ការតមាត់ គប់របស់របរចោល យំននៀលដី ជាទម្លាប់អាក្រក់របស់កូនៗ ដែលគ្មានម៉ាក់ប៉ាណាចូលចិត្តឡើយ ហើយមានម៉ាក់ប៉ាមួយចំនួនទប់កំហឹងមិនជាប់វាយ ឬស្រែកឲ្យកូនវិញក៏មាន។ អំឡុងពេលលូតលាស់របស់ក្មេង ច្បាស់ហើយការតមាត់នៅពេលម៉ាក់ប៉ាស្ដីឲ្យ នឹងលេចឡើងក្នុងពេលណាមួយ និងជាពេលដែលយើងត្រូវអប់រំណែនាំកូនបន្ថែមទៀត ពីទម្លាប់អាក្រក់នេះ ដោយប្រើវិធីនិយាយណែនាំស្រួលបួល មិនមែនស្រែកគំហក ឬវាយកូនទេ។ ខាងក្រោមនេះ ជាតិចនិកដែលយើងគួរអនុវត្តតាម ពេលកូនតមាត់ម្ដង។
១. រក្សាជំហររបស់ខ្លួន
កុំបញ្ចេញប្រតិកម្មហួសដូចស្រែក ឬស្ទុះទៅវាយកូន ពេលឮអាអូនតមាត់ម្ដងៗ។ ជម្រើសល្អបំផុតសម្រាប់អប់រំកូនពីអាកប្បកិរិយាត្រឹមត្រូវ គឺកើតចេញពីខ្លួនយើងផ្ទាល់ ហេតុនេះយើងត្រូវនិយាយជាមួយកូនស្រួលបួល កុំជេរ កុំស្ដី និងប្រើពាក្យឲ្យបានសមរម្យ ទោះខឹងប៉ុនណាក៏មិនត្រូវប្រើពាក្យគំរោះគំរើយឲ្យកូនឮដែរ។
២. តាមដានកូន
សាកសួរខ្លួនឯងមើល៍ថាតើកូនចេះតមាត់ ឬបង្ហាញអាកប្បកិរិយាមិនល្អតាមអ្នកណា តាមមិត្តភ័ក្ដិនៅសាលា ឬតាមកម្មវិធីកូនមើលតាមទូរស័ព្ទ ឬទូរទស្សន៍។ ក្មេងនៅក្នុងកម្មវិធីទូរទស្សន៍ខ្លះនិយាយតមាត់ ដើម្បីជាកំប្លែងឲ្យអ្នកមើលសើចសប្បាយ ដូចនេះកូនយើងអាចត្រាប់តាមអ្វីដែលគេឃើញក្នុងទូរទស្សន៍។
៣. បង្ហាញពីផលវិបាក
យើងជាប៉ាម៉ាក់ត្រូវឲ្យអូនៗដឹងថាគេនឹងទទួលបានលទ្ធផលបែបណានៅពេលពួកគេនិយាយតមាត់ទៅម៉ាក់ប៉ា។ ដូចនេះម៉ាក់ប៉ាត្រូវបង្ហាញឲ្យច្បាស់ថាអាកប្បកិរិយាបែបនេះគឺមិនសមរម្យ និងទទួលយកមិនបាន។ ម៉ាក់ប៉ាក៏អាចបង្ហាញដល់កូនតូចនូវផលវិបាកពីអាកប្បកិរិយារបស់ពួកគេដោយកំណត់ម៉ោងលេងរបស់ពួកគេ ឬកិច្ចការអ្វីផ្សេងទៀតជាដើម។
៤. សរសើរកូនទៅលើអាកប្បកិរិយាល្អ
ប្រសិនជាកូនឈប់តមាត់ និងបង្ហាញការដឹងគុណ ម៉ាក់ប៉ាអាចផ្ដល់រង្វាន់ដល់ពួកគេដោយការឱប ការសរសើរ ឬអរគុណជាដើម។ យ៉ាងណាមិញ ត្រូវប្រាកដថាកូនយល់នូវអ្វីដែលម៉ាក់ប៉ាសរសើរមិនមែនមានន័យថាគេអាចបានអ្វីគ្រប់យ៉ាងតាមត្រូវការនោះទេ។
៥. បង្កើនពេលវេលាជាមួយកូន
ជួនកាលក្មេងៗអាចមានអាកប្បកិរិយាមិនល្អ ដោយសារការយកចិត្តទុកដាក់ពេញលេញពីម៉ាក់ប៉ា ហេតុនេះហើយ យើងគួរបង្កើនពេលវេលាសប្បាយៗជួបជុំគ្រួសារឲ្យបានច្រើន ដើម្បីបំពេញនូវអារម្មណ៍ខ្វះខាតរបស់កូនដូចជា នាំកូនដើរលេង លេងជាមួយកូននៅផ្ទះ ឬបង្កើតទម្លាប់ថ្មីៗជាមួយកូន។ល។
[embed-health-tool-vaccination-tool]