សម្រាប់ម៉ាក់ៗដែលឲ្យកូនបៅម្សៅទឹកដោះគោ ពិតជាសម្រិតសម្រាំងប្រភេទទឹកឆុងជាមួយទឹកដោះគោឲ្យកូនបៅ ព្រោះដើម្បីឲ្យកូនមានសុខភាពល្អ។ លោកឱសថការី គីម កាណែល បានឲ្យដឹងថាបើយើងពិតជាគិតគូរដល់សុខភាពកូនតូចមែន គួរតែចៀសវាងនូវទឹកទាំងប៉ុន្មានខាងក្រោមនេះ ព្រោះវានាំឲ្យប៉ះពាល់ដល់សុខភាពកូន។
១- ទឹកមានជាតិរ៉ែខ្ពស់
ការប្រើទឹកមានជាតិរ៉ែឆុងម្សៅទឹកដោះគោឲ្យកូនបៅ អាចផ្លាស់ប្ដូររូបមន្តទឹកដោះគោ និងបំបែកតុល្យភាពជាតិរ៉ែដែលមានស្រាប់ក្នុងម្សៅទឹកដោះគោទៀតផង ដែលជាហេតុនាំឲ្យទារកមិនអាចទទួលបានអាហារូបត្ថម្ភត្រឹមត្រូវពីម្សៅទឹកដោះគោ។ ទឹកដែលមានជាតិរ៉ែកាន់តែខ្ពស់ កូននឹងជួបបញ្ហាទល់លាមក រហូតអាចមានជំងឺរលាកពោះវៀនធំថែមទៀត។
២- ទឹកដាំពុះច្រើនដង
សម្រាប់ទឹកដាំច្រើនដងនេះវិញ ក៏មិនគួរយកមកឆុងម្សៅទឹកដោះគោឲ្យកូនបៅដែរ ព្រោះវាមាន ផ្ទុកសារធាតុដែលអាចធ្វើឲ្យកូនប្រឈមមុខនឹងគ្រោះថ្នាក់បានគ្រប់ពេលប្រសិនជាយើងមិនប្រយ័ត្ន។
៣- ទឹកទុកចោលយូរ មានដី ឬកម្ទេចកំទីហុយចូល
ទឹកប្រភេទនេះ បើទោះជាដាំពុះក៏ពិតមែន តែបើមិនមានការគ្របឲ្យបានជិត នាំឲ្យមានមេរោគធ្លាក់ ឬប៉ើងចូល ដែលជាហេតុនាំឲ្យកូនរាករូស ក្អួត និងធ្លាក់ខ្លួនឈឺជាដើម។ ដូចនេះម៉ាក់ៗត្រូវតែចៀសវាង ទើបកូនអាចមានសុខភាពល្អបាន។
៤- ទឹកឆ្លងកាត់ម៉ាស៊ីនច្រោះទឹក
ទឹកដែលឆ្លងកាត់ម៉ាស៊ីនច្រោះ យើងក៏មិនគួរប្រើមកឆុងម្សៅទឹកដោះគោឲ្យកូនដែរ ព្រោះម៉ាស៊ីនច្រោះនោះបើផ្លាស់ប្ដូរមិនទាន់ពេលវេលា វាអាចផ្ទុកមេរោគជាច្រើនក្នុងនោះ។ ដូចនេះ អ្នកគួរតែប្រើទឹកដែលដាំពុះធម្មតាមកឆុងម្សៅទឹកដោះគោឲ្យកូនបៅបាន ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន។
៥- ទឹកសុទ្ធគ្មានប្រភព ឬម៉ាកត្រឹមត្រូវ
បច្ចុប្បន្នមានការលក់ទឹកបរិសុទ្ធជាច្រើនដែលគ្មានម៉ាកសញ្ញា និងក្រុមហ៊ុនផលិត ហើយក៏គ្មានកាទទួលស្គាល់ត្រឹមត្រូវពីក្រសួង ដោយខ្លះលួចយកទឹកពីក្បាលរ៉ូប៊ីណេ ច្រកដាក់ដបយកមកលក់ ដោយមិនមានម៉ាស៊ីនចម្រោះ និងសម្លាប់មេរោគ ដែលទឹកប្រភេទនេះនាំឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពកូន។
[embed-health-tool-vaccination-tool]