ធម្មតា ដើម្បីបង្កើតភាពស្និទ្ធស្នាល និងអនុស្សាវរីយក្នុងគ្រួសារ ម៉ាក់ប៉ាតែងនាំកូនៗចេញទៅដើរលេងក្រៅផ្ទះ ឬតាមខេត្តជាដើម ប៉ុន្តែដោយសារតែកូវីដ-១៩ ទើបយើងពិបាកទៅណាមកណា។ ប៉ុន្តែ ចំណងរវាងម៉ាក់ប៉ា និងកូនៗ អាចកាន់តែស្និទ្ធស្នាល រឹងមាំឡើងជាមួយនឹងវិធី ឬទម្លាប់សាមញ្ញៗ ដែលយើងអាចធ្វើវាឡើងជាប្រចាំថ្ងៃ។ ខាងក្រោមនេះ ជាវិធីសាស្ត្រសាមញ្ញៗ បង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន អាចធ្វើឡើងជារៀងរាល់ថ្ងៃបានដូចជា៖
១. ញ៉ាំអាហារជុំគ្នា
តាមការស្រាវជ្រាវមួយបានបង្ហាញពីទំនាក់ទំនងរវាងការញ៉ាំអាហារជាប្រចាំក្នុងគ្រួសារជាមួយកូនៗ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍វិជ្ជមានរបស់កូនដូចជា សុខភាព ទម្លាប់នៃការញ៉ាំអាហារ សុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍រឹងមាំ ចរិតឫកពាល្អ និងបង្កើនសមត្ថភាពសិក្សាផងដែរ។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
២. លេងជាមួយគ្នា
វិធីសាស្ត្រល្អបំផុតក្នុងការបង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូននោះគឺការចំណាយពេល ឬលេងជាមួយគ្នាឲ្យបានច្រើន។ រកល្បែងណាដែលយើងអាចអប់រំកូនបាន ប្រសិនបើយើងចង់បង្កើនភាពប្រកួតប្រជែងរបស់កូន និងជំរុញឲ្យកូនមានជំនាញសង្គមខ្លាំង ចរិតឫកពាសមរម្យ។
៣. ឱបកូនៗឲ្យច្រើន
ការឱបមិនត្រឹមតែជាតិចនិកអស្ចារ្យមួយក្នុងការបង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចកាត់បន្ថយឱកាសមិនឲ្យយើងឈឺបានទៀតផង។ នេះបើតាមការស្រាវជ្រាវរបស់គេហទំព័រ Scientific American។ ដូចនេះ ម៉ាក់ប៉ាគួរឱបកូនៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យកូនៗដឹងថា យើងស្រលាញ់ពួកគេប៉ុនណា។
៤. បង្ហាញពីក្ដីស្រលាញ់រាល់ថ្ងៃ
ការបង្ហាញក្ដីស្រលាញ់ចំពោះកូន មិនចាំបាច់ជាកាដូថ្លៃៗ ឬទាល់តែមានពិធីជប់លៀងធំដុំអីនោះទេ យើងគ្រាន់តែធ្វើរឿងតូចតាចសាមញ្ញៗ ដូចជា និយាយថាម៉ាក់ប៉ាស្រលាញ់កូន ស្ដាប់រាល់បញ្ហា ឬរឿងដែលកូននិយាយឲ្យស្ដាប់ដោយមិនវិនិច្ឆ័យខុសរឿង ផ្ដល់ចំណាប់អារម្មណ៍ដល់កូនជាដើម។ វិធីទាំងនេះច្បាស់ជាអាចបង្កើនភាពស្និទ្ធស្នាលម៉ាក់ប៉ា-កូន បានកាន់តែខ្លាំងឡើង និងធ្វើឲ្យកូនទទួលបានអារម្មណ៍កក់ក្ដៅពីម៉ាក់ប៉ា។
៥. ឲ្យកូនជួយកិច្ចការក្នុងផ្ទះ
តាមធម្មជាតិ ក្មេងៗចូលចិត្តជួយយកអាសាម៉ាក់ប៉ាណាស់ ហើយនៅពេលដែលយើងផ្ដល់ការងារឲ្យកូនធ្វើ ដូចយើងផ្ដល់ឱកាសឲ្យកូនបង្កើនទំនុកចិត្តលើខ្លួន និងធ្វើឲ្យកូនមានអារម្មណ៍ថាមានតម្លៃ។ ពេលកូនៗធ្វើការ កុំប្រាប់ពួកគេថា កូនធ្វើការងារបានល្អណាស់ ហើយអរគុណកូនៗក្រោយអាអូនជួយការងាររួចរាល់។
[embed-health-tool-vaccination-tool]