡើង។ ជំនាញក្នុងសង្គមនេះ គឺប៉ាម៉ាក់អាចបង្រៀនកូនបាន និងអាចបង្រៀនតាមប៉ុន្មានវិធីនេះ។
១. ចែករំលែក
ការចែករំលែកចំណីអាហារ ឬប្រដាប់លេងដល់ក្មេងដទៃ អាចជួយកូនយើងឲ្យចេះបង្កើតមិត្ត និងរក្សាទំនាក់ទំនងរបស់ពួកគេ។ ក្មេងតែងចែករំលែកចំណីអាហារ ឬប្រដាប់លេងដល់ក្មេងដទៃនៅពេលដែលចំណីអាហារ ឬប្រដាប់លេងទាំងនោះមានចំនួនច្រើន។ ក្មេងអាយុចន្លោះ៣-៦ឆ្នាំតែងមិនចង់ចែករំលែកប៉ុន្មានទេ ឬបើទោះជាពួកគេចែករំលែកប្រដាប់លេងរបស់ពួកគេក៏មកពីគេលែងចាប់អារម្មណ៍ទៅលើប្រដាប់លេងនោះប៉ុណ្ណោះ ប៉ុន្តែនៅអាយុ ៧-៩ឆ្នាំក្មេងភាគច្រើនតែងស្ម័គ្រចិត្តចែករំលែកទៅក្មេងដទៃទៀត។ ម៉ាក់ប៉ាអាចនឹងមិនចង់បង្ខំកូនឲ្យចែករំលែកប្រដាប់លេង ឬចំណីអាហារជាមួយនឹងក្មេងដទៃ ដូចនេះពេលកូនចែករំលែកអ្វីមួយដល់ក្មេងដទៃយកល្អគួរសរសើរកូន ប្រាប់កូនពីអារម្មណ៍របស់ក្មេងដទៃ ថាពួកគេសប្បាយចិត្ត និងនេះជារឿងល្អក្នុងការចែករំលែក។
២. លេងជាមួយក្មេងដទៃ
ការលេងជាមួយក្មេងដទៃអាចបង្រៀនកូនយើងឲ្យចេះគោរពគ្នា នៅពេលមានការស្នើសុំអ្វីមួយ ហើយក្មេងៗក៏បានចូលរួមចំណែក និងផ្តល់ជំនួយគ្នាផងដែរ។ ជំនាញក្នុងការសហការនេះសំខាន់សម្រាប់ការមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ក្មេងត្រូវមានការសហការជាមួយនឹងមិត្តរួមថ្នាក់របស់គេនៅពេលចូលរៀន ហើយពេលធំពេញវ័យ ជំនាញនេះអាចជួយដល់ពួកគេក្នុងការធ្វើការជាក្រុមដែរ។ ម៉ាក់ប៉ាគួរនិយាយប្រាប់កូនពីសារៈសំខាន់នៃការធ្វើការជាក្រុម និងលទ្ធផលនៃការធ្វើការជាក្រុម។ ម៉្យាងទៀតគួរបង្កើតឱកាសក្នុងគ្រួសារសម្រាប់ការសកម្មភាពរួមគ្នាផ្សេងៗ។
៣. ការស្ដាប់
ការស្តាប់មិនមែននៅស្ងៀមតែម៉្យាងទេ ប៉ុន្តែការស្តាប់មានន័យថាយើងត្រូវព្យាយាមយល់នូវអ្វីដែលអ្នកណាមួយកំពុងនិយាយ។ ក្នុងន័យនេះ ការស្តាប់ក៏ជាផ្នែកមួយនៃការធ្វើឲ្យទំនាក់ទំនងកាន់តែល្អដែរ។ ពេលរៀនកូនត្រូវការស្តាប់អ្វីដែលគ្រូបង្រៀនដើម្បីធ្វើការគិត និងស្វែងយល់។ ពេលធំឡើង កូននឹងចេះស្តាប់ថ្នាក់លើ ឬមិត្តភក្ដិពេលកំពុងសន្ទនាពីអ្វីមួយ។ ម៉ាក់ប៉ាអាចជួយកូនអភិវឌ្ឍជំនាញនៃការស្តាប់របស់កូនបានដោយអានសៀវភៅឲ្យកូនស្តាប់ រួចឈប់ និងសួរកូនឲ្យនិយាយពីអ្វីដែលម៉ាក់ប៉ាបានអាន។ ការធ្វើបែបនេះអាចជួយបំពេញនៅកន្លែងដែលកូនរំលង និងជំរុញឲ្យកូនបន្តស្តាប់ទៀត។ ម៉្យាងទៀត យើងគួរបង្រៀនកូនកុំឲ្យកាត់សម្ដីពេលអ្នកដទៃកំពុងនិយាយដែរ។
៤. មើលភ្នែកពេលកំពុងនិយាយជាមួយនឹងអ្នកដទៃ
ការមើលភ្នែកភាគីម្ខាងទៀតក៏ជាផ្នែកសំខាន់មួយនៃទំនាក់ទំនងដែរ។ ក្មេងមួយចំនួនអាចនឹងពិបាកក្នុងការមើលភ្នែកអ្នកដទៃដែលគេកំពុងនិយាយជាមួយ។ នេះអាចមកពីក្មេងអៀនប្រៀនច្រើន ឬមកពីក្មេងចង់មើលទៅក្រោម។ ប្រសិនជាក្មេងពិបាកក្នុងការមើលភ្នែកអ្នកដទៃ ម៉ាក់ប៉ាអាចធ្វើការរម្លឹកកូនបានដោយប្រើសំឡេងថ្នមៗ និងសរសើរពួកគេនៅពេលពួកគេមើលភ្នែកអ្នកដទៃពេលកំពុងនិយាយជាមួយ។
៥. អត្តចរិតល្អ
ការមានអាកប្បកិរិយាល្អដូចជាការនិយាយពាក្យ “សូម” និង “អរគុណ” អាចជួយក្មេងឲ្យយកចិត្តទុកដាក់លើហេតុផលត្រឹមត្រូវ ហើយគ្រូ ម៉ាក់ប៉ា និងក្មេងផ្សេងៗនឹងមានការកោតសរសើរទៅលើក្មេងដែលមានអត្តចរិតល្អដែរ។ ប៉ុន្តែការបង្រៀនកូនទៅលើអត្តចរិតល្អអាចនឹងមានការលំបាកខ្លះៗ។ ដូចនេះម៉ាក់ប៉ាត្រូវធ្វើជាគំរូដ៏ល្អសម្រាប់កូន និងប្រាកដថាបង្ហាញពីអត្តចរិតល្អពេលកំពុងប្រាស្រ័យទាក់ទងនឹងអ្នកដទៃ ហើយកុំភ្លេចសរសើរកូនពេលដែលឃើញកូនមានអត្តចរិតល្អ។
[embed-health-tool-vaccination-tool]