ចំពោះកូនតូចៗ ការទទួលបានការស្រលាញ់ថ្នាក់ថ្នមពីម៉ាក់ប៉ា ស្ទើរតែគ្រប់គ្រាន់សម្រាប់ជួយដល់ការលូតលាស់ជាមួយភាពសប្បាយរីករាយ និងផ្នត់គំនិតវិជ្ជមានរបស់កូនៗបាត់ទៅហើយ។ ជួនកាល មិនចាំបាច់ទាល់តែមានកាដូល្អៗ ទើបអាចបញ្ជាក់ពីក្ដីស្រលាញ់របស់យើងជាម៉ាក់ប៉ាទេ។
ទាក់ទងនឹងការចិញ្ចឹមកូននេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រពីបារាំងបានឲ្យដឹងថា ជាធម្មតា ដោយសារតែភាពមមាញឹករបស់យើងជាម៉ាក់ប៉ា ពេលខ្លះ យើងសឹងតែមិនអាចចំណាយពេលជាមួយកូនៗបានច្រើនទេ ព្រោះត្រូវធ្វើការរកចំណូលចូលផ្ទះ ប៉ុន្តែ ទោះរវល់យ៉ាងណាក៏មិនត្រូវភ្លេចផ្ដល់ភាពកក់ក្ដៅឲ្យកូនៗរបស់យើងដែរ។
លោកស្រីបន្តថា ទង្វើតូចតាចតែល្អិតល្អន់ មិនត្រូវការចំណាយលុយច្រើនខាងក្រោមនេះហើយ ដែលកូនៗត្រូវការពីម៉ាក់ប៉ាដូចជា៖
- ការចម្អិនអាហារដែលដាក់ក្ដីស្រលាញ់របស់ម៉ាក់ប៉ា
– ការញ៉ាំអាហារជួបជុំគ្រួសារជាមួយក្ដីស្រលាញ់រៀងរាល់ថ្ងៃ
– និទានរឿងឲ្យកូនស្ដាប់ ៥-១០នាទីជារៀងរាល់ថ្ងៃ
– ចំណាយពេលលេងជាមួយកូន ទោះពេលតិចក្ដី
– ចំណាយពេលពន្យល់ណែនាំកូន ពេលកូនធ្វើខុស
– ចំណាយពេលស្ដាប់កូននិយាយនៅពេលកូនត្រូវការយើង
– ជួយបង្រៀនកូនធ្វើកិច្ចការសាលា។ល។
បន្ថែមពីលើនេះ រាល់ពេលដែលនៅជាមួយកូនៗ ឬជួបជុំគ្រួសារ ម៉ាក់ប៉ាគួរតែទុកទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចចោល (បើមិនចាំបាច់ប្រើ) ហើយងាកបង្ហាញការចាប់អារម្មណ៍ទៅលើកូនៗ។ មួយវិញទៀត យើងជាម៉ាក់ប៉ា ត្រូវធ្វើជាគំរូល្អដល់កូន ព្រោះក្មេងៗរៀនធ្វើទង្វើតាមចាស់ៗដែលនៅក្បែរខ្លួនធ្វើនេះឯង។
វេជ្ជបណ្ឌិតរោគកុមាររូបនេះ ក៏បញ្ជាក់ផងដែរថា ម៉ាក់ប៉ាគ្រប់រូប មិនគួរផ្ដល់សារសំខាន់ទៅលើរឿងធំៗខ្លាំងពេកទេ (កាដូខួបកំណើតដែលមានតម្លៃថ្លៃ ខោអាវថ្លៃៗ ឬរបស់របរថ្លៃៗ…) ហើយភ្លេចរឿងតូចតាចទាំងនេះទេ។
[embed-health-tool-vaccination-tool]