បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ

    បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ

    យើង​​ដឹង​​ហើយ​​ថា ទឹក​ដោះ​​ម្តាយ​​ល្អ​​ឥត​​ខ្ចោះ​​ចំពោះ​​ទារក តែ​​ម៉ាក់ៗ​​​សម័យ​នេះ​​ត្រូវ​​បំពេញការងារ​​ឆ្ងាយ​​ពី​​ផ្ទះ ទើប​​សម្រេច​​ចិត្ត​​ឲ្យ​​ម៉ឹម​ម្សៅ​​ទឹកដោះ​​គោ​​ជំនួស​​វិញ។ ការ​ដែល​​ឲ្យ​បៅ​ទឹកដោះគោ ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេង តែ​បើ​ម៉ាក់ៗ​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ កូន​មិនសូវ​ឈឺ​ថ្កាត់​ឡើយ។

    ១. ទឹកឆុង

    ក្បូន​ពេទ្យ ទឹក​ដែល​ល្អ​សម្រាប់​ឆុង​ម្សៅ​ទឹក​ដោះ​សម្រាប់​ក្មេង គឺ​ទឹក​ឆ្អិន ទឹក​គ្មាន​មេរោគ នេះ​ជា​លើក​ឡើង​លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី បាន​បញ្ជាក់​ថា ។ ហេតុ​អី​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ សម្រាប់​ឆុង​ទឹក​ដោះ​គោ​ឲ្យ​កូន? លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ​រូប​នេះ​បាន​បញ្ជាក់​ថា ទឹក​ប្រភព​ណា​ក៏​ដោយ ត្រូវ​តែ​ដាំ​ឲ្យ​ពុះ ព្រោះ​អី​កម្តៅ​មក​ពី​ទឹក​ពុះ​អាច​សម្លាប់​មេរោគ​បាន​ទាំង​អស់។ ចំណុច​ពិសេស​មួយ​ទៀត​នោះ បើ​សិន​ជា​ម៉ាក់ប៉ា​ឆុង​ម្សៅ​ទឹកដោះ​គោ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ កូន​តូច​ក៏​អាច​ចៀស​ពី​បញ្ហា​ទល់​លាមក​ទៀត។

    ២. ការរក្សាអនាម័យ

    អនាម័យ​ជា​រឿង​សំខាន់ ដោយសារ​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្សោយ បើ​យើង​ប្រហែស​តែ​បន្តិច​រឿង​អនាម័យ កូន​ច្បាស់​ជា​ឈឺ​ហើយ។ ទាំង​កន្លែង​ឆុង​ទឹក​ដោះ​គោ ទាំង​ដប​ទឹប​ដោះ​គោ ត្រូវ​តែ​ស្អាត មាន​អនាម័យ ត្រូវ​ប្រើ​ដប​ស្អាត ស្រុះ​នឹង​ទឹក​ក្តៅ​យក​មក​ឆុង​ទឹកដោះ​គោ​ឲ្យ​កូន ហាម​ដាច់​ខាត​មិន​ត្រូវ​ប្រើ​ដប​ដដែលៗ​ឆុង​ទឹកដោះ​គោ​នោះ​ទេ។

    ៣. ការប្រើដបឆុង

    ដប​ឆុង​ទឹកដោះ​គោ​មាន​ធំ​មាន​តូច ហើយ​មាន​កាល​បរិច្ឆេទ​ប្រើប្រាស់​របស់​វា បើ​កូន​ធំ យើង​ត្រូវ​ប្រើ​ដប​ឆុង​ធំ​ដែរ បើ​មិន​អ៊ីចឹង​ទេ ពេល​ឆុង​រួច​ទឹកដោះ​គោ​រលាយ​មិន​សព្វ​នោះ​ទេ។ ចំពោះ​ការ​ប្រើ​ដ​បវិញ ម៉ាក់ៗ​ត្រូវ​មើល​កាល​បរិច្ឆេទ ដប​ខ្លះ​ប្រើ​បាន​៣ខែ ឯ​ខ្លះ​ទៀត​បាន៦ខែ បើ​ផុត​កំណត់​ហើយ ត្រូវ​ដូរ​ចេញ។

    ៤. ក្បួនឆុងទឹកដោះត្រឹមត្រូវ

    – សម្អាត​បរិវេណ​ឆុង​ទឹកដោះ​គោ​កូន​ឲ្យ​ស្អាត
    – ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មុន​នឹង​ឆុង​ទឹកដោះ​ឲ្យ​កូន
    – យក​ទឹ​កដាំ​ពុះ ឬ​ទុ​ក​ឲ្យ​ត្រជាក់​ឧណ្ហៗ​ចាក់​ចូល​កំប៉ុង​ឆុង​ទឹក​ដោះ​គោ
    – ដួស​ម្សៅ​ទឹក​ដោះ​ដាក់​ក្នុង​កំប៉ុង​ទៅ​តាម​បរិមាណ​ទឹក
    – លុញ ឬ​ក្រឡុក​ទឹក​ដោះ​គោ និង​ទឹក​តិចៗ​ឲ្យ​សព្វ
    – យក​ទឹក​ដោះ​គោ​ទៅ​ត្រាំ​ទឹក​ត្រជាក់ បើ​ក្តៅ​ខ្លាំង​ពេក
    – ត្រាំ​រួច ដក​មក​ជូត​ឲ្យ​ស្ងួត​ទឹក មុន​នឹង​ឲ្យ​កូន​ម៉ឹម
    – ចាក់​ទឹក​ដោះ​លើ​ដៃ តើ​ត្រជាក់​ល្មម​ឲ្យ​បៅ ឬ​នៅ?

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត