backup og meta

កូន​ឈឺ​ទ្រូង​អាច​បណ្ដាល​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 07, 2021

    កូន​ឈឺ​ទ្រូង​អាច​បណ្ដាល​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​

    ក្មេង​ៗ​អាច​ត្អូញត្អែរ​ពី​អាការៈ​​ឈឺ​ទ្រូង​ ដោយ​សារ​តែ​មូលហេតុ​ផ្សេង​ៗ​ ហើយ​មូលហេតុ​ទូទៅ​នៃ​​អាការៈ​នេះ​ មិន​ពាក់ព័ន្ធ​នឹង​បេះដូង​ទេ​ ប៉ុន្តែ​អាចបណ្ដាល​មក​ពី​ជញ្ជាំង​ទ្រូង​ទៅ​វិញ​។ អាការៈ​ឈឺ​ទ្រូង​ចំពោះ​កុមារ​ ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​ដែល​ប៉ា​ម៉ាក់​តែងតែ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំងឺ​បេះដូង​កុមារ​។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ ភាគ​ច្រើន​អាច​​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។

    ការ​ឈឺ​ទ្រូង​​បណ្ដាល​មក​ពី​​អ្វី​?

    យោង​តាម​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​កុមារ​នៅ​ Cleveland Clinic បាន​ឲ្យ​ដឹង​ថា​ កុមារ​អាច​នឹង​កើត​មាន​អាការៈ​ឈឺ​ទ្រូង​ ដោយ​សារ​តែ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ឬ​សកម្ម​ភាព​ខ្លាំងក្លា​ជាង​ធម្មតា ហើយ​អាច​បណ្ដាល​មក​ពី​បញ្ហា​នៅ​ក្នុង​សួត ឆ្អឹង​ជំនីរ សាច់ដុំ​ជញ្ជាំង​ទ្រូង​ ឬ​សន្លាក់​រវាង​ឆ្អឹង​ជំនីរ និង​ឆ្អឹង​ដោះ។ ក្នុង​ករណី​ដែល​កុមារ​​មាន​ប្រវត្តិ​គ្រួសារ​កើត​​មាន​អាការៈ​ឈឺ​ទ្រូង​នេះ កូន​ក៏​ងាយ​នឹង​កើត​ជំងឺ​នេះ​ដែរ​។

    ចំណែក​ឯ​ការ​ឈឺ​ទ្រូង​​ដែល​បណ្ដាល​មក​ពី​​​សាច់ដុំ​ និង​ឆ្អឹងដែល​កើត​​លើ​កុមារ​ជា​ច្រើន​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​ទាំង​នេះ​៖

    • ការ​កន្ត្រាក់​ ឬ​រមួល​សាច់ដុំ​ និង​សរសៃ​ប្រសាទ​ជញ្ជាំង​ទ្រូង​
    • ផ្ដាសាយ​ ឬ​ក្អក​
    • ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ការ​រលាក​នៃ​ឆ្អឹង​​ខ្ចី ​ដែល​ភ្ជាប់​​ឆ្អឹង​ទ្រូង​

    ក្រៅ​ពី​ការ​ឈឺ​ទ្រូង​​ដែល​បណ្ដាល​មក​ពី​សាច់ដុំ​ និង​ឆ្អឹង ​មូលហេតុ​ទូទៅ​ផ្សេង​ទៀត រួម​មាន​៖៖

    • ជំងឺ​រលាក​សួត
    • ជំងឺ​ហឺត​
    • ជំងឺ​ច្រាល​អាស៊ីដ​ក្រពះ
    • ពេល​ខ្លះ កុមារ​អាច​មាន​ប្រតិកម្ម​ចំពោះ​ភាព​តានតឹង និង​ការ​ថប់បារម្ភ​ ទៅ​ជា​ការ​ឈឺ​ទ្រូង​
    • ការ​រលាក​ជញ្ជាំង​ទ្រូង​
    • ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​
    • ជំងឺ​បេះដូង​​​​​​​

    ឈឺទ្រូង២

    ​រោគសញ្ញា​នៃ​បញ្ហា​បេះដូង​កើត​លើ​កុមារ​

    ការ​ឈឺ​ទ្រូង ដែល​ទាក់ទង​នឹង​បេះដូង​កម្រ​នឹង​កើត​មាន​លើ​កុមារ​ណាស់​។ ប៉ុន្តែ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​រោគសញ្ញា​ទាំង​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូពេទ្យ​បេះដូង​កុមារ​។

    • ការ​ឈឺ​ទ្រូង​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​ហាត់​ប្រាណ​
    • ឈឺចាប់​​ និង​មាន​សម្ពាធ​ក្នុង​ទ្រូង ដែល​មិន​ងាយ​បាត់​ទៅ​វិញ​
    • សកម្មភាព​រាងកាយ​ថយ​ចុះ​​ក្នុង​រយៈពេល​ជា​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ថ្ងៃ​
    • ការ​ឈឺ​ទ្រូង​ដែល​អាច​ឲ្យ​ក្មេង​សន្លប់​ ឬ​ជិត​សន្លប់​
    • ការ​ឈឺ​ទ្រូង​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​បេះដូង​ពី​កំណើត

    ពេល​ណា​ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​?

    ការ​ឈឺ​ទ្រូង​ចំពោះ​កុមារ​ភាគ​ច្រើន​មាន​លក្ខណៈ​ស្រាល​។ ប៉ុន្តែ បើ​កូន​ឈឺ​ទ្រូង​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​គ្រុន​ក្ដៅ ពិបាក​ដកដង្ហើម​ ឈឺ​ចាប់​នៅ​ពេល​ដែល​ដកដង្ហើម​វែង​ៗ​ ឬ​ចង្វាក់​បេះដូង​លោត​ញាប់​ជាង​២០០ ចូរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​បេះដូង​កុមារ ក៏​ដូចជា​ធ្វើ​តេស្ត​ដើម្បី​កំណត់​​ពី​បញ្ហា​​សុខភាព​ឲ្យ​បាន​ច្បាស់លាស់​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម