backup og meta

ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះ ដើម្បីឱ្យកូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 26, 2021

    ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះ ដើម្បីឱ្យកូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង

    កុមារដែលមានមានអារម្មណ៍ល្អចំពោះខ្លួនឯង​ ចូលចិត្ត​ខ្លួន​ឯង និង​ឱ្យតម្លៃលើអ្វី​ដែលពួកគេបាន​សម្រេច​។ ចំណែកកុមារដែលខ្វះអារម្មណ៍ល្អចំពោះខ្លួនឯង​តែង​តែ​មិន​សប្បាយ​ចិត្ត និងមិនពេញចិត្តនឹងខ្លួនពួកគេ ដែល​ជា​ហេតុធ្វើ​ឱ្យអូនតូចមានការអភិវឌ្ឍយឺត ឬអាច​បង្កទៅជាជំងឺបាក់ទឹកចិត្ត។ តើ​ប៉ាម៉ាក់ត្រូវធ្វើ​ដូម្តេច​ដើម្បីឱ្យកូនតូចបង្កើនមានអារម្មណ៍ល្អចំពោះខ្លួនឯង?

    ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចជួយអូនតូចបង្កើន​មានអារម្មណ៍ល្អចំពោះខ្លួនឯង៖

    ១. ប្រាប់អូនតូចកុំឱ្យខ្លាចបរាជ័យ៖ ប៉ាម៉ាក់អាចប្រាប់អូនតូចថា មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់បរាជ័យ តែអ្វីដែលសំខាន់ គឺត្រូវរៀនពីកំហុសខ្លួនឯង។

    ២. លើកទឹកចិត្តអូនតូចសាកល្បងអ្វីដែលថ្មី៖ ការចេះជំនាញថ្មីៗធ្វើឱ្យអូន​តូចមានអារម្មណ៍​ថាខ្លួន​ឯង​មានសមត្ថភាព និងមានទំនុកចិត្តថាពួកគេអាចដោះស្រាយគ្រប់បញ្ហា។

    ៣. លើកសរសើរការខិតខំរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវលើកសរសើរ និងមាន​មោទន​ភាពចំពោះ​ការខិត​ខំរបស់អូនតូចដោយមិនគិតពីលទ្ធផល។ ប៉ាម៉ាក់​​​ត្រូវឱ្យអូនតូចដឹងថា ថ្វីត្បិតការជោគជ័យសំខាន់ តែ​អ្វីដែលរឹតតែសំខាន់​គឺការប្រឹងប្រែងធ្វើអ្វីមួយឱ្យអស់ពីលទ្ធភាព។

    ៤. បង្ហាញការស្រឡាញ់ដល់អូនតូច៖ ម៉ាក់ប៉ាត្រូវឱ្យអូនតូចដឹងថា ម៉ាក់ប៉ា​តែងតែ​ស្រឡាញ់​អូនតូច​មិន​ថាមានរឿងអ្វីកើតឡើងក៏ដោយ និងគ្រប់កាលៈទេសៈ។ ការស្រឡាញ់របស់​ប៉ាម៉ាក់ធ្វើឱ្យ​អូនតូច​មានភាពកក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាព។

    ៥. តាំងស្នាដៃរបស់អូនតូចនៅក្នុងផ្ទះ៖ នៅពេលអូនតូចឃើញ​សមិទ្ធផលរបស់ពួកគេ​ត្រូវដាក់​តាំង​ក្នុងផ្ទះ ពួកគេនឹងមានមោទនភាពលើខ្លួន​ឯង។

    ៦. ឱ្យអូនតូចជួយធ្វើការងារផ្ទះ៖ ការជួយធ្វើការងារផ្ទះខ្លះអាចជួយឱ្យ​អា​អូន​​មានទំនួលខុសត្រូវ មាន​ទំនុកចិត្ត និងមានភាពអត់ធន់។

    ៧. ប៉ាម៉ាក់ត្រូវចំណាយពេលវេលាជាមួយអូនតូច៖ ការលេងជាមួយអូនតូច​មិនត្រឹមតែធ្វើឱ្យអូន​តូច​ដឹង​ថាប៉ាម៉ាក់ចូលចិត្តលេងជាមួយអូនតូចប៉ុណ្ណោះទេ អូនតូចថែមទាំងមាន​ទំនុកចិត្តលើខ្លួនឯង​ក្នុង​ការក្លាយខ្លួនជាបុគ្គលដែលមានការទាក់ទាញ និងធ្វើឱ្យអ្នកដទៃសប្បាយចិត្តទៀតផង។ វាក៏​ធ្វើឱ្យ​អូន​តូចរីករាយផងដែរ។ ការសិក្សាបានបង្ហាញថា ការរីករាយកាត់​បន្ថយហានិភ័យ​នៃការកើត​ជំងឺ​បាក់ទឹកចិត្ត និងថប់បារម្ភ។

    ៨. ផ្តោតលើភាពខ្លាំងរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអូនតូចចូលចិត្ត និងធ្វើ​បានល្អ និងជួយជំរុញចំណុចខ្លាំងរបស់អូនតូច។ ការផ្តោតលើចំណុចខ្លាំង​ជាជាងចំណុចខ្សោយ​ជួយ​ឱ្យអូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង។

    ៩. ឱ្យអូនតូចជ្រើសរើសអ្វីដែលខ្លួនចូលចិត្ត៖ ការឱ្យអូនតូចសម្រេចចិត្ត​ដោយខ្លួនឯងជួយឱ្យអូន​តូច​រៀន​សម្រេចចិត្ត និងមានទំនុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន។

    ការជួយអូនតូចក្នុងការបង្កើនការមានអារម្មណ៍ល្អចំពោះខ្លួនឯងគឺសំខាន់ណាស់ ព្រោះការមានអារម្មណ៍ល្អចំពោះខ្លួនឯង​ប៉ះពាល់ដល់​ការសម្រេចចិត្ត ទំនាក់ទំនង សុខភាពផ្លូវចិត្ត និងសុខុមាលភាពទូទៅរបស់អូនតូច។ កុមារដែល​ពោរ​ពេញ​ទៅអារម្មណ៍ល្អចំពោះខ្លួនឯង មានការគិតវិជ្ជមាន និងមានឆន្ទៈក្នុង​ការប្រឈមមុខ​នឹងបញ្ហា​នានា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម