backup og meta

ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2020

    ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

    ពេល​វេលា​រំភើប​សម្រាប់​ម៉ាក់​ប៉ា​ថ្មី​ថ្មោង គឺ​បាន​ឃើញ​មុខ​កូន​ប្រុស​ស្រី​ជា​ទី​ស្រលាញ់​លើក​ដំបូង។ ទន្ទឹម​នឹង​អារម្មណ៍​រំភើប​រីក​រាយ យើង​ក៏​ត្រូវ​ដឹង​រឿង​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ ពេល​កូន​កើត​មក​ភ្លាមៗ​ដែរ នោះ​ទើប​ការ​ចិញ្ចឹម​កូន​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត កូន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​សុខភាព​ល្អ រាងកាយ​មាំមួន។

    ១. ត្រូវ​ឲ្យ​កូ​នបៅ​ទឹកដោះ​ដំបូង

    ពេល​កូន​កើត​មក​ភ្លាមៗ ម៉ាក់​ត្រូវ​​តែ​ឲ្យ​កូនបៅ​ដោះ​ភ្លែត កុំច្របាច់​ទឹក​ដោះ​ចោលឲ្យសោះ ទើប​កូន​អាច​ទទួល​បាន​ទឹក​ដោះ​ដំបូង។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​ថា ទឹកដោះ​ដំបូង​មាន​ចំនួន​តិច​ ចេញ​ក្នុង​អំឡុង ២-៣ ថ្ងៃ ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន​រួច។ ទឹកដោះ​ដំបូង​​ប្រៀប​បាន​នឹង​ឱសថ​ទិព្វ ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក សម្បូរ​សារធាតុ​ចិញ្ចឹម ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ សម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីករ​កុមារ​រឹងមាំ។

    ២. ត្រូវ​បំបៅ​កូន ៨-១២ ដង/ថ្ងៃ

    លោកស្រី​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួងសុខាភិបាលបាន​ឲ្យ​ដឹង​ថា ការ​ឲ្យ​ទារក​បៅ​មិន​គួរ​កំណត់​ម៉ោង​ឡើយ ព្រោះ​ទារក​ទើប​នឹង​កើត​ យំ​ឃ្លាន​គ្រប់​ពេល ពេល​ណា​យំ​គឺ​អាច​ឲ្យ​បៅ​បាន ចំណែក​ទារក​ខ្លះ​ស្លូត​មិន​យំ​ទារ​បៅ​ អាច​ឲ្យ ២-៣ ម៉ោង​ម្ដង។ អំឡុង​សប្ដាហ៍​ដំបូង​ ទារក​បៅ​តិច ​តែ​ញឹក​ញាប់ យើង​ត្រូវ​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៨-១២ដង/ថ្ងៃ មាន​ន័យ​ថា​កូន​អាច​បៅ​ពី ១ ម៉ោង​កន្លះ ទៅ ២ ម៉ោង​ម្ដង

    ៣. ត្រូវ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​ការ​កំណត់

    វ៉ាក់សាំង​ពិត​ជា​សំខាន់​ណាស់ អាច​ការពារ​កូន​យើង​ពី​ជំងឺ​កាច​​សាហាវ​ផ្សេងៗ ពេល​កើត​មក​​ភ្លាមៗ​ទារក​នឹង​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺរ​បេង និង​រលាក​ថ្លើម​ប្រភេទ B ដែល​ជា​គោលការណ៍​របស់​កម្មវិធី​ជាតិ​ចាក់​ថ្នាំ​បង្ការ នៃ​ក្រសួងសុខាភិបាល។ បន្ថែម​ពី​លើ​វ៉ាក់សាំង​ទាំង​២មុខ​នោះ ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ទៅ​តាម​អាយុ​ដែល​ត្រូវ​ចាក់ ឬ​ក៏​ឲ្យ​បាន​​គ្រប់​ចំនួន​កំណត់​ដែល​មាន​ក្នុង​សៀវភៅ​លឿង​ នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព។

    ៤. ត្រូវឲ្យកូនម៉ឹមតែទឹកដោះមួយមុខរហូតដល់អាយុ៦ខែ

    អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បាន​ពន្យល់​ថា តាម​ការសិក្សា​ជ្រាវ​ជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​ទឹក​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើត រហូត​ដល់​​អាយុ បាន ៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ។ ទោះជាក្នុងលក្ខខណ្ឌ​ណា​ក៏​ដោយ ឬក៏​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្តី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម