backup og meta

ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2020

    ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ

    ក្មេង​ៗ​វ៉ាកង​មិន​ទាន់​ចូល​រៀន ធ្វើ​ឲ្យ​ប៉ាម៉ាក់​ជា​ច្រើន​គិត​រក​វិធី​ ធ្វើ​យ៉ាង​ម៉េច​រក​របស់​លេង​ឲ្យ​កូន​ៗ​បាន​លេង​។ ប៉ុន្តែ​មុន​ពេល​ទិញ​របស់​លេង​អ្វី​មួយ​ឲ្យ​កូន​ ប៉ាម៉ាក់​ត្រូវ​​គិត​ជាមុន​សិន​ថា កូនមាន​របស់​លេង​ច្រើន​ហើយ​ឬ​នៅ​​? ប៉ាម៉ាក់​ត្រូវ​ដឹង​ថា ពេល​ក្មេង​ៗ​មាន​របស់​លេង​ច្រើន​ គឺ​មិន​មាន​ជួយ​អ្វី​ដល់​ការ​វិវិត្ត​​របស់​កូន​​​ឡើយ។

    ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាកប្បកិរិយា​របស់​ក្មេង បាន​អះ​អាង​ថា​​ ពេល​ក្មេង​មាន​របស់​លេង​ច្រើន​ពេក​នឹង​ធ្វើ​​ឲ្យ​រំខាន​ និង​ធ្វើ​ឲ្យ​ការ​ផ្ចង់​អារម្មណ៍​របស់​ក្មេង​​​ថយ​ចុះ។ ការ​សិក្សា​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្មេង​មាន​​ប្រដាប់​ប្រដា​ក្មេង​លេង​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​ការ​ផ្តោត​អារម្មណ៍ ការ​ច្នៃ​ប្រឌិត ជំនាញ​ក្នុង​ជីវិត ការ​ទំនាក់​ទំនង​សង្គម​ ភាព​ស្រមើលស្រមៃ សុខភាព​ផ្លូវ​ចិត្ត និង​ស្មារតី​ក្រុម​របស់​​ក្មេង។ ដូច​នេះ​ប៉ា​ម៉ាក់​​ត្រូវ​គិត​ឲ្យ​ច្បាស់​ថា តើ​ចាំ​បាច់​ត្រូវ​ទិញ​របស់​លេង​ឲ្យ​កូន​ថែម​ទៀត​ឬ​អត់? ហើយ​បើចាំ​បាច់​ត្រូវ​ទិញ តើ​ត្រូវ​ទិញ​ប៉ុន្មាន?

    ១- តើប្រដាប់លេងក្មេងលេងប៉ុន្មានទើបហៅថា “ច្រើនពេក”?

    នៅ​​សម័យ​​នេះ​ ក្មេងៗ​​មិន​​មែន​​មាន​​ប្រដាប់​លេង​មួយ​ ឬ​​ពីរ​ទេ គឺ​មាន​ប្រដាប់​លេង​យ៉ាង​ច្រើន ហើយ​ដោយ​សារ​ច្រើន​ពេក​ហ្នឹង​ហើយ ទើប​ក្លាយ​ជា​បញ្ហា។ ពេល​ខ្លះ​ប៉ាម៉ាក់​​​ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​បញ្ហា​កូនៗ​មាន​ប្រដាប់​លេង​ច្រើន​ពេក។ ពេល​យើង​​ទិញ​ប្រដាប់​លេង​ឲ្យ​កូន​ច្រើន​ពេក​ គឺ​មិន​បាន​​ជួយ​អ្វី​ដល់​គាត់​ឡើយ មាន​តែ​ធ្វើ​ឲ្យ​កូន​​កាន់​តែ​ទារ​ទិញ​ថែម​ទៀត។

    តាំង​ពី​ដើម​មក​ មិន​មានការណែ​នាំ​ឲ្យ​​ប៉ាម៉ាក់ ទិញ​ប្រដាប់​លេង​ឲ្យ​កូន​ច្រើន​ពេក​ឡើយ។ ដោយសារ​តែ​មាន​ការ​គិត​បែប​នេះ​ហើយ បាន​ជា​តាម​កន្លែង​មើល​ថែ​ក្មេង​ជា​ច្រើន នៅ​ជុំ​វិញ​ពិភព​លោក ចេញ​ច្បាប់​មិន​ឲ្យ​មាន​ប្រដាប់​លេង នៅ​តាម​កន្លែង​របស់​ពួក​គេ ចាប់​ពី​ឆ្នាំ ១៩៩២​ មក។ មាន​ការ​សិក្សា​មួយ​ នៅ University of Toledo​ ក្នុង​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា ពេល​ក្មេង​ៗ​​លេង​​ជា​មួយ​ប្រដាប់​ប្រដា​លេង​ច្រើន​ពេក ធ្វើ​ឲ្យ​គំនិត​ច្នៃ​ប្រឌិត​របស់​ក្មេង​​ថយ​ចុះ ហើយ​ផ្ទុយ​មក​វិញ​ បើ​ពួក​គេមាន​របស់​លេង​តិច ធ្វើ​ឲ្យ​ការ​លូត​លាស់​របស់​ក្មេង​​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។​

    តាម​ក្បួន​មេ​ដៃ​ យើង​​អាច​ឱ្យ​កូន​ជ្រើស​រើស​ប្រដាប់​ប្រដា​លេង​ពីរ​បី​ ដែល​យើង​​គិត​ថា​ជួយ​ដល់​ការ​អភិវឌ្ឍផ្សេងៗ​របស់​កូន​។  ប្រដាប់​​លេង​ទាំង​នោះ អាច​ជា​របស់​ដែល​លើក​ទឹក​ចិត្ត​ដល់​បង្កើ​ន​ទម្លាប់​ការ​អាន (ផ្គុំរូប) ជំនាញ​តន្រ្តី (ឧបករណ៍​ក្នុង​ថ្នាក់) បង្កើន​ការ​ស្រមើល​ស្រមៃ​ និង​ការ​ច្នៃ​ប្រឌិត​របស់​ពួក​គេ (សិល្បៈ) ជំនាញ​ដោះ​ស្រាយ​បញ្ហា (ផ្គុំ​អក្សរ) ជំរុញ​សកម្មភាព​រាង​កាយ ( សាងសង់អគារ) ។ ល។

    ២- ហេតុអ្វីបានជាប៉ាម៉ាក់ចេះតែចង់ទិញប្រដាប់លេង ឲ្យកូនៗរបស់គាត់?

    ក្មេងៗ​មិន​អាច​ទិញ​ប្រដាប់​លេង​ដោយ​ខ្លួន​ឯង​បាន​ទេ។ ដូច្នេះ​ប៉ា​ម៉ាក់​ ​គឺ​ជា​អ្នក​ទម្លាប់​ទិញ​របស់​លេង​តាម​តែ​ចិត្ដ​ដែល​កូនៗ​ចង់​បាន។ ខាង​ក្រោម​នេះ គឺ​ជា​មូលហេតុ​មួយ​ចំនួន ធ្វើ​ឲ្យ​ប៉ាម៉ាក់​ចេះ​តែ​ចង់​ទិញ​របស់​លេង​ឲ្យ​កូន​ៗ៖

  • ប៉ាម៉ាក់​ខ្លះ​ គិត​ថា​កូន​ខ្លួន​នឹង​មិន​ឆ្លាត ចាញ់​គេ បើ​​មិន​មា​នប្រដាប់​លេង​ចេញ​ថ្មី​ៗ​ទេ​នោះ។ ដោយ​សារ​ប៉ាម៉ាក់​​ចង់​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ឲ្យ​កូន​បែប​នេះ​ ទើប​បាន​ជា​​ទិញ​របស់​ថ្មី​ៗ​ឲ្យ​កូន​ជា​និច្ច។
  • មាន​​ប៉ាម៉ាក់​ខ្លះ​ទៀត ដោយ​សារ​តែ​ឃើញ​គេ​ផ្សាយ​ពាណិជ្ជកម្ម មើល​ទៅ​ទំនង ចេះ​តែ​ចង់​បាន​របស់​នោះ​មក​ឲ្យ​កូន​ខ្លួន​ឯង​មួយ​ដែរ។
  • ប៉ាម៉ាក់​ខ្លះ​រវល់​ខ្លាំង​ពេក ទើប​ទិញ​របស់​លេង​មក​លួង​កូន
  • ប៉ាម៉ាក់​ខ្លះ​ធ្វើ​តាម​ចិត្ដ​របស់​កូន​ កូន​ចង់​បាន​អ្វី​ទិញ​ហ្នឹង​​ឲ្យ ហើយ​កាន់​តែ​អាក្រក់​ទៀត​នោះ​គឺ យក​របស់​លេង​មក​ធ្វើ​ជារង្វាន់​លើក​ទឹក​ចិត្ដ ​ពេល​កូន​ធ្វើ​អ្វី​សម្រេច​បាន​មួយ។
  • មាន​ប៉ាម៉ាក​ខ្លះ​ទៀត ជា​មនុស្ស​សម្ភារៈ​និយម ទិញ​របស់​លេង​គ្រប់​បែប​យ៉ាង​ឲ្យ​កូន។
  • ៣​- ហេតុអ្វីបានជាយើងមិនគួរទិញរបស់លេងឲ្យក្មេងច្រើនពេក?

    ធ្វើ​ជា​ប៉ាម៉ាក់​គេ ត្រូវ​ដឹង​ថា ទិញ​របស់​លេង​ឲ្យ​កូន​ច្រើន​ពេក គឺ​មិន​ល្អ​សម្រាប់​កូន​ទេ។ ពេល​ក្មេង​មាន​របស់​លេង​ច្រើន​ពេក វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​របស់​កូន​ ហើយ​បើ​កូន​​មាន​របស់​លេង​តិច​តួច គឺ​ជួយ​កូន​​បាន​ច្រើន​ជាង។ ខាង​ក្រោម​នេះ​គឺ​ជា​មូលេហតុ​ ដែលយើង​មិន​ត្រូវ​ទិញ​របស់​លេង​ឲ្យ​កូន​ច្រើន​ពេក៖

    • របស់​លេង​ដូច​ជា​គ្រឿង​ញៀន​អ៊ីចឹង​ បើ​កូន​​លេង​វា​ច្រើន​ពេក មិន​ធ្វើ​ឲ្យ​កូន​​លូតលាស់​ល្អ​ឡើយ
    • បើ​យើង​​នៅ​តែ​ទិញ​របស់​គ្រប់​យ៉ាង តាម​តែ​ចិត្ដ​កូន​ចង់​បាន ថ្ងៃ​ក្រោយ​កូន​​នៅ​តែ​ដដែល គឺ​ទារ​របស់​គ្រប់​យ៉ាង
    • បើ​យើង​​នៅ​តែ​ទិញ​របស់​គ្រប់​យ៉ាង តាម​តែ​ចិត្ដ​កូន​ចង់​បាន នោះ​កូន​​មិន​ឲ្យ​តម្លៃ​លើ​របស់​លេង​មួយ​នោះ​ឡើយ។​ ក្មេង​ៗ​មិន​ឲ្យ​តម្លៃ​លើ​របស់​ដែល​បាន​មក​ដោយ​ងាយ​ៗ​បែប​នេះ​ទេ។
    • បើ​កូន​មាន​របស់​លេង​ច្រើន​រួច​ហើយ ចាំ​បាច់​ចំណាយ​លុយ​ទិញ​ថែម​ទៀត​ធ្វើ​អី ព្រោះ​កូន​​ក៏​មិន​សូវ​ឲ្យ​តម្លៃ​លើ​របស់​នោះ​ដែរ
  • បើ​កូន​​មា​នរបស់​លេង​ច្រើន​ពេក កូន​​ច្បាស់​ជា​ប្ដូរ​អារម្មណ៍​​ពី​មួយ​ទៅ​មួយ​ទៀត​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​របស់​អ្វី​មួយ​ឲ្យ​ល្អ​ឡើយ។ ការ​​មាន​ប្រដាប់​លេង​ច្រើន​ពេក ធ្វើ​ឲ្យ​ក្មេង​ងាយ​បាត់​ការ​ផ្ដោត​អារម្មណ៍​ពេល​​ធំ​ឡើង។
  • ក្មេង​មាន​របស់​លេង​តិច ញ៉ាំ​បាយ​បាន​ច្រើន​នៅ​ផ្ទះ។ បើ​ចង់​ឲ្យ​កូន​ញ៉ាំ​អាហារ​ ដោយ​យក​របស់​លេង មក​ធ្វើ​ជា​រង្វាន់​ នោះ​កូន​​កាន់​តែ​លែង​ចង់​ញ៉ាំ។
  • ទិញ​របស់​លេង​ឲ្យ​ក្មេង​ច្រើន​ពេក ធ្វើ​ឲ្យ​គំនិត​ច្នៃ​ប្រឌិត និង​ការ​ស្រមើរ​​ស្រម៉ៃ​របស់​កូន​​ធ្លាក់​ចុះ ដោយ​សារ​​មិន​សូវ​បាន​គិត រក​អ្វី​ថ្មី​មក​លេង​ដោយ​ខ្លួន​ឯង​បាន​ឡើយ។
  • ក្មេង​មាន​របស់​លេង​តិច​ មាន​ទំនាក់​ទំនង​ជាមួយ​សង្គម​ខាង​ក្រៅ​បាន​ល្អ​ពេល​ធំ​ឡើង ដោយ​សារ​តែ​ក្មេង​មាន​ពេល​ទំនេរ​ច្រើន ​អាច​សង្កេត​មើល​សង្គម​ខាង​ក្រៅ និង​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​​​បាន​ច្រើន​ជាង។
  • ក្មេង​មាន​របស់​លេង​តិច ចេះ​ថែ​រក្សា​របស់​កម្មសិទ្ធ​ខ្លួន​បាន​ល្អ​ជាងក្មេង​មាន​របស់​លេង​ច្រើន​​ ដោយ​សារ​តែ​​មិន​សូវ​មាន​របស់​លេងច្រើន ទើប​កូន​​ឲ្យ​តម្លៃ​របស់​លេង​​ខ្ពស់ និង​មិន​ចង់​បាត់​បង់​។
  • ក្មេង​មិន​សូវ​មាន​របស់​លេង ចូល​ចិត្ដ​អាន​អក្សរ​ សរសេរ​អក្សរ ចូល​ចិត្ដ​សិល្បៈ និង​សកម្មភាព​ផ្សេង​ៗ​ទៀត ដែល​សកម្មភាព​ទាំង​អស់​នេះ ជួយ​ឲ្យ​ក្មេង​​ចេះ​ឲ្យ​តម្លៃ​លើ​របស់​ជុំ​វិញ​ខ្លួន មាន​មនោសញ្ចេតនា ប្រាស្រ័យ​ទាក់​ទង ការ​សន្ទនា និង​មាន​ភាព​ជិត​ស្និទ្ធ​​ជាមួយ​អ្វី​មាន​ជុំ​វិញ​ខ្លួន។
    • ក្មេង​មាន​របស់​លេង​តិច ​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន​ពេល​​ចង់​ធ្វើអ្វី​មួយ។
    • បើ​យើង​​គិត​ថា មាន​របស់​លេង​ច្រើន ធ្វើ​ឲ្យ​កូន​ៗ​មិន​ឈ្លោះ​គ្នា នោះ​យើង​​គិត​ខុស​ហើយ។ កាល​ណា​មាន​របស់​លេង​កាន់​តែ​ច្រើន ក្មេង​ៗ​មាន​គំនិត​កាង​របស់​ខ្លួន អ្វី​ៗ​ជា​របស់​គេ មាន​គំនិត​អត្មានិយម និង​ចរិក​មិន​ល្អ​ ដែល​អាកប្បកិរិយា​ទាំង​នេះ គឺ​មិន​​ល្អ​សម្រាប់​ការ​ងារ​ជា​ក្រុម ជា​ពិសេស​ពេល​កូន​​ធំ។
    • ក្មេង​មាន​របស់​លេង​តិច រៀប​ចំ​បន្ទប់​បាន​ស្អាត​ជាង ហើយ​ការ​រស់​នៅ​មាន​សណ្ដាប់​ធ្នាប់​បែប​នេះ គឺជា​រឿង​សំខាន់​សម្រាប់​ក្មេង ពេល​​ធំ។
    • ក្មេង​មាន​របស់​លេង​តិច ចំណាយ​ពេល​លេង​ខាង​ក្រៅ​ផ្ទះ​ច្រើន និង​ធ្វើ​សកម្មភាព​​ដង​ខ្លួន​គាត់​ច្រើន ដែល​​នឹង​ជួយ​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ​របស់​ក្មេង​​ទៅ​ថ្ងៃ​ខាង​មុខ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Oct 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម